ផ្លូវលំមួយខ្សែនៅក្នុងភូមិទួលនិម្មិត ត្រូវបានជួសជុលរួចរាល់ និងដាក់អោយប្រើប្រាស់ បន្ទាប់ពី រងការខូចខាតដោយសារជំនន់ទឹកភ្លៀង


ថ្ងៃពុធ ២រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត លោក-លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ​បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងដាក់អោយប្រើប្រាស់ឡើងវិញនូវផ្លូវលំក្រាលគ្រួសល្បាយថ្មភ្នំ១ខ្សែរ ស្ថិតនៅភូមិទួលនិម្មិត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលទើបបានបញ្ចប់ការជួសជុល កែលម្អឡើងវិញ បន្ទាប់ពីរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងទៅ។

​        ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ផ្លូវធ្វើដំណើរមានភាពចាំបាច់ណាស់សម្រាប់ការរស់នៅ ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការកសាងផ្លូវ ស្ពានយ៉ាងខ្វាត់ខ្វែងតាំងពីទីប្រជុំជនរហូតដល់ទីជនបទ ភូមិ ឃុំ នៅមូលដ្ឋាន ធ្វើយ៉ាងណាសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនសព្វបែបយ៉ាងរបស់ប្រជាពលរដ្ឋ និងធ្វើអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងកាន់តែល្អប្រសើ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ការជួលជុល កែលម្អផ្លូវលំ១ខ្សែរនេះ គឺជាការឆ្លើយតបរបស់រដ្ឋបាលខេត្ត ទៅនឹងការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងសង្កាត់ទួលល្វា ដោយសារកត្តាធម្មជាតិបានបំផ្លិចបំផ្លាញផ្លូវលំចាស់ដែលធ្លាប់ជាផ្លូវស្រួលធ្វើដំណើរកាលពីមុនមក។ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ សូមចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។

សូមបញ្ជាក់ថា៖ ផ្លូវលំក្រាលក្រួសល្បាយថ្មភ្នំ ១ខ្សែរ ដែលប្រគល់ដាក់អោយប្រើប្រាស់នាពេលនេះ គឺមានប្រវែង ៩០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ជីកប្រឡាយរំដោះទឹកប្រវែង ១,៥០០ ម៉ែត្រ ស្ថាបនាប្រឡាយរៀបដុំបេតុងប្រវែង ១០០ម៉ែត្រ ស្ថាបនាជើងទេរៀបដុំបេតុង ទំហំ ៨៤ម៉ែត្រការ៉េ និងដាក់លូទោលមុខកាត់ ០១ម៉ែត្រ ចំនួន ០១កន្លែង។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភដល់បងប្អូនជនពិការចំនួន ១១នាក់ ដោយក្នុងម្នាក់ៗថវិកាចំនួន ១០ម៉ឺនរៀលផងដែរ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន