ក្រុមការងារបក្សចុះជួយសង្កាត់ទួលល្វា ចុះសួរសុខទុក្ខលោក លឹម វាសនា ដែលទទួលរងគ្រោះថ្នាក់ចរាចរណ៍សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង


ដោយ៖ វួច​ ពឿន វិទ្យុជាតិខេត្តប៉ៃលិន

រសៀលថ្ងៃច័ន្ទ ១៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ទួលល្វា ដឹកនាំដោយ ឯកឧត្តម ធូ ភា ប្រធានក្រុមការងារ រួមដំណើរដោយលោក យូ ពៅ ប្រធានមន្ទីរព័ត៌មានខេត្ត និងជាអនុប្រធានក្រុមការងារ លោក លីម វាសនា ប្រធានពន្ធនាគារខេត្ត និងជាអនុ​ប្រធាន​ក្រុមការងារ ព្រមទាំងអនុប្រធានមន្ទីរសមាជិកក្រុមការងារចុះជួយសង្កាត់ទួលល្វា​មួយ​ចំនួន​ទៀត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន១លានរៀល ទៅជួយឧបត្ថម្ភដល់​លោក លឹម វាសនា ប្រធានមន្ទីរទេសចរខេត្ត និងជាអនុប្រធានក្រុមការងារ​ចុះជួយសង្កាត់​ទួល្វា  ដែលទទួលរងគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ​យោធភូមិ​ភាគ​ទី៥ ខេត្តបាត់ដំបង។

ឯកឧត្តម ធូ ភា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា​ចុះជួយសង្កាត់ទួល​ល្វា​បានមានប្រសាសន៍លើកទឹកចិត្តអោយលោក លឹម វាសនា ស្ងប់ចិត្ត គិតគូពីសុខភាព​អោយ​បានច្រើន ដើម្បីឆាប់ជាសះស្បើយពីរជំងឺ ត្រឡប់ទៅបំពេញការងារភារកិច្ចរបស់ខ្លួនវិញ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ គ្រោះថ្នាក់អាចនឹងកើតឡើងគ្រប់ពេលវេលា មិនមាននណាម្នាក់ដឹងមុននោះឡើយ ហើយករណីគ្រោះថ្នាក់ចរាចរណ៍លើរូបលោក លឹម វាសនា នេះ គឺជាករណីមួយក្នុងចំណោមករណីជាច្រើន ដែលធ្លាប់កើតឡើងចំពោះមនុស្ស។ ដូច្នេះអ្វីដែលត្រូវធ្វើបន្តនេះគឺសម្រាកព្យាបាល តាមវេជ្ជបញ្ជារបស់លោកវិជ្ជបណ្ឌិត និងមិន​ត្រូវ​មានការសោកស្តាយ ឬអាក់អន់ស្រពន់ចិត្តអ្វីឡើយ។ ឯកឧត្តមបានមានប្រសាសន៍​បន្ត​ទៀតថា៖ ថវិកាចំនួនមួយលានរៀល សំរាប់ឧបត្ថម្ភដល់​លោក លឹម វាសនា នាពេលនេះ គឺបានមក​ពីការចូលរួមបរិច្ចាករបស់ក្រុមការងារចុះ​ជួយ​សង្កាត់​ទួលល្វាទាំងអស់ ដើម្បី​ជួយ​រួមចំណែកដោះស្រាយរាល់​ការចំណាយរបស់ក្រុម​គ្រួសារ​លោក ​ដែលនេះ​ជាវប្បធម៌​ចែក​​រំលែក​របស់គណបក្សប្រជាជន​កម្ពុជាតាំងពីដើមរៀងមក៕ ដោយ៖ វួច ពឿន