ម៉ូតូម៉ាកSUZUKI SMASH ចំនួន២៤ គ្រឿង និងមួកសុវត្ថិភាព២៤ ត្រូវបានប្រគល់ជូនមន្រ្តីនៃក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី


(ប៉ៃលិន)៖រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនអញ្ជើញជាគណៈធិបតីភាពក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(Aspire) នឹងប្រគល់ ម៉ូតូម៉ាកSUZUKI SMASH ចំនួន២៤ គ្រឿង និងមួកសុវត្ថិភាព២៤ មួកដែល ជាជំនួយគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម(IFAD) ប្រគល់ជូនមន្រ្តីនៃក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ សំរាប់បំពេញបេសកម្មណែនាំពីបច្ចេកទេសដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនទាំងមូល។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនសង្ឃឹមថាម៉ូតូម៉ាកSUZUKI SMASH ចំនួន២៤ គ្រឿង និងមួកសុវត្ថិភាព២៤ មួក ជាជំនួយគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ជាមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម(IFAD) ប្រគល់អោយនៅពេលនេះ និងយកទៅបំពេញបេសកម្មរបស់ខ្លួន និងអនុវត្តការងារអោយមានប្រសិទ្ធិភាព ចែកនូវចំណេះដឹង បច្ចេកទេស ជូនប្រជាពលរដ្ឋនិងកសិករខ្នាតតូច/ធំដែលមានដីតិច ច្រើនអោយពួកគាត់យល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃការបង្កើតមុខរបរអាជីវកម្មតាមបែបកសិកម្ម រួមមាន៖ដាំមៀនប៉ៃលិន ស្វាយកែវរមៀត បន្លែ ពោតក្រហម ដំឡូងមី ចិញ្ចឹមមាន់ ទា ត្រី ជ្រូក គោ ជាដើម ក្នុងការរួមចំណែកដល់កំណើតសេដ្ឋកិច្ចគ្រួសារតាមរយៈអាជីវកម្ម កសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមលើកឡើងថា៖ ការប្រែប្រួលអាកាសធាតុពិតជាបង្កឡើងនូវផលប៉ះពាល់យ៉ាងច្រើន ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងជាពិសេសកសិករផ្ទាល់តែម្តង រួមមាន ភាពរាំងស្ថួត គ្រោះទឹកជំនន់ ខ្យល់ព្យុះ រន្ទះបាញ់ និងរបបខ្យល់ ការហូច្រោះដី សីតុណ្ហភាពប្រែប្រួលខ្លាំង កំដៅកើនឡើង កើតមានជម្ងឺប្លែកៗលើមនុស្ស ទើបដូច្នេះហើយរាជរដ្ឋា ភិបាលបានយកចិត្តទុកដាក់ណាស់ ក្នុងការស្វែងរកដៃគូនានាដើម្បីបង្កើននូវការទប់ស្កាត់ និងវិធីសាស្រ្តការពារ ក្នុងការណែនាំបច្ចេកទេស អោយបានត្រឹមត្រូវប្រកបដោយគុណភាព ប្រសិទ្ធិភាព បង្ករលក្ខណៈអោយបងប្អូនប្រជាពលរដ្ឋក្នុងការបង្កបង្កើនផលទទួលបានទិន្និផលខ្ពស់ តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់នឹងនេសាទ ធ្វើការបង្ហាញ និងផ្សព្វផ្សាយបច្ចកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ជាជំនួយគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម(IFAD) ។ ទន្ទឹមនឹងនេះឯកឧត្តមក៍បានមានប្រសាសន៍ជំរុញដល់រដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់ ត្រូវផ្តល់នូវកិច្ចសហការអោយបានល្អ ជាមួយក្រុមការងារផ្សព្វផ្សាយបច្ចកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុអោយបានល្អក្នុងការចុះណែនាំ កសិករខ្នាតតូច នឹងមន្រ្តីពាក់ព័ន្ធ ភ្នាក់ងារផ្សព្វផ្សាយឃុំ សង្កាត់ ត្រូវប្រើប្រាស់យានយន្ត ដែលបានចែកអោយចំនឹងគោលដៅ នឹងត្រូវចេះថែរក្សាអោយបានសម្បត្តិផ្ទាល់របស់ខ្លួន។ជាមួយគ្នាបណ្តាមន្ទីរជំនាញ អង្គការអន្តរជាតិ និងវិស័យឯកជនដែលកំពុងធ្វើសកម្មភាពការងារក្នុងខេត្ត ក្រុង ស្រុក សូមបន្តគាំទ្រអោយអស់លទ្ធភាព ក្នុងការរួមចំណែកលើកស្ទួយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ និងការអភិវឌ្ឍនខេត្តប៉ៃលិនអោយមានការរីចចំរើនជាបន្តបន្ទាប់។
បើតាមរបាយការណ៍លោក សាយ សុផាត ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់នឹងនេសាទ បានអោយដឹងថា៖ គំរោងផ្សព្វផ្សាយស្តីពីការអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(Aspire) ជាជំនួយរបស់រាជរដ្ធាភិបាលកម្ពុជាជាមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម(IFAD) ក្នុងខេត្តប៉ៃលិនដែលមានថវិកាគាំទ្រ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ចំណូលសរុបចំនួន $409,191,50 និងបានចំណាយសរុបចំនួន$ 54,047.53 ថវិកានៅសល់ចំនួន$355,143.97។
ក្នុងឱកាសនោះដែរឯកឧត្តមផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនក៍បានប្រគល់ម៉ូតូម៉ាកSUZUKI SMASH ចំនួន២៤ គ្រឿង និងមួកសុវត្ថិភាព២៤ ដែលជាជំនួយគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម(IFAD) ជូនដល់មន្រ្តីនៃក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដែលក្នុងម្នាក់ទទួលបានម៉ូតូ ១គ្រឿង និងមួកសុវត្ថិភាព១ ផងដែរ។