ដោយ៖ វួច ពឿន វិទ្យុជាតិខេត្តប៉ៃលិន
ថ្ងៃអាទិត្យ ១៣រោច ខែកក្កិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តប៉ៃលិន បានប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចណ៍ផ្លូវគោកលើកទី១៤ ក្រោមអធិបតីភាពឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក- លោកស្រីអភិបាលក្រុង/ស្រុក លោកប្រធាន-អនុប្រធានមន្ទីរ ក្រុមប្រឹក្សាក្រុង/ស្រុក, ក្រុមប្រឹក្សាឃុំ /សង្កាត់ កងកំលាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក. យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ និងប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ការប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចណ៍ផ្លូវគោកលើកទី១៤ នាពេលនេះ ក្នុងគោលបំណងបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមជាមួយចលនាពិភពលោកទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍ និងរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចណ៍។ ទិវានេះក៏សំដៅពញ្ញាក់ស្មារតីប្រជាពលរដ្ឋគ្រប់រូបអោយយល់ដឹង និងមានការប្រុងប្រយ័ត្នអំពីហានិភ័យនៃគ្រោះថ្នាក់ចរាចណ៍ដែលបណ្តាលមកពីការបើកបរប្រហែស មិនគោរពច្បាប់ ដូចជា៖ បើកបរហួសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព ការបត់ឬជែងទាំងប្រថុយប្រថាន ការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ការដឹកលើសទម្ងន់កំណត់ ការមិនពាក់មួយសុវត្ថិភាព ឬការមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជាដើម។ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ និងអ្នកធ្វើដំណើរតាមផ្លូវទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍អោយបានម៉ឺងម៉ាត់ ដើម្បីរួមចំណែកទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អោយចុះមកកម្រិតទាបបំផុត ជាពិសេសចូលរួមអនុវត្តន៍អោយបាននូវអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ«ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចណ៍» ព្រមទាំងអនុវត្តវិធានការទាំង៨ចំណុច ដោយផ្តោតសំខាន់ទៅលើពាក្យស្លោក «មួកសុវត្ថិភាពមួយ ការពារជីវិតម្នាក់» និង «បើពិសាគ្រឿងស្រវឹងកុំបើកបរ បើបើកបរកុំពិសារគ្រឿងស្រវឹង»។ ឯកឧត្តមក៏បានណែនាំអាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាពពាក់ព័ន្ធនានា ក៏ដូចជាលោកគ្រូអ្នកគ្រូ ត្រូវអប់រំណែនាំបន្តដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមទប់ស្កាត់នូវគ្រោះថ្នាក់ចរាចរណ៍អោយនៅមានកំរិតទាប តាមបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថា៖ បើតាមរបាយកាណ៍របស់លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារ និងដឹកជញ្ជូនខេត្តបានអោយដឹងថា៖ ខេត្តប៉ៃលិន គិតត្រឹម ៩ខែដើមឆ្នាំ២០១៩នេះ មានគ្រោះថ្នាក់ចរាចណ៍កើតឡើងសរុបចំនួន ៣៥លើក, មានមនុស្សរងរបួសធ្ងន់ចំនួន ៣៦នាក់ ស្រី៧នាក់, មនុស្សរងរបួសស្រាលចំនួន ២៤នាក់ ស្រី ០៥នាក់, និងមនុស្សស្លាប់ ១៥នាក់ ស្រី ០២នាក់, ព្រមទាំងខូចខាតម៉ូតូចំនួន ៣៩គ្រឿង ខូចខាតរថយន្តធន់ធ្ងន់ និងស្រាលចំនួន ១៩គ្រឿង។ មន្ទីរបានត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស សរុបចំនួន ១៥១៨គ្រឿង យានយន្តមានឯកសារគ្រប់គ្រាន់ចំនួន ១១៨១គ្រឿង និងមិនមានឯកសារគ្រប់គ្រាន់ចំនួន ៣៣៧គ្រឿង ព្រមទាំងបានចែកពួកសុវត្ថិភាព ចំនួន ២៩០មួក ផងដែរ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន