ដោយ៖ វួច ពឿន វិទ្យុជាតិខេត្តប៉ៃលិន
នាព្រឹកអង្គារ ១៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ និងឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីភាពក្នុងពិធីទស្សនកិច្ចសិក្សា ស្តីពីការងារ កសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ នៅទីបញ្ជាការវរសេនាតូចលេខ១ ចំណុះ អោយតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន ដែលស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
មានប្រសាសន៍ស្វាគមន៍, លោកវរសេនីយ៍ទោ ហោ ប៊ុនហៀង មេបញ្ជាវរសេនាតូចលេខ១ បានអោយដឹងថា៖ បើទោះបី សភាពការណ៍នៅតាមជួរបន្ទាត់ព្រំដែន ខ្មែរ-ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន មានសភាពស្ងប់ស្ងាត់ធម្មតាយ៉ាងណាក៍ដោយ ក៏បញ្ជាការវរសេនាតូចលេខ១ និងអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្ត និងអង្គភាពចំណុះ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ បំពេញភារកិច្ចទទួលខុសត្រូវដោយចិត្តមុះមុត ក្លាហាន រឹងមាំ និងមានសាមគ្គីភាពល្អ ដោយឈរលើគោលជំហររបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងប្រជាជនគ្រប់ពេលវេលា ជាពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ ប្រកបដោយឆន្ទះ គោលជំហរទទួលខុសត្រូវ ខ្ពស់។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ទោះក្នុងកាលៈទេសៈណាក៍ដោយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺតែងតែគិតគូពីសុខទុក្ខរបស់កងទ័ព និងគ្រួសារទ័ព នៅគ្រប់កងឯកភាព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី។ ឯកឧត្តមបានប្រសាសន៍បន្តថា៖ ក្នុងនាមឯកឧត្តមជាគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត, ឯកឧត្តមនឹងជំរុញដល់បណ្តាអង្គភាពសម្ព័ន្ធមេត្រីភាពទាំងអស់ក្នុងខេត្ត ត្រូវបន្តជួយឧបត្ថម្ភគាំទ្រ និងចុះសួរសុខទុក្ខ ដល់កងយោធពលខេមរភូមិន្ទទាំងអស់ ដែលកំពុងបំពេញភារកិច្ចការពារជាតិ និងប្រជាជន ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ រួមទាំងប្រទេសជាតិទាំងមូល ក៍ដូចជាផ្សារភ្ជាប់មនោសញ្ចេនារវាងសមរភូមិមុខ និងសមរភូមិក្រោយអោយបានកាន់តែជិតសិ្នទ្ធថែមទៀត។
ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ បានមានប្រសាសន៍កោតសរសើរ ដល់អង្គភាពវរសេនាតូចលេខ១ ដែលមានការវិវឌ្ឍឈានឡើងច្រើន បើប្រៀបធៀបទៅនឹងរយ:ពេលមុន។ នេះបញ្ជាក់ពីប្រសិទ្ធភាពនៃការដឹកនាំរបស់ថ្នាក់ដឹកនាំអង្គភាពគ្រប់ជាន់ថ្នាក់ ,ការសាមគ្គីឯកភាពផ្ទៃក្នុងល្អ និងដោយអាស្រ័យមានការចូលរួមដ៏សស្រាក់សស្រាំពីនាយ-ពលទាហានគ្រប់ៗរូប និងការយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំខេត្ត សប្បុរសជន និងបណ្តាសម្ព័ន្ធមេត្រីភាព។ ឯកឧត្តម ក៍បានក្រើនរំលឹកដល់គ្រប់អង្គភាពទាំងអស់ ត្រូវអនុវត្តន៍អោយបានរឹងមាំនូវភារកិច្ចនៃកងយោធពលខេមរភូមិន្ទ គឺការពារជាតិបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសន្តិភាព ស្ថិរភាពសង្គមជាតិអោយបានដាច់ខាត ទោះក្នុងតម្លៃណាក៍ដោយ។ ឯកឧត្តមបានសង្កត់ធ្ងន់ផងដែរថា៖ យើងជាកងទ័ពជួរមុខត្រូវមានគោលជំហរច្បាស់លាស់ និងរាំមាំក្នុងការការពារបូរណភាពទឹកដី ជាពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ ហើយគ្រប់អង្គភាពត្រូវប្រចាំការជាប្រចាំ និងស្មារតីទទួលខុសត្រូវខ្ពស់។ ឯកឧត្តមបានដាស់តឿនដល់នាយទាហាន និងពលទាហានទាំងអស់, ដោយបានលើកយកនូវអភិក្រម ៥ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលគឺ ឆ្លុះកញ្ជក់ ងូតទឹក ដុសក្អែល ព្យាបាល ហើយវៈកាត់ ចេញតែម្តង។ ឯកឧត្តមក៏បានមានប្រសាសន៍ផ្តាំផ្ញើ ដល់បណ្តាអង្គភាពទាំងអស់ ជាពិសេសអង្គភាពវរសេនាតូចលេខ១ ចំណុះអោយតំបន់ ប្រតិបត្តិការសឹករងខេត្តប៉ៃលិន ត្រូវបន្តអនុវត្តន៍ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ដូចដែលមានចែងនៅក្នុងផែនការកសាង ពង្រឹងអង្គភាពរឹងមាំ របស់យោធភូមិភាគទី៥ ដោយស្មារតីទទួលខុសត្រូវខ្ពស់៕ ពិនិត្យ កែសម្រួល៖ វួច ពឿន