(29-10-2015) ប៉ៃលិន៖ នៅព្រឹកថ្ងៃទី ២៩ខែតុលាឆ្នាំ២០១៥លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការចុះឈ្មោះបោះឆ្នោតសាកល្បងឆ្នាំ២០១៥ តាមប្រព័ន្ធកុំព្យូទ័រ ដែលជាដំណើរការថ្មីនៃការចុះឈ្មោះបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាយើង។ លេខាធិការដ្ឋានរៀបចំការបោះខេត្តប៉ៃលិនបានបើកវគ្គបណ្ដុះបណ្ដាលពីនិតិវិធីនៃការចុះឈ្មោះបោះឆ្នោតសាកល្បងឆ្នាំ២០១៥នេះ ក៏ដើម្បីដកពិសោធ រកនូវចំនុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមនានាពីការចុះឈ្មោះនេះ សំរាប់ធ្វើការ កែលំអរអោយបានសមស្របសំរាប់ការចុះឈ្មោះពិតប្រាកដ នៅក្នុងឆ្នាំ២០១៦ខាងមុខ។ វគ្គបណ្ដុះបណ្ដាលនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ធូ ភា អភិបាលរងខេត្តប៉ៃលិន លោក ឡូ លុយ អភិបាលរង ក្រុងប៉ៃលិន តំណាងគណបក្សនយោបាយ ក្រុមមន្ត្រីអ្នកចុះឈ្មោះ ព្រមទាំងអង្គការសង្គមស៊ីវិលមួយចំនួនទៀតផងដែរ។
លោកស្រី ប៊ុន សុភី ប្រធានលេខាធិកាដ្ឋាន រៀបចំការបោះខេត្តប៉ៃលិនបានមានប្រសាសន៍ថា ដំណើរការ នៃ ការចុះឈ្មោះសាកល្បងឆ្នាំ២០១៥នេះ មានរយៈពេល ១៥ថ្ងៃ ដោយធ្វើឡើងនៅក្នុងភូមិចំនួន៣ ក្នុងសង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន គឺភូមិព្រៃមង្គល ភូមិក្រចាប់ និងភូមិក្រចាប់លើ ។ លោកស្រីបានបន្តថា ការចុះឈ្មោះសាកល្បងនេះ គឺយើងធ្វើអោយដូចមែនទែនអញ្ចឹង ប៉ុន្តែទិន្នន័យទាំងអស់នឹងរំលាយចោលវិញទាំងស្រុងមិនយកជាផ្លូវការនោះទេ។
(ឃ្លីប)
ឯកឧត្តម ធូ ភា អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា ការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រនេះ ជាដំណើរការថ្មី នៅក្នុងប្រទេសកម្ពុជាយើង ដែលអាចអោយយើងជួបនូវបញ្ហាប្រឈមមួយចំនួនកើតឡើងដោយនឹកស្មានមិនដល់។ ដូច្នេះការចុះឈ្មោះសាកល្បងនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការរកអោយឃើញនូវចំនុចខ្វះខាតទាំងនោះ និងកែសំរួលអោយបានល្អឡើងវិញ។ ឯកឧត្តមបានបន្តថា ទោះជាយ៉ាងណាក៏ដោយ ការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រនេះ នឹងមានសុក្រឹតត្រឹមត្រូវ ដែលគណបក្សនយោបាយទាំងអស់ទទួលយកបាន៕
[youtube id= “RJi8I_5bsC8”]