មន្ទីរសង្គមកិច្ចអតីតយុទ្ធជន ប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងជាទិវាមនុស្សចាស់អន្តរជាតិ ខួបអនុស្សាវរីយ៍លើកទី២១


ព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា​ខេត្ត​ប៉ៃលិនប្រារព្ធទិវា​មនុស្សចាស់កម្ពុជា និងជាទិវាមនុស្សចាស់អន្តរជាតិ ខួប​អនុស្សាវរីយ៍​​​លើកទី២១ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន លោកប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ ព្រមទាំងលោកមេឃុំ/ ចៅសង្កាត់ ផងដែរ។

លោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ចអតីត យុទ្ធជន និងយុវនិតិសម្បទាខេត្ត​ប៉ៃលិន បានអោយដឹងថា៖ ការប្រារព្ធទិវា​មនុស្សចាស់កម្ពុជា និងជាទិវាមនុស្សចាស់អន្តរជាតិ គឺក្នុងគោលបំណងរំលឹកគុណូបការៈរបស់មនុស្សវ័យចាស់ បុព្វការីជន ជីដូនជីតា ឪពុកម្តាយ អ៊ុំ ពូ មីង ដែលបានកសាង និងបន្សល់ទុកកេរ្តិ៍ មរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយ ក្នុងន័យលើកកម្ពស់កិច្ចគាំពារ និងលើកស្ទួយ​សុខមាល​ភាពរបស់វ័យ​ចាស់​អោយកាន់តែប្រសើរឡើង និងបង្ហាញអោយ​ឃើញពីតួនាទី​ដ៏សំខាន់​របស់​មនុស្ស​វ័យចាស់ បុព្វការីជនដែលបានបង្កើតធនធានដ៏មានសារប្រយោជន៍ ព្រមទាំង​ផ្តល់​នូវ​ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍យ៉ាងច្រើន​ សម្រាប់​មនុស្ស​ជំ​នាន់​ក្រោយ។ ជាពិសេសមនុស្សចាស់បានរួមចំណែកអភិវឌ្ឍន៍គ្រួសារ សហគមន៍ អប់រំមនុស្ស​ជំនាន់​ក្រោយ​អំពីទំនៀមទំលាប់ ប្រពៃណីជាតិ សាសនា ការអភិវឌ្ឍមូលដ្ឋានជាដើម។​

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត បានអានសារលិខិតរបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃទិវា​មនុស្សចាស់កម្ពុជា និងជាទិវាមនុស្សចាស់អន្តរជាតិ ខួប​អនុស្សាវរីយ៍​​​លើកទី២១ ដែលមានខ្លឹមសារថាសង្ខេបថា៖ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១តុលា ឆ្នាំ២០១៩ ក្រោមប្រធានបទ គាំទ្រសុខុមាលភាពមនុស្សចាស់ គឺជាកត្តាដ៏សំខាន់ ក្នុងការអនុវត្តប្រព័ន្ធគាំ​ពារ​សុខុមាលភាពមនុស្សគ្រប់វ័យ ក្នុងសង្គមជាតិនៅកម្ពុជា។ ការប្រារព្ធទិវានេះ ដើម្បីរំលឹកគុណដល់មនុស្សវ័យចាស់កម្ពុជា ក៏ដូចជាមនុស្សវ័យចាស់នៅទូទាំងសកលលោក និងលើកកម្ពស់មនសិការទទួលខុសត្រូវរបស់យើង ក្នុងការចូលរួមកសាងសង្គមជាតិមួយដែលមានការយកចិត្តទុកដាក់កាន់តែខ្ពស់ចំពោះសុខុមាលភាពរបស់ប្រជាជនគ្រប់វ័យ ពិសេសមនុស្សវ័យចាស់ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់មនុស្សវ័យចាស់ សូមអោយ គណៈកម្មាធិការដើម្បីមនុស្សចាស់ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ និងគាំទ្រតាមគ្រប់មធ្យោបាយ ដើម្បីលើកស្ទួយសុខមាលភាពមនុស្សវ័យចាស់ និងត្រូវចុះសួរសុខទុក្ខដល់ជនចាស់ជរា ជនពិការគ្រប់មូលដ្ឋាន ឱ្យកាន់តែសកម្មបន្ថែមទៀត និង សូមអោយមន្ទីរ ស្ថាប័ន អង្គការដៃគូនានា ជួយបង្ករលក្ខណៈងាយស្រួលដល់សមាគមមនុស្សចាស់ និងជួយជំរុញសកម្ម​ភាពបង្កើតសមាគមមនុស្សចាស់នៅក្នុងមូលដ្ឋាន ដើម្បីបង្កើនស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមក។

ក្នុងឱកាសប្រារព្វទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ នេះដែរ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ក៍បានចែកអំណោយជាអង្គចំនួន៣៥០០គីឡូ​ក្រាម ថវិកាចំនួន ៤ ២០០ ០០០រៀល ចែកជូន​ដល់​មនុស្សចាស់ចំនួន១៤០ នាក់មកពីឃុំសង្កាត់ទាំង០៨ ក្នុងខេត្តប៉ៃលិន ដែលក្នុង​ម្នាក់ៗ ទទួលបានអង្ក២៥ គីឡូក្រាម និង ថវិកា៣ម៉ឺនរៀលផងដែរ។

សូមបញ្ជាក់ថា៖បើតាមរបាយការណ៍របស់មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា​ខេត្ត​ប៉ៃលិន ក្នុងឆ្នាំ២០១៩ មានមនុស្សចាស់ចាប់ពីអាយុ ៦១ឆ្នាំឡើង សរុបមាន ចំនួន ៤ ៧១៨នាក់ ស្រី ២ ៣៤១នាក់ ក្នុងនោះជនចាស់ជរាគ្មានទីពឹងចំនួន ១០៦នាក់៕ ពិនិត្យ កែសម្រួល៖ វួច ពឿន