ជនពិការ ស្ត្រីមេម៉ាយ និងចាស់ជរាទីទាល់ក្រ ចំនួន ៦០គ្រួសារ ទទួលអំណោយពីមន្ទីរសង្គមកិច្ចខេត្តប៉ៃលិន


ថ្ងៃសុក្រ ១១រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋទីទាល់ក្រ ដែលជាជនពិការ ស្ត្រីមេម៉ាយ និងចាស់ជរា សរុបចំនួន ៦០គ្រួសារ  មកពីសង្កាត់ទាំង៤ ក្នុងក្រុងប៉ៃលិនបានមកទទួលអំណោយពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន។ ការចែកអំណោយនេះបានធ្វើឡើងនៅបរិវេណសាលាក្រុងប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្ត លោកអភិបាលក្រុងប៉ៃលិន លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពមួយចំនួន ព្រមទាំងលោកមេភូមិ ចៅសង្កាត់ ផងដែរ។

មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ ឯកត្តម ផាន់ ចានធុល អភិបាលខេត្តប៉ៃលិន បានលើកឡើងថា៖ ការចែកអំណោយនាពេលនេះ គឺដើម្បីចូលរួមចំណែកដោះស្រាយ លើកកំពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋបានមួយកំរិត តែមិនបានបំពេញតាមតំរូវការខ្វះខាតរបស់បងប្អូនទាំងអស់ទេ។ អ្វីដែលសំខាន់គឺ បងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិតដោយខ្លួនឯង ត្រូវខិតខំបង្កបង្កើតផលដាំដំណាំ ចិញ្ចឹមសត្វ និងរបរអ្វីផ្សេងៗទៀតតាមចំណេះ ជំនាញរបស់បងប្អូន ដើម្បីបង្កើនជីវភាពគ្រួសារអោយបានប្រសើឡើង។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ រាជដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដោយមានការកសាងនូវមន្ទីរពេទ្យ ប្រព័ន្ធធារាសាស្រ្ត លូ ស្ពាន ផ្លូវថ្នល់ យ៉ាងច្រើនខ្វាត់ខ្វែងទូទាំងប្រទេស សម្រួលដល់ការបង្ករបង្កើនផលដំណាំ ចិញ្ចឹមសត្វ ការធ្វើដំណើរ ដឹកជញ្ជូន សព្វបែបយ៉ាងរបស់ប្រជាពលរដ្ឋ ក៏ដូចជាការទាក់ទាញអ្នកវិន្និយោគបរទេស មកដាក់ទុករកស៊ីនៅក្នុងប្រទេសកម្ពុជា បង្កើតមុខរបរជូនប្រជាពលរដ្ឋ និងធ្វើអោយជីវភាពរបស់ប្រជាពលរដ្ឋមានការរីកចំរើនជាលំដាប់។ ក្នុងឱកាសនោះផងដែរឯកឧត្តម ផាន់ ចាន់ធុល ក៍បានផ្តាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ដោយរដូវនេះអាកាសធាតុចាប់ផ្តើមត្រជាក់ ដែលងាយបង្ករអោយកើតជម្ងឺដម្កាត់ផ្សេងៗ។ ម៉្យាងទៀត នៅពេលមានកើតបញ្ហាអ្វីឡើង នៅក្នុងគ្រួសារ ឬនៅក្នុងមូលដ្ឋានរបស់ខ្លន ត្រូវរាយការណ៍ទៅមេឃុំ/ចៅសង្កាត់ ដែលនៅជិតបងប្អូន ដើម្បីចុះជួយអន្តរាគមន៍បានឆាប់រហ័ស និងទាន់ពេលវេលា។

សូមបញ្ជាក់ថា៖ បើតាមរបាយការណ៍របស់លោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន បានអោយដឹងថា អំណោយដែលចែកជូនដល់ ជនពិការ ស្ត្រីមេម៉ាយ និងចាស់ជរាទីទាល់ក្រចំនួន ៦០គ្រួសារនេះ, ក្នុងមួយគ្រូសារៗទទូលបានអង្ករចំនួន ២៥គីឡូក្រាម, មី១០កញ្ចាប់, ត្រីខ៥កំប៉ុង, ទឹកត្រី៣ដប, ខ្លាញ់១ដប, និងថវិកាចំនួន ១៥០០០៛ ដែលជាថវិកាផ្ទាល់របស់ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន៕ ពិនិត្យ និងកែសម្រួល៖ វួច ពឿន