ដោយ៖ វួច ពឿន វិទ្យុជាតិខេត្តប៉ៃលិន
នាព្រឹកថ្ងៃអង្គារ ១៥រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅសាលាខេត្តប៉ៃលិន មានកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ១១ សរណន ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការចាត់វិធានការថែរក្សាទឹកទុក ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម រ៉ុន តូ អនុរដ្ឋលេខាធិកាក្រសួងធនធានទឹកនិងឧតុនិយម និង ឯកឧត្តម ផាន់ចាន់ធុល អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អស់លោក-លោកស្រី អភិបាលក្រុង/ ស្រុក លោកប្រធាន អនុប្រធានមន្ទីរមន្រ្តីរាជការ លោកមេឃុំ/ចៅសង្កាត់ និងលោកមេភូមិទាំងអស់ក្នុងខេត្តប៉ៃលិន ចូលរួមផងដែរ។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ក្នុងរយៈពេល ២០ ឆ្នាំមកនេះ ចាប់តាំងពីទទួលបាននូវសន្តិភាព ឯកភាពជាតិពេញលេញរួចមក, ខេត្តប៉ៃលិន សម្រេចបាននូវសមិទ្ធិផលផ្នែក ធនធានទឹក និងឧត្តុនិយមជាច្រើនដូចជា៖ សាងសង់ស្ថានីយ៍ឧតុនិយមស្វ័យប្រវត្តិចំនួន ២កន្លែង, តម្រងទឹកភ្លៀង ៥កន្លែង និងសាងសង់ប្រព័ន្ធធារាសាស្ដ្របានចំនួន ២កន្លែង រួមមាន៖ ជីកប្រឡាយមេ ចំនួន ៣ខ្សែ ប្រវែង ២០.៤៧០ម , ប្រឡាយរងស្រោចស្រពចំនួន ២៤ខ្សែ ប្រវែង ៣៦.៣៨៥ម , ទំនប់ដី ២ខ្សែ ប្រវែង ១.៤៣៦ម , សំណង់បង្ហៀទឹក ១កន្លែង , សំណង់ទ្វារទឹក ខ្នាតមធ្យម ៣កន្លែង និងសំណង់សិល្បការតូច ធំ សរុប ១១៦កន្លែង។ ប្រព័ន្ធធារាសាស្ដ្រទាំងពីរកន្លែងនេះ មានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សា ចំនួន៤.៤៥០ហ.ត , ស្រូវប្រាំង ចំនួន ៨៣០ហ.ត , ដំណាំរួមផ្សំ ចំនួន ៥៥០ហ.ត និងផ្តល់នូវទឹកប្រើប្រាស់ដល់បងប្អូន ប្រជាពលរដ្ឋក្នុងឃុំស្ទឹងត្រង់ និងឃុំសាលាក្រៅ ជាប្រចាំផងដែរ។ ឯកឧត្តម ផាន់ចាន់ធុល ក៏បានផ្តាំផ្ញើរដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវមានចំណាត់ការច្បាស់លាស់ក្នុងការរក្សាទឹកទុក ក៏ដូចជាទប់ស្កាត់ទឹកស្ទឹង ទឹកអូរធម្មជាតិ សម្រាប់បងប្អូនប្រជាពលរដ្ឋយើងប្រើប្រាស់ នៅពេលជួបនូវវិប័ត្តខ្វះខាតទឹកនាពេលខាងមុខ។
ឯកឧត្តម រ៉ុន តូ អនុរដ្ឋលេខាធិកាក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា៖ បច្ចុប្បន្នអាកាសធាតុនៅលើពិភពលោក មានភាពប្រែប្រួលគួរអោយព្រួយបារម្មណ៍ជាខ្លាំង។ យោងតាមការព្យាករណ៍ និងការពិនិត្យជាក់ស្តែង បានបង្ហាញថា សម្រាប់ឆ្នាំ ២០១៩នេះ ប្រទេសកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់ បានទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូតអែលនីណូ ដោយបានបង្ករអោយមានកត្តាអវិជ្ជមានជាច្រើន ដូចជា៖ អាកាសធាតុក្តៅហួតហែង និងភ្លៀងមិនទៀងទាត់ជាដើម ដែលបង្ករអោយមានភាពខ្វះខាតទឹកប្រើបា្រស់។ ហេតុដូចនេះ ទើបរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់ និងត្រៀមលក្ខណៈអោយបានរួចជាស្រេច ដើម្បីឆ្លើយតបបាតុភូតិធម្មជាតិទាំងអស់នេះ។ ឯកឧត្តមបានបន្តថា៖ វិធានការសំខាន់ៗដែលយើងត្រូវធ្វើនោះ រួមមាន៖ ១/ ការបង្ករបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ ២០១៩ – ២០២០ គឺអាចធ្វើបានតែមួយដងប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតទោះបីជាទឹកនៅតាមបណ្តាអាងដែលរក្សាទុក និងកន្លែងមួយចំនួន ដែលមានទឹកជាធម្មជាតិក៏ដោយ គឺគួររក្សាទឹកទាំងនោះទុក សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងៗក្រៅពីដំណាំស្រូវ។ ២/ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើយ៉ាងណាចូលរួមចាត់វិធានការថែរក្សាទឹកទុកអោយបានល្អ និងសំរាប់តែផ្គត់ផ្គង់តែការប្រើប្រាស់ទឹកប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់គ្រប់គ្រាប់ឡើងវិញ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ដោយសារបាតុភូតិធម្មជាតិនេះ សម្រាប់ប្រទេសកម្ពុជា ជាពិសេសខេត្តប៉ៃលិន នឹងទទួលរងនូវអាកាសធាតុត្រជាក់ចាប់ពីថ្ងៃទី៤ រហូត ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ក្រោមសីតុណ្ហភាពចន្លោះពី ១៦ ដល់ ២១អង្សារសេ។ ដូច្នេះ បងប្អូនប្រជាពលរដ្ឋត្រូវមានការបង្ការទុក និងត្រៀមនូវអាវរងារទាំងអស់គ្នា ដើម្បីធ្វើថែរក្សាសុខភាពអោយបានល្អ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន