ក្រុមប្រឹក្សាខេត្តប៉ៃលិនបើកកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៣ របស់ខ្លួន


នៅរសៀលថ្ងៃច័ន្ទ ៨កើត ខែកកតិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រុមប្រឹក្សាខេត្តប៉ៃលិនបានបើកកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៣ របស់ខ្លួនដើម្បីពិនិត្យរបាយការណ៍នៃការអនុវត្តការងាររបស់រដ្ឋបាលខេត្តសំរាប់ខែតុលា ឆ្នាំ២០១៩ និង កិច្ចការទូទៅរបស់ក្រុមប្រឹក្សាខេត្ត,  គោលការណ៍ប្រាក់ខែ និងប្រាក់រង្វាន់របស់មន្ត្រីរជការក្របខ័ណ្ឌ និងមន្ត្រីកិច្ចសន្យារបស់សាលាខេត្តប៉ៃលិន និងការសម្រេចលើនិមិត្តសញ្ញាថ្មីរបស់រដ្ឋបាលខេត្តប៉ៃលិន។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត  និងឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និង មានការអញ្ជើញចូលរួមពីសំណាក់លោក អភិបាលរងខេត្ត លោកអភិបាលក្រុង/ស្រុក លោក-លោកស្រីប្រធាន អនុប្រធានមន្ទីរ កងកំលាំងប្រដាប់អាវុធ ព្រមទាំងក្រុមប្រឹក្សា ឃុំ/សង្កាត់ ផងដែរ។

បន្ទាប់ពីលោក  សោ សុវណ្ណ នាយករងរដ្ឋបាលសាលាខេត្តប៉ៃលិនបានអានរបាយការណ៍ការងារប្រចាំខែតុលា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត រួចមក ក្រុមប្រឹក្សាខេត្ត ក៏បានពិនិត្យ និងលើកដៃឯកភាព អនុម័តជារបាយការណ៍ផ្លូវការរបស់រដ្ឋបាលខេត្ត និងបន្តជំរុញអោយរដ្ឋបាលខេត្ត, មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ត្រូវខិតខំដោះស្រាយនូវបញ្ហាប្រឈមនានាដែលបានលើកឡើងក្នុងរបាយការណ៍ ដើម្បីមានវឌ្ឍនភាពការងារនៅក្នុងមន្ទីរ អង្គភាពរបស់ខ្លួនបន្តទៀត។ ក្រុមប្រឹក្សាខេត្ត ក៏បានថ្លែងអំណគុណដល់រដ្ឋបាលខេត្ត មន្ទីរ អង្គភាពជំនាញជុំវិញខេត្តទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួន ទទួលបានលទ្ធផលល្អប្រសើកន្លងមក និងសូមអោយបន្តការអនុវត្តការងារទាំងអស់នេះ អោយបានសកម្មថែមទៀត ពិសេសការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការបំរើសេវាកម្មសាធារណៈលើគ្រប់ផ្នែក គ្រប់វិស័យ ជូនប្រជាពលរដ្ឋអោយបានល្អប្រសើ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏ថា៖ រដ្ឋបាលខេត្តតែងតែយកចិត្តទុកដាក់ជំរុញដល់មន្ទីរ អង្គភាពជំនាញគ្រប់ផ្នែក គ្រប់វិស័យ ត្រូវខិតខំប្រឹងប្រែងអនុវត្តការងារ ភារកិច្ចរបស់ខ្លួនអោយបានល្អ តាមគោលនយោបាយ និងការណែនាំរបស់រាជរដ្ឋាភិបាល និងត្រូវខិតខំដោះស្រាយរាល់បញ្ហាប្រឈមនានា និងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានល្អប្រសើ មានគុណភាព និងតម្លាភាព។ ឯកឧត្តម ផាន់ ចាន់ធុល ក៏បានណែនាំ សូមអោយថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រុង-ស្រុក មន្ទីរ អង្គភាព លោកមេភូមិ មេឃុំ ចៅសង្កាត់ និងកងកំលាំងប្រដាប់អាវុធទាំងអស់ មិនត្រូវចេញបេសកម្មក្រៅខេត្តនោះឡើយ ក្នុងករណីមិនចាំបាច់, ហើយអធិការក្រុង-ស្រុក មេប៉ុស្តិ៍ទាំង ៨ឃុំ/សង្កាត់ ត្រូវប្រចាំការនៅប៉ុស្តិ៍រដ្ឋបាលអោយបានជាប់លាប់ និងគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋ ឬអ្នកចំណូលថ្មីអោយបានហ្មត់ចត់ ជាក់លាក់បំផុត។

ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិនមានប្រសាសន៍ថ្លែងអំណគុណដល់ រដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត កងកំលាំប្រដាប់អាវុធទាំងអស់ ដែលរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម ធានាបាននូវបរិយាកាសល្អដល់ការអភិវឌ្ឍខេត្ត បង្កលក្ខណៈល្អប្រសើដល់ការរស់នៅ ប្រកបរប រកទទួលទានរបស់ប្រជាពលរដ្ឋយើង។ ឯកឧត្តមបានមានប្រសាសន៍ថា៖ ការអភិវឌ្ឍសព្វបែបយ៉ាង, ប្រជាពលរដ្ឋរស់នៅដោយសុខស្រួលទៅបាន គឺដោយកត្តាសុខ សន្តិភាពនេះហើយ។ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាអោយបាននូវសុខ សន្តិភាព ពិសេសនៅក្នុងតំណាក់កាលនេះ ដែលក្រុមឧទ្ទាមក្រៅច្បាប់ ដែលដឹកនាំដោយទណ្ឌឹត សម រង្សី កំពុងតែគំាមកំហែងដល់សន្តិសុខជាតិ និងប្រជាជនរបស់យើង គឺយើងត្រូវតែរួមគ្នាទប់ស្កាត់អោយបានជាដាច់ខាត។ ឯកឧត្តមក៏បានស្នើដល់រដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ត្រូវបន្តខិតខំធ្វើការដោះស្រាយរាល់ទុក្ខកង្វល់ និងសំនូមពរពីបងប្អូនប្រជាពលរដ្ឋដើម្បីភាពរីកចំរើន កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕ ពិនិត្យ កែសម្រួល៖ វួច ពឿន