ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៧០គ្រួសារ រស់នៅក្នុងភូមិបាយសី ឃុំស្ទឹងត្រង់ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមខេត្តប៉ៃលិន


ថ្ងៃចន្ទ ៤ កើត ខែភទ្របទ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ លោកជំទាវ បាន ស្រីមុំ ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ប៉ៃលិន រួមដំណើរដោយឯកឧត្តមចេង ញ៉ាន់ អភិបាលរងខេត្ត និងសមាជិក សមាជិកា​គណកម្មាធិការសាខា ព្រមទាំងក្រុមការងារប្រតិបត្តិមួយចំនួនទៀត ​បានអញ្ជើញជួប​សំណេះ​សំណាល  សួរសុខទុក្ខ និងផ្តល់អំណោយ មនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋងាយរង​គ្រោះ​ចំនួន៧០​គ្រួសារ រស់នៅក្នុងភូមិបាយសី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

នៅក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ បាន ស្រីមុំបានពាំនាំការសួរ​សុខទុក្ខ​ ការនឹករលឹក និងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះប្រជាពលរដ្ឋគ្រប់រូបដែល​កំពុងរស់នៅ​ក្នុងខេត្តប៉ៃលិន។ ជាមួយគ្នានោះ លោកជំទាវ ក៏បានណែនាំអោយប្រជាពលរដ្ឋទាំងអស់​បន្តប្រឹងប្រែង​ប្រកបរបរ​ចិញ្ចឹមជីវិត មិនត្រូវខ្ជិលច្រអូសឡើយ​ ហើយក៏ត្រូវយកចិត្តទុកដាក់  គិតគូរ​ពីសុខុមាលភាពគ្រួសារ មើលថែទាំសុខភាពអោយបានល្អ  ពិសាទឹកដាំពុះ  មាន​អនាម័យក្នុងការរស់នៅ  សម្អាតបរិស្ថានជុំវិញផ្ទះ  លុបបំបាត់ជម្រកសត្វមូស ដែលជា​ប្រភពនៃជំងឺគ្រុនឈាម-គ្រុនចាញ់  និងត្រូវគេងក្នុងមុងជានិច្ច  ពិសេសត្រូវទៅ​មន្ទីរ​ពេទ្យ​ជាបន្ទាន់ នៅពេលមានរោគសញ្ញានៃជំងឺឆ្លងណាមួយ ដើម្បីសង្គ្រោះជីវិត​ឱ្យបានទាន់​ពេល​វេលា។

សូមបញ្ជាក់ថា៖អំណោយដែលផ្ដល់ជូនដល់ប្រជាពលរដ្ឋនាពេលនោះ ក្នុងមួយ​គ្រួសារទទួលបានអង្ករ  ៣០គីឡូក្រាម  ,ទឹកបរិសុទ្ធ១យួរ  ,ត្រីខ ១០កំប៉ុង, មី១កេះ ១អាវយឺត១ និងថវិកា៣ម៉ឺនរៀលផងដែរ។ ដោយ៖ វួច ពឿន