សមាគមមៀនមកពីខេត្តចំនួន៣ ប្រជុំរកដំណោះស្រាយបញ្ហារបាំងបច្ចេកទេស ដែលរាំងស្ទះដល់ការនាំចេញផ្លែមៀនទៅក្រៅប្រទេស


នៅថ្ងៃអង្គារ ៩កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ចិកា ឆ្នាំ២០១៩ នៅមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន មានបើកកិច្ចប្រជុំមួយ រវាងថ្នាក់ដឹកនាំសមាគមន៍មៀនមកពីខេត្តចំនួន៣ គឺខេត្តប៉ៃលិន បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីរកដំណោះស្រាយ​បញ្ហារបាំង​បច្ចេកទេស និងលិខិតបញ្ជាក់នានា ដែលរួមមាន៖ ទី១-GAP: ការអនុវត្តកសិកម្មល្អ ទី២-GMP: ការវេចខ្ចប់ទំនិញ និងទី៣-ISO 22000: ការបញ្ជាក់ពីស្តង់ដារទំនិញ ដែលបញ្ហាទាំងនេះបាននឹងកំពុងធ្វើអោយរាំងស្ទះដល់ការនាំចេញផ្លែមៀនប៉ៃលិន ទៅក្រៅប្រទេស។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងក្រោមការរៀបចំ សម្របសម្រួលដោយមន្ទីរមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖  ដំណាំមៀនប៉ៃលិនជាដំណាំយុទ្ធសាស្រ្តមួយរបស់ប្រជាពលរដ្ឋខេត្តប៉ៃលិន និងមានប្រជាពលរដ្ឋជាច្រើនគ្រួសារបាន និងកំពុងប្រកបរបរដាំដំណាំមៀនប៉ៃលិននេះ។ ផលិតផលផ្លែមៀននៅក្នុងខេត្តប៉ៃលិន មានបរិមាណកើនឡើងជារៀងរាល់ឆ្នាំ ដែលទាមទាអោយមានតម្រូវការទីផ្សារនៅក្រៅប្រទេសកាន់តែច្រើនផងដែរ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ កន្លងមកអាជ្ញាធរ​ខេត្ត ក៍ដូចជាមន្ត្រីជំនាញពាក់ព័ន្ធ តែងតែជួយសម្របសម្រួល បើកផ្លូវអោយការនាំចេញផ្លែមៀនប៉ៃលិន ទៅលក់នៅក្រៅប្រទេសដោយរលូនល្អ។ ប៉ុន្តែបញ្ហារបាំងបច្ចេកទេស និងលិខិតបញ្ជាក់នានា តែងតែជាតម្រូវការជាចាំបាច់ នៅលើទីផ្សារក្រៅប្រទេស។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ឆ្លងតាមកិច្ចប្រជុំនាពេលនេះ នឹងរកឃើញនូវនិតិវិធី និងមធ្យោបាយល្អ ក្នុងការដោះស្រាយបញ្ហារបាំងបច្ចេកទេសនេះ ដើម្បីការនាំចេញផលិតផលមៀនប៉ៃលិនរបស់យើងទៅទីផ្សារក្រៅប្រទេសដោយរលូនល្អ។ ឯកឧត្តមអភិបាលខេត្ត ក៍បានមានប្រសាសន៍កោតសរសើ វាយតម្លៃខ្ពស់សមាគមន៍មៀនប៉ៃលិនទាំង ៣ខេត្ត ដែលបានរួបរួមគ្នាចងក្រងជាសមាគមន៍ ដើម្បីធ្វើអោយប្រសើឡើងនូវលក្ខណ្ឌទីផ្សារល្អ ការលើកកំពស់បច្ចេកទេសនៃការដាំដុះ ការប្រមូលផល និងមានគុណភាព អនាម័យ ស្រមតាមស្តង់ដាទីផ្សារអន្តរជាតិ។

បើតាមរបាយការណ៍របស់ ឯកឧត្តម សុខ សាធីម ទីប្រឹក្សាក្រសួងពាណិជ្ចកម្ម និងជាប្រធានមន្ទីរពាណិជ្ចកម្មខេត្តប៉ៃលិន បានឱ្យដឹងថា៖ បច្ចុប្បន្នក្នុង១ឆ្នាំ ក្រុមហ៊ុន ឆាយណា ជីនវ័រយន្ត អ៊ីមផត អិចផត (ខេមបូឌា) បានបញ្ជាទិញផ្លែមៀនប៉ៃលិន ពីខេត្តចំនួន៨ នៃព្រះរាជាណាចក្រកម្ពុជា មានដូចជា៖ ១-ខេត្តប៉ៃលិន ចំនួន ២០ពាន់តោន ២-ខេត្តបាត់ដំបង ចំនួន ២៥ពាន់តោន ៣-ខេត្តបន្ទាយមានជ័យ ចំនួន ១០ពាន់តោន ៤-ខេត្តពោធិសាត់ ចំនួន ៣ពាន់តោន ៥-ខេត្តព្រះវិហារ ចំនួន ២ពាន់តោន ៦-ខេត្តកំពង់ចាម ចំនួន ៣ពាន់តោន ៧-ខេត្តរតនៈគីរី ចំនួន ៣៥០០តោន ៨-ខេត្តកំពង់ធំ ចំនួន ៣ពាន់តោន សរុបចំនួន ៦៩៥០០តោន គិតជាទឹកប្រាក់ចំនួនជាង ៧០លានដុល្លារ៕ ពិនិត្យ និងកែសម្រួល៖ វួច ពឿន