ថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន អមដំណើរដោយលោកជំទាវ ជា លាភ អភិបាលរងខេត្ត និងលោកជំទាវ ស៊ុំ ហៀង ប្រធានសភាពាណិជ្ជកម្មខេត្ត បានអញ្ជើញ ប្រគល់-ទទួលនូវទេយ្យទានជាស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួនទៀតពីព្រះគ្រូរតនមុនី អ៊ា សុផន ព្រះមេគុណខេត្តប៉ៃលិន និងជាចៅអធិការវត្តពោធិមារាម ហៅវត្តប៉ាហ៊ី និងព្រះគ្រូព្រហ្មវិរិយញ្ញាណ វែន ចន្ទសុម៉ៃ ព្រះអនុគុណស្រុកសាលាក្រៅ និងជាព្រះគ្រូចៅអធិការវត្តព្រំគិរីមរកត ដើម្បីយកទៅបំរើក្នុងសកម្មភាពមនុស្សធម៌នៅក្នុងខេត្តប៉ៃលិន។
ពិធីប្រគល់-ទទួលនូវទ័ទាននេះ បានធ្វើឡើងនៅក្នុងវត្តព្រហ្មគិរីមរកត ហៅវត្តព្រំស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយមានការចូលរួមពីព្រះសង្ឃ អាចារ្យ គណៈកម្មាការវត្ត តាជី យាយជី ជាច្រើនផងដែរនាក់។
ព្រះគ្រូ ព្រហ្មវិរិយញ្ញាណ វែន ចន្ទសុម៉ៃ ព្រះអនុគុណស្រុកសាលាក្រៅ បានសម្តែងនូវទឹកព្រះទ័យជ្រះថ្លា សប្បាយរីករាយក្នុងការបរិច្ចាកនូវធនធានខ្លះៗ ដែលបានពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ មកចូលរួមជាមួយរដ្ឋបាលខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន សម្រាប់បន្តចែកជូនដល់ជនក្រីក្រ ជនងាយរងគ្រោះ ក្មេងកំព្រា ចាស់ជរាគ្នានទីពឹង នៅក្នុងខេត្តប៉ៃលិន។
ឯកឧត្ដម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ព្រះពុទ្ធសាសនា តាមរយៈព្រះសង្ឃគ្រប់ព្រះអង្គ បានចូលរួមចំណែកយ៉ាងសកម្មផ្នែកការងារមនុស្សធម៌ ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះនៅក្នុងខេត្តប៉ៃលិន។ សកម្មភាពដ៏ថ្លៃថ្លារបស់ព្រះសង្ឃគ្រប់ព្រះអង្គនាពេលនេះ គឺជាកាយវិការដ៏ល្អប្រពៃ ដែលបានបង្ហាញអោយឃើញនូវវប្បធម៌នៃការចែករំលែក ដែលជាប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរយើង។ឯកឧត្តមបានបន្តថា៖ ក្រៅអំពីអប់រំប្រជាពុទ្ធបរិស័ទអោយប្រព្រឹត្តនូវអំពើល្អ មានសីលធម៌ គុណធម៌ ចរិយាធម៌ និងមានវសេចក្តីសុខផ្លូវចិត្ត ដែលជាតម្រូវការចាំបាច់ក្នុងការអនុវត្តគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុងការជំរុញកិច្ចអភិវឌ្ឍន៍ប្រទេសជាតិរបស់យើងអោយបន្តរីកចំរើនទៅមុខបន្ថែមទៀត។ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ក៏បានសន្យាថា នឹងនាំយកទេយ្យទានទាំងនេះ ទៅចែកបន្តជូនដល់ដៃជនងាយរងគ្រោះ និងជនរងគ្រោះប្រកបដោយតម្លាភាព។
សូមបញ្ជាក់ថា ៖ ទេយ្យទានជាស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ ដែលព្រះសង្ឃប្រគល់ជូនរដ្ឋបាលខេត្តប៉ៃលិន នាឱកាសនេះរួមមាន ៖ អង្ករ ២តោន, ទឹកសុទ្ធ ៥០យួរ, បាលឡុង ០៣ឈុតធំៗ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកា ៣,៥០០,០០០រៀល។ ក្នុងឱកាសនោះផងដែរថ្នាក់ដឹកនាំខេត្ត និងព្រះសង្ឃគ្រប់អង្គ ក៏បានចែកជូនប្រជាការពារភូមិចំនួន២ភូមិ និងប៉ូលីស ប៉េអឹម ដោយក្នុងម្នាក់ៗទទួលបានថវិកា ៥០០០០រៀល និងអង្គភាពសាម៉ីមីមួយៗទទួលបានអង្ករ ២ការ៉ុង ទឹកត្រី ១យួរ ទឹកស៊ីអ៊ី ០១យួរ ទឹកសុទ្ធ ១០យួរផងដែរ៕
ពិនិត្យ កែសម្រួល៖ វួច ពឿន