ក្រសួងផែនការប្រជុំប្រកាសផ្សព្វផ្សាយលទ្ធផលបឋមផលិតផលក្នុងស្រុកសរុប(GDP) ក្នុងខេត្តប៉ៃលិន


ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ក្រសួងផែនការបានបើកិច្ចប្រជុំប្រកាសផ្សព្វផ្សាយលទ្ធផលបឋម ផលិតផលក្នុងស្រុកសរុប(GDP) ក្នុងខេត្តប៉ៃលិន ក្រោមអធិបតីយភាព ឯកឧត្តម វ៉ា សុផល អនុរដ្ឋលេខាធិការក្រសួងផែនការ ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និង មន្រ្តីជំនាញនៃមន្ទីរផែនការផងដែរ។

ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តបានមានប្រសាសន៍ថា៖ ខេត្តប៉ៃលិនស្ថិតនៅភាគពាយ័ព្យនៃរាជធានីភ្នំពេញ ចម្ងាយ៣៧១ គីឡូម៉ែត, ជាតំបន់ខ្ពង់រាប សំបូរទៅដោយព្រៃភ្នំ ជ្រោះជ្រលង ដងអូរ ស្ទឹង និងមានតំបន់វាលទំនាបមួយផ្នែកសម្រាប់ធ្វើស្រែចម្ការបានគ្រប់រដូវកាល និង មានព្រំប្រទល់ មួយផ្នែកជាប់ខេត្តបាត់ដំបង និងមួយផ្នែកជាប់ស្រុកពោងណាំរ៉ន ខេត្តបាន់បូរី  នៃព្រះរាជាណាចក្រថៃ។ ខេត្តប៉ៃលិនមានផ្ទៃដីសរុប ១,០៦២ គម ក្នុងនោះផ្ទៃដីប្រមាណ ១៥៨ គម ជាផ្ទៃដីកសិកម្ម, ២៤៥ គម ផ្ទៃជ្រលងភ្នំនឺងជ្រោះ, ៦៦ គម ផ្ទៃដីអភិរក្សធនធានជាតិ, ៣៨២ គម ជាផ្ទៃដីភ្នំ ហេដ្ឋារចនាសម្ព័ន្ធ ដីស្ទឹងនិងអូរ។ ឯកឧត្តមបន្តថាៈ រដ្ឋបាលដែនដីចែកចេញជាក្រុង១ ដែលមានសង្កាត់៤ និងស្រុក១ ដែលមានឃុំចំនួន ៤ និងមានភូមិសរុប ៩០ភូមិ,  មានប្រជាជនសរុបចំនួន ១៥,៨៧៨ គ្រួសារ ស្មើនិង ៦៩,២៥៥ នាក់, ស្រី ៣៤,៥៧៣ នាក់, ក្នុងនោះអាយុ ១៨ ឆ្នាំឡើងចំនួន ៤៣,៧៥២នាក់។ មានផ្ទៃដីដាំដុះស្រូវ ៨.១០០ ហិកតា ដីដាំដំណាំចំការគ្រប់ប្រភេទ ៣៧.៥០០ ហិកតា។ ក្រៅពីដំណាំស្រូវ ខេត្តប៉ៃលិនមានដំណាំឈើហូបផ្លែ និងដំ​ណាំឧស្សាហកម្ម ជាច្រើនប្រភេទដូចជា  ពោតក្រហម ដំឡូងមី សណ្តែកសៀង មៀនប៉ៃ​លិន ស្វាយ ក្រូចពោធិសាត់ ធូរេន ខ្នុរ ទៀប ត្របែក និងមៀនក្រអូប។ ដំណាំជាសក្តានុពល​​សំខាន់របស់ខេត្តប៉ៃលិនគឺ ពោតក្រហម ដំឡូងមី មៀនប៉ៃលិន និងស្វាយកែវមៀត។ វិស័យ​ទេស​ចរណ៍ មានរមណីដ្ឋានសរុបចំនួន ៦កន្លែង, កាស៊ីណូ ១០កន្លែង, សណ្ឋាគារ ១១កន្លែង ស្មើនឹង ៨៦៦បន្ទប់, ផ្ទះសំណាក់ ១៩កន្លែង ស្មើនិង ៥៣៦បន្ទប់, ភោជនីយដ្ឋាន និងអាហារដ្ឋាន ៥៩កន្លែង។

