ឯកឧត្តម ផាន់ ចាន់ធុល ជំរុញអោយក្រុមការងារសុរិយោដី ពន្លឿនការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ


មានប្រសាសន៍នៅក្នុងពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នាព្រឹកថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស​២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ដែលបានធ្វើឡើងនៅក្នុងភូមិទួលស្រឡៅ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន, ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានជំរុញដល់​ក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តប៉ៃលិនអោយប្រឹងប្រែងបង្កើនសកម្មភាពរបស់ខ្លួនថែមទៀត ក្នុងការងារចុះបញ្ជីដីធ្លីមានលក្ខណៈជា​ប្រព័ន្ធជូនប្រជាពលរដ្ឋ ព្រោះការងារនេះមានសារៈសំខាន់ណាស់ ក្នុងការគ្រប់គ្រងដីធ្លី និងការពារបាននូវផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជា​ប្រព័ន្ធនេះ នឹងមិនធ្វើអោយប្រជាពលរដ្ឋចំណាយប្រាក់ច្រើនក្នុងការធ្វើ​ប្លង់រឹង ដែលជា​ឯកសារ​សំអាងរឹងមាំ កាត់បន្ថយបាននូវបញ្ហាជម្លោះដីធ្លី តែប្រជាពលរដ្ឋក៏អាចយកប្លង់រឹងនេះទៅបញ្ចាំខ្ចីប្រាក់ពីធនាគារសំរាប់ពង្រីកអាជីវកម្មរបស់ខ្លួនផងដែរ។ ឯកឧត្តម​បានមានប្រសាសន៍បន្តថា៖ បច្ចុប្បន្ននេះប្រទេសជាតិរបស់យើងបាន និងកំពុងមានការអភិវឌ្ឍន៍បោះជំហ៊ានទៅមុខលើគ្រប់វិស័យ ជាពិសេសវិស័យអចលនទ្រព្យ ដីធ្លី ដែលធ្វើអោយកើតឡើងនូវបញ្ហាប្រឈមមួយចំនួនដូចជា៖ ករណីវិវាទដីធ្លី ដែលមិនទាន់បានចុះបញ្ជី ការពុំមានទិន្នន័យក្បាលដីច្បាស់លាស់ ពិបាកក្នុងការគ្រប់គ្រង ដែលតម្រូវឲ្យមានការដោះស្រាយជាចាំបាច់។ ផ្អែកលើកត្តាប្រឈមទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអ្នកសេនាធិការ, បានដាក់ទិសដៅលើការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ឲ្យចប់សព្វគ្រប់នៅដំណាច់ឆ្នាំ២០២១។ ឯកឧត្តម ផាន់ ​ចាន់ធុល ក៏បាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងអាជ្ញាធរ​ភូមិ-ឃុំ  ត្រូវចូលរួមសហការឱ្យបានល្អ ក្នុងការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ដើម្បីអោយការងារនេះដំណើការដោយរលូនល្អ និងឆាប់រហ័ស។ 

សូមបញ្ជាក់ថា៖ សម្រាប់ដីនៅភូមិទួលស្រឡៅ សង្កាត់ទួលល្វានេះ មានផ្ទៃដីសរុបចំនួន ៥៨.៥ហិកតា និង ៥៨៥,០០០ម៉ែត្រការ៉េ, ដែលមានក្បាលដីសរុបចំនួន ២០៩ក្បាលដី, ដីលំនៅដ្ឋានមានចំនួន ១៥៦ក្បាលដី, ដីកសិកម្មមានចំនួន ៥១ក្បាលដី។ មានគ្រួសារសរុបចំនួន ១៤៧គ្រួសារ, និងក្បាលដីមានចំនួន ២០៨ក្បាលដី៕​ពិនិត្យ កែសម្រួល៖ វួច ពឿន