(04-11-2015) ប៉ៃលិន៖ ព្រឹកថ្ងៃទី៤ ខែវិច្ចិកា ឆ្នាំ២០១៥ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តប៉ៃលិនគណៈប្រតិភូគណៈកម្មការទី៧ ដឹកនាំដោយឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការបានអញ្ជើញជួប សំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្តប៉ៃលិនដើម្បីស្វែងយល់ពីការអនុវត្តច្បាប់ វឌ្ឍនភាពសំខាន់ៗ បញ្ហាប្រឈមដែលពាក់ព័ន្ធទៅនិងវិស័យអប់រំ ធម្មការ សាសនា វប្បធម៌ និងទេសចរណ៏នៅខេត្តប៉ៃលិន។
ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិនបានរាយការណ៏ពីស្ថានភាពខេត្តដោយបានបញ្ជាក់ថា៖ខេត្តប៉ៃលិន មានផ្ទៃសរុបចំនួន១០៩៧៦៦គីឡូមែត្រការ៉េ មានស្រុក១ ក្រុង១ ឃុំ៤ សង្កាត់៤ និង៧៩ភូមិ។ឯកឧត្តមបន្តថាៈប្រជាពលរដ្ឋរស់នៅខេត្តប៉ៃលិនប្រកបមុខរបរធ្វើស្រែចំការ អាជីកម្ម កម្មករ និងមន្ត្រីរាជការ ដំណាំដែលប្រជាពលរដ្ឋខេត្តប៉ៃលិននិយមដំាមានដូចជា ស្រូវ ដំឡូមី ពោត កៅស៊ូ ផ្លែមៀនប៉ៃលិន ដើម្បីនាំចេញទៅប្រទេសថៃ។
បន្ទាប់ពី លោក ហុង ឌុល ប្រធានមន្ទីរទេសចរណ៏ និងលោកតង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡា លោក សំ សាវឿន ប្រធានមន្ទីរធម្មការ សាសនា ព្រមទាំង លោក អ៊ី លីឈុន អនុប្រធានមន្ទីរវប្បធម៌ បានរាយការណ៏ពីសកម្មភាពការងារ របស់មន្ត្រីរាជការមន្ទីរនីមួយៗជូនគណៈប្រតិភូគណៈកម្មការទី៧រួចមក ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧បានមានប្រសាសន៏ថា៖ គណៈប្រតិភូព្រឹទ្ធសភាមកធ្វើទស្សនកិច្ចខេត្តប៉ៃលិនពេលនេះគឺដើម្បីសិក្សាស្វែងយល់និងសម្រង់ព័ត៌មាន បញ្ហាប្រឈម ផ្សេងៗ ដែលពាក់ព័ន្ធទៅនិងវិស័យ អប់រំ ធម្មការ វប្បធម៌ ទេសចរណ៍ ដើម្បីយកបញ្ហាប្រឈមនានាទាំងនេះយកទៅធ្វើរបាយការជូនដល់ថ្នាក់ដឹកនាំធ្វើការដោះស្រាយ។ មន្ទីរពាក់ព័ន្ធទាំងអស់ត្រូវធ្វើយ៉ាងណារាយការណ៏និងលើកឡើងពីប្រឈមអោយបានច្បាស់លាស់ដើម្បីងាយស្រួលគណៈប្រតិភូធ្វើកត់ត្រា។ឯកឧត្តមបានសំណូមពរដល់ ថ្នាក់ដឹកនាំខេត្ត និងគ្រប់មន្ទីរស្ថាប័នទាំងអស់ត្រូវតែខិតខំប្រឹងប្រែងអនុវត្តភារកិច្ចរបស់ខ្លួនបន្តទៀតតាមច្បាប់បទដ្ឋាននានា និងយុទ្ធសាស្រ្តផ្សេងៗ បានកាន់តែសកម្មនិងមានប្រសិទ្ធិភាពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នាំមកនូវពន្លឺនៃសុខសន្តិភាព ស្ថេរភាព ការផ្សះផ្សា បង្រួបបង្រួមជាតិព្រមទាំងការអភិវឌ្ឍន៏លើគ្រប់វិស័យជូនជាតិនិងប្រជាជនកម្ពុជាផងដែរ។
[youtube id= “-EkjabOU-3A”]