ឯកឧត្តម វ៉ា សុផល អនុរដ្ឋលេខាធិការក្រសួងផែនការបានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបានសមិទ្ធិផលធំៗជាច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យម៧% ដែលជាកំណើនដ៏ខ្ពស់ទី៦ ក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់។ ឯកឧត្តមបានបន្តថា៖ វិស័យសំខាន់ៗ ជំរុញសេដ្ឋកិច្ចកម្ពុជារួមមាន៖ វិស័យសំណង់ វិស័យវាយនភ័ណ្ឌកាត់ដេរសំលៀកបំពាក់ វិស័យទេសចរណ៍ និងវិស័យកសិកម្ម ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចដោយរក្សាអត្រាអតិផរណានៅក្នុងរង្វង់៣%, ស្ថេរភាពអត្រាប្តូប្រាក់ក្នុងរង្វង់ ៤០០០៛ ក្នុង១ដុល្លា វិនិយោគលើប្រព័ន្ធដឹកជញ្ជូន ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្រ្ត សម្រាប់ទាក់ទាញការវិនិយោគបន្ថែមទៀត ដើម្បីបង្កើនការងារបន្ថែមជូនប្រជាពលរដ្ឋ។ ឯកឧត្តមបន្តថា៖ ចំពោះផ្នែកសង្គមកិច្ច រាជរដ្ឋាភិបាលបានផ្តល់អទិភាពខ្ពស់ដល់វិស័យអប់រំ សុខាភិបាល សំណាញ់សុវត្ថិភាព( បសស ) ជូនដល់មន្រ្តីរាជការ និងនិយោជិកក្នុងវិស័យឯកជន​កាត់ដែរ តម្លើងប្រាក់បៀវត្សជូនមន្រ្តីរាជការ តម្លើងប្រាក់បៀវត្សគោលសម្រាប់វិស័យកាត់ដេរ និងកាត់បន្ថយភាពក្រីក្រជាមធ្យម១% ក្នុងមួយឆ្នាំ។ ឯកឧត្តមបានបន្តទៀតថា៖ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៦នេះ នឹងបន្តអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ សំដៅសំរេច​​ឲ្យបានឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ជាមួយការរក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% រក្សាស្ថេរភាព ថ្លៃ និងអត្រាប្តូរប្រាក់ បង្កើនការងារថ្មី បន្តយកចិត្តទុកដាក់លើវិស័យសង្គមកិច្ច និងកាត់បន្ថយភាពក្រីក្របន្ថែមទៀត។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា៖ ប្រព័ន្ធស្ថិតិជាតិមានតួនាទីសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ  ក្នុងនោះស្ថិតិគណនេយ្យជាតិ ថ្នាក់ខេត្ត ត្រូវបានរៀបចំចងក្រងរៀងរាល់ឆ្នាំសម្រាប់វាស់​វែងសេដ្ឋកិច្ចក្នុងខេត្ត ជាសូនាករម៉ាក្រូសេដ្ឋកិច្ច ដែលឲ្យយើងពិនិត្យ និងវាយតម្លៃការគ្រប់គ្រងសេដ្ឋកិច្ចក្នុងខេត្តយ៉ាងមានប្រសិទ្ធភាព។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ក្នុងបណ្តាឆ្នាំបន្ទាប់ទៀតអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់ខេត្តព្រមទាំង វិស័យឯកជន នឹងប្រើប្រាស់ទិន្ន័យ GDP ក្នុងការជំម្រុញសកម្មភាពសេដ្ឋកិច្ចខេត្តទាំងមូលឲ្យកាន់តែប្រសើរថែមទៀត និងផ្សព្វផ្សាយលទ្ធផលដែលយើងទទួលបានអោយបានទូលំទូលាយ និងដាក់ក្នុងគេហទំព័រខេត្ត និងគេហទំព័រមន្ទីរផែនការដើម្បីជាប្រយោជន៍នៃការប្រើប្រាស់ដល់អ្នកសិក្សា អ្នកស្រាវជ្រាវ អ្នកវិនិយោគ។ ឯកឧត្តមក៏បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍខេត្តដោយទទួលបានលទ្ធិផលគួរជាទីមោទនៈ។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងមន្ទីរផែនការ និងមន្ទីរពាក់ព័ន្ធទាំងអស់ ដែលបានសហការក្នុងការផ្តល់ទិន្ន័យចាំបាច់នានាសម្រាប់ការងារគណនា និងចងក្រងគណនេយ្យជាតិសម្រាប់ខេត្តប៉ៃលិនឆ្នាំ២០១៩ នេះ។

គួរបញ្ជាក់ថា៖ នៅឆ្នាំ២០១៨ សេដ្ឋកិច្ចខេត្តប៉ៃលិនមានអត្រាកំណើន៦.៣% មានការថយចុះ ប្រៀបធៀបនឹងអត្រាកំណើនឆ្នាំ២០១៧ ដែលមានចំនួន៧.៣% ។ ដោយឡែកចំណូលមធ្យម​​សម្រាប់ប្រជាពលរដ្ឋម្នាក់ៗនៅក្នុងខេត្តប៉ៃលិនមានចំនួនប្រមាណ ១២៥៤.៩ ដុល្លាអាមេរិចនៅឆ្នាំ២០១៨ បានកើនឡើងប្រមាណ១០.១% ធៀបនឹងឆ្នាំ២០១៧ ដែលមានចំនួនប្រមាណ១១៤០.០ដុល្លាអាមេរិច៕ ពិនិត្យ កែសម្រួល៖ វួច ពឿន