ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៏បើកសិក្ខាសាលាស្តីពីការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា


នៅសាលាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៏បានរៀបចំសិក្ខាសាលាស្តីពីការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា ក្រោមអធិបតីភាព   លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៏ និង ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិ​បាលខេត្តប៉ៃលិន ព្រមទាំងមានការអញញជើញចូលរួមពីប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត និងមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៏ មកពីបណ្តារាជធានីខេត្តទាំង ២៥ខេត្តផងដែរ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណះអភិបាលខេត្តប៉ៃលិន  បានមានប្រសាសន៍ថា៖ ការរៀបចំសិក្ខាសាលាស្តីពីការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជាពេលនេះ មានសារៈសំខាន់ណាស់ក្នុងការជំរុញ  និងលើកកម្ពស់ដល់ស្រ្តី  ក្នុងការចូលរួមរាល់គ្រប់សកម្មភាពក្នុងសង្គម  និងលើកកំពស់ដល់ស្ត្រីដែលជាអ្នកដឹកនាំនៅតាមស្ថាប័នរបស់រដ្ឋនិងថ្នាក់ក្រោមជាតិផងដែរ។  ម្យ៉ាងវិញទៀត ឆ្លើយតបទៅនឹងសកម្មភាពក្នុងការចូលរួមអនុវត្តគោលនយោបាយសមភាពយេនឌ័រ ក្នុងវិស័យ ICT នៅកម្ពុជាស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំកម្ពុជាអោយមានភាពរីកចម្រើនលើគ្រប់វិស័យ ជាពិសេសបច្ចុប្បន្នវិស័យទូរគមនាគមន៍ពិតជាមានសារះសំខាន់ណាស់ក្នុងវិស័យទំនាក់ទំនងការងារនិង ព័ត៌មានជាសកល ។ ដូច្នេះតាមរយះសិក្ខាសាលាពលនេះសិក្ខាកាមទាំងអស់ អាចបង្កើនសមត្ថភាពយល់ដឹងបន្ថែមទៀត ជាពិសេសការចែករំលែក នូវបទពិសោធន៍ ល្អៗរបស់វាគ្មិនរបស់ក្រសួងកិច្ចការនារី ។ ឯកឧត្តម ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំមន្ត្រីជំនាញជំវិញ ខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់លើកកំពស់ដល់ស្ត្រីក្នុងការចូលរួមគ្រប់សកម្មភាពសង្គម ពិសេសត្រូវពង្រឹងសមភាពយេនឌ័រនៅក្នុងអង្គភាពរបស់ខ្លួនអោយបានរឹងមាំថែមទៀត ។

លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារយេនឌ័រ បានមានប្រសាសន៍ថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងបង្ហាញអំពីវឌ្ឍនភាព និងយុទ្ធសាស្ត្រសំខាន់ៗក្នុងការលើកកម្ពស់សមភាពយេនឌ័រ ក្នុងសកលលោកនិងនៅកម្ពុជា ផ្សព្វផ្សាយអនុសាសន៍ ១១ចំណុចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង អនុសាសន៍ ៤ចំណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន និង បង្ហាញអំពីសកម្មភាពការងារក្នុងការជម្រុញលើកទឹកចិត្តឲ្យស្រ្តីសកម្មក្នុងការចូលរួមក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ព្រមទាំងកំណត់នូវបញ្ហាប្រឈម ចំណុចខ្វះខាត និងអនុសាសន៍ ដែលឆ្លើយតបនឹងការលើកទឹកចិត្តឱ្យមន្ត្រីរាជការជានារីសកម្មចូលរួមក្នុងការងារក៏ដូចជាការផ្តល់ឱកាស​ឲ្យស្ត្រីទទួលបាននូវតួនាទីភារកិច្ច ធ្វើសេចក្តីសម្រេចឱ្យកាន់តែមានប្រសិទ្ធភាព។  លោកជំទាវក៏បានបន្ត ថា៖ បច្ចុប្បន្ននេះនៅក្នុងសង្គមកម្ពជាគេបាននឹងកំពុងអោយតម្លែទៅលើស្ត្រីលើកការងារផ្សេងៗ  ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់និងលើកទឹកចិត្តដល់ ស្ត្រីអោយធ្វើការងារទាំងផ្នែករដ្ឋនិងឯកជនផងដែរ ។ម្យ៉ាងវិញទៀតស្ត្រីកាន់តែមានតួនាទីក្នុងវិស័យសេវាសាធារណៈ និងទទួលឋានៈជាថ្នាក់ដឹកនាំ មកដល់អាណត្តិទី៦ ចំនួនស្ត្រី ជាតំណាងរាស្ត្រ សមាជិក ក្រុមប្រឹក្សាឃុំសង្កាត់  ជាពិសេសចំនួនរដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ បានកើនឡើងជាបន្តបន្ទាប់ ។ ដូច្នេះតាមរយះសិក្ខាសាលាដែលមានមន្ត្រីរាជការ មកពីបណ្តារាជធានីខេត្ត២៥ទាំងអស់នឹងទទួលបាននូវបទពិសោធន៍និងចំណេះដឹងថ្មីៗដើម្បីចែករំលែកបទពិសោធន៍និងដឹកនាំអង្គភាពរបស់ខ្លួនបានល្អប្រសើរឡើង។

