ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តមកពីប្រទេសកូរ៉េ ចុះពិនិត្យ ព្យាបាលមាត់ធ្មេញជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន


ព្រឹកថ្ងៃពុធ ៩រោច ខែកក្តិក ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមគ្រូពេទ្យស្មគ្រ័​ចិត្តឯក​ទេសមាត់​ធ្មេញមកពីប្រទេសកូរ៉េ សហការជាមួយចលនាយុវជនកម្ពុជា ក១៥៧ សាខាខេត្តប៉ៃលិន និងមន្ទីរពេទ្យបង្អែកខេត្ត បានចុះពិនិត្យ និង ព្យាបាលមាត់ធ្មេញជូនដល់​ប្រជា​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣​ ខែវិច្ឆិកា ឆ្នាំ២០១៩។ ពិធីបើកការពិនិត្យ ព្យាបាលនេះបានធ្វើឡើងនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ក្រោមអធិបតីភាព ​ឯកឧត្តម ហែម ឬទ្ឋី អភិបាលរងខេត្តប៉ៃលិន និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក យឹន សាំងហេង ប្រធានចលនាយុវជនកម្ពុជា ក១៥៧ សាខាខេត្តប៉ៃលិន  មន្រ្តីរាជការបណ្តាមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ទៀតផងែរ។

លោក យិន សាំងហេង  ប្រធានចលនាយុវជនកម្ពុជា ក១៥៧ សាខាខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ដោយមានការណែនាំពីឯកឧត្តម ម៉ឹង ពន្លក ប្រធានប្រតិបត្តិចលនាយុវជនកម្ពុជា ក១៥៧, រូបលោកផ្ទាល់ និងក្រុមការងារបានស្វះស្វែងរកការសហការពីក្រុមគ្រូពេទ្យស្មគ្រ័ចិត្តមកពីប្រទេសកូរ៉េ ផ្នែកឯកទេសមាត់ធ្មេញ និងមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីមកពិនិត្យ និង​ព្យាបាល មាត់ធ្មេញដោយ​ឥតគិតថ្លៃ​ជូនប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិន ក្នុងគោលបំណងជួយសម្រួលបន្ទុកការចំណាយរបស់ប្រជាពលរដ្ឋដែលមានបញ្ហាមាត់ធ្មេញ ក៏ដូចជាការជួយអោយសុខមាលភាពមាត់ធ្មេញរបស់ប្រជាពលរដ្ឋយើងបានល្អប្រសើឡើង។

ឯកឧត្តម ហែម ឬទ្ឋី អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍​កោត​សសើ និងថ្លែងអំណរគុណ​ដល់​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពី​ប្រទេស​កូរ៉េ ដែលបានចុះពិនិត្យ និងព្យាបាលមាត់ធ្មេញជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន។ សកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ គឺពិតជាបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកំពស់បញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋយើង។ ឯកឧត្តម ហែម ឬទ្ធី ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ថែទាំសុខភាពអោយបានល្អ ត្រូវចេះសម្អាតមាត់ធ្មេញជាប្រចាំ ត្រូវសំរាក សំរានក្នុងមុង និងពិសាទឹកស្អាត, ពិសារអាហារដែលមានគុណភាពសម្រាប់ទ្រទ្រង់ដល់សុខភាពរបស់ខ្លួន និងក្រុមគ្រួសារ។ ពិសេសបើមានអាការៈមិនស្រួលខ្លួន, ក្រុមគ្រួសារត្រូវប្រញាប់នាំមកមន្ទីរពេទ្យ មិនត្រូវទុកបង្អង់យូឡើយ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន