រសៀលថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញប្រារព្ធពិធីក្រុងពលីសាងសង់ អាគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជានៅសង្កាត់ បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
បន្ទាប់ពីធ្វើពិធីក្រុងពាលី តាមប្រពៃណីទំនៀមទម្លាប់ខ្មែរ សុំម្ចាស់ទឹកម្ចាស់ដី រួចមក ឯកឧត្តម ផាន់ ចាន់ធុល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ អាគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់បរយ៉ាខានេះគឺជាសមិទ្ធផលថ្មីមួយទៀតដើម្បីបម្រើការងារនៅមូលដ្ឋានក្នុងសង្កាត់បរយ៉ាខាអោយកាន់តែងាយស្រួល និង ការរៀបចំកម្មវិធី ផ្សេងៗរបស់គណបក្សប្រកបដោយប្រសិទ្ធភាពថែមទៀត។ ឯកឧត្តមបន្តថាៈ គោលនយោបាយការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺធ្វើអ្វីៗដើម្បីប្រទេសជាតិនិងដើម្បីប្រជាជន ដែលកន្លងមកគណបក្សប្រជាជនកម្ពុជាត្រូវបានប្រជាជនបានបោះឆ្នោតគាំទ្រគ្រប់ពេលវេលា ដើម្បីអោយគណបក្សដឹកនាំប្រទេសជាតិកសាងនិងអភិវឌ្ឍន៍រីកចំរើនលើគ្រប់ វិស័យ។ជាក់ស្តែង កន្លងមកលទ្ធផលបោះឆ្នោតគ្រប់អណត្តិក្នុងខេត្តប៉ៃលិនយើងទាំងមូលជាពិសេសសង្កាត់បរយ៉ាខាដែលមានសម្លេងឆ្នោតគាំទ្រលើគណបក្សប្រជាជនកម្ពុជាពីបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់បរយ៉ាខាច្រើនជាងគេគួរជាទីមោទនៈ ដែលនេះជាសមិទ្ធផលក្រោមកិច្ចខិតខំប្រឹងប្រែងដើម្បីគណបក្សប្រជាជនកម្ពុជា ក្រោមនយោបាយឈ្នះៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដឹកនាំនិងនាំមកនូវសុខសន្តិភាពពេញបរិបូណ៌ផងដែរ។
សូមបញ្ជាក់ផងដែរថា៖ អាគារទីស្នាក់ការគណបក្សសង្កាត់បរយ៉ាខាដែលនឹងត្រូវសាងសង់នេះមានទទឹង៨ម៉ែត្រ បណ្តោយ១២ម៉ែត្រ គ្រោងចំណាយថវិកាប្រមាណជាង ១០០លានរៀល ដែលជាថវិការួមរបស់ក្រុមការងាររបស់គណបក្សសង្កាត់បរយ៉ាខា។