បើតាមរបាយការណ៍របស់លោកស្រី កើត សុធាម ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនា​គមន៍​ខេត្តប៉ៃលិន បានអោយដឹងថា៖ បច្ចុប្បន្នប្រតិបត្តិករវិស័យប្រៃសណីយ៍ខេត្តប៉ៃលិនមានចំនួន០៣ គឺ៖ ១.សាខាប្រៃសណីយ៍កម្ពុជាខេត្តប៉ៃលិន ២.សាខាក្រុមហ៊ុន Kerry Express និង ៣.សាខាក្រុមហ៊ុន ZTO ។

ចំពោះប្រតិបត្តករលើវិស័យទូរគមនាគមន៍ទូរស័ព្ទចល័ត និងអចល័តមាន៦ ក្រុមហ៊ុន រួមមាន៖ ១.ក្រុមហ៊ុន Cellcard  ២.ក្រុមហ៊ុនSmart Axiata (Smart)  ៣.ក្រុមហ៊ុនViettel (Metfone)  ៤.ក្រុមហ៊ុនXinwei (Cootel) ៥.ក្រុមហ៊ុនSouth East Asia Telecommunications និង ៦.ទូរគមនាគមន៍កម្ពុជា ។

ចំពោះប្រតិបត្តិករទូរគមនាគមន៍អ៊ីនធើណិតមានចំនួន៦ ក្រុមហ៊ុនរួមមាន៖ ១.ក្រុមហ៊ុនសេវាអ៊ីនធើណិតMetfone  ២.សាខាទូរគមនាគមន៍កម្ពុជា Telecom Cambodia ហៅកាត់ថា (TC) ៣.ក្រុមហ៊ុនសេវាអ៊ីនធើណិតCootel  ៤.ក្រុមហ៊ុនសេវាអ៊ីនធើណិតEzecom(អ៊ីស៊ីខម) ៥.ក្រុមហ៊ុនសេវាអ៊ីនធើណិត S.I Net  ៦.ក្រុមហ៊ុនសេវាអ៊ីនធើណិត Online ៧.ក្រុមហ៊ុនសេវាអ៊ីនធើណិត NTC NEOCOM (អិនធីស៊ីនីអូខម) និង ៨.ក្រុមហ៊ុនខ្សែកាបក្រោមដី CFONCE (ស៊ីហ្វូន) ។

ដោយឡែកសិ្ថតិបង្គោលអង់តែនសរុបមានចំនួន ៦៧ បង្គោល និងបង្គោលទូរស័ព្ទចល័តមាន ៦៥បង្គោលរួមមាន៖ ១.ក្រុមហ៊ុនMetfone មានចំនួន ៣០បង្គោល ២.ក្រុមហ៊ុនSmart Axiata មានចំនួន ១០បង្គោល។៣.ក្រុមហ៊ុនCamGSM មានចំនួន ២១បង្គោល ៤.ក្រុមហ៊ុនSetel មានចំនួន ២បង្គោល ។ ៥.ក្រុមហ៊ុន Cootel មានចំនួន ២បង្គោល ហើយបង្គោលវិទ្យុមានចំនួន ២ បង្គោល ដែលមានអនុភាព ២ គីឡូវ៉ាត់ម៉ោង និងបានបានចេញលិខិតអនុញ្ញាតិសាងសង់ស្ថានីយ៍បង្គោលអង់តែនទូរស័ព្ទថ្មីចំនួន 2កន្លែង ។