(29-10-2015) ប៉ៃលិន៖ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន រួមដំណើរដោយ ព្រះគ្រូ ក្តៀង សារ៉ាត់ ព្រះសមុគណខេត្ត និងជាព្រះចៅអធិការវត្តរតនសោភ័ណ ហៅ វត្តកោងកាង លោក សំ សាវឿន ប្រធានមន្ទីរធម្មការ និងសាសនា លោកស្រីសោ មុន្នីរ័ត្ន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោកស្រីសាន់ សាវឿន ស្នងការរងនគរបាលខេត្ត លោកស្រី គង់ សុភ័គ្រ បាននាំយកនូវថវិកា អង្ករ គ្រឿងឧបភោគ បរិភោគមួយចំនួន ទៅឧបត្ថម្ភជូនដល់ទីបញ្ជាការផ្នែកសឹករងក្រុងប៉ៃលិន។
ថវិកា គ្រឿងឧបភោគ បរិភោគដែលបានយកទៅឧបត្ថម្ភដល់ទីបញ្ជាការផ្នែកសឹករងក្រុងប៉ៃលិននាពេលនោះ មួយចំនួនធំបានពីការជួយឧបត្ថម្ភរបស់ព្រះគ្រូ ក្តៀង សារ៉ាត់ ព្រះសមុគណខេត្ត និងជាព្រះចៅអធិការវត្តរតនសោភ័ណ ហៅ វត្តកោងកាង ដែលក្នុងនោះរួមមាន អង្ករចំនួន៥ការ៉ុង មី១០កេះ ទឹកត្រី១៧យួរ ទឹកស៊ីអ៊ីវ៦យួរ ទឹកដោះគោ ២៨កំប៉ុង ទឹកសុទ្ធ១០យួរ ទឹកក្រូចដបធំ១យួរ ស្ករស១៤គីឡូក្រាម និង ថវិកាចំនួន២០ម៉ឺនរៀល ព្រមទាំងផ្តល់ថវិកាជូនដល់ពលទាហានចំនួន១៧នាក់ ម្នាក់ៗចំនួន១០០០០រៀលផងដែរ។
លោក ជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា អំណោយទាំងនេះបានពីការជួយឧបត្ថម្ភរបស់ព្រះសង្ឃ លោកអាចារ្យគណកម្មាការវត្តរតនសោភ័ណ ហៅវត្តកោងកាង ដែលព្រះអង្គ បានយកចំណែកខ្លះពីការធ្វើបុណ្យទានរបស់ពុទ្ធបរិស័ទ មកចែករំលែកជូនដល់វរៈកងទ័ពនៅទីបញ្ជាការផ្នែកសឹករងក្រុងប៉ៃលិននាពេលនេះ។ លោកជំទាវបានបន្តថា ជាការពិតវត្តរតនសោភ័ណ មានព្រះសង្ឃគង់នៅច្រើន ហើយតម្រូវការចង្ហាន់សំរាប់ព្រះសង្ឃក៏មានចំនួនច្រើន ដែលជាបន្ទុកដោះស្រាយរបស់ព្រះគ្រូចៅអធិការវត្ត ។ ក៏ប៉ុន្តែដោយទឹកចិត្តសប្បុរស់ ព្រះទ័យចែករំលែករបស់ព្រះគ្រូចៅអធិកាវត្ត ទើបមានការបរិច្ចាកនូវធនធានខ្លះៗសំរាប់មកឧបត្ថម្ភដល់វីរៈកងទ័ពនាពេលនេះ។
ក្នុងថ្ងៃដដែលនោះដែរ លោកជំទាវ ជា លាភ និងក្រុមការងារក៏បានបន្តដំណើរយកអង្ករ ចំនួន ៥០គីឡូក្រាម មីមួយកេះ ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ១យួរ ប្រេងឆា ១ដប ស្ករស១គីឡូក្រាម ទឹកដោះគោ២កំប៉ុង ទៅផ្តល់ជូនដល់គ្រួសារអ្នកមីង យ៉ម សំ ដែលមានជីវភាពក្រីក្រ និងពិការរស់នៅភូមិ អូរឬស្សីលើ ក្នុងឃុំអូរអណ្តូង និងបានបន្តយកថវិការចំនួន១២ម៉ឺនរៀល ទៅផ្តល់ជូន និងសួរសុខទុក្ខដល់គ្រួសារលោកតា ដឹម ឆម អាយុ៦៦ឆ្នាំ ដែលមានជំងឺជាទំងន់ រស់នៅភូមិ បឹងត្រកួន ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោក ជំទាវ ជា លាភ បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត ពិសេសឯកឧត្តម កើត សុធា អភិបាល នៃគណអភិបាលខេត្តប៉ៃលិន តែងតែគិតគូ ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការគណបក្សនយោបាយអ្វីឡើយ។ ទីណាមានទុក្ខលំបាក ឯកឧត្តមតែងតែណែនាំអោយក្រុមការងារថ្នាក់ខេត្តចុះពិនិត្យ សួរសុខទុក្ខ និងនាំយកនូវអំណោយខ្លះៗសំរាប់ជួយសំរួលដល់ការលំបាករបស់ប្រជាពលរដ្ឋយើង។ លោកជំទាវបានបន្តថា កន្លងមកក្រុមការងារក៏បានចុះជួយប្រជាពលរដ្ឋបានច្រើនគ្រួសារមកហើយដែរ ទោះថាអំណោយទាំងនោះមានចំនួនតិចតួច តែជាទឹកចិត្តរបស់ថ្នាក់ដឹកនាំខេត្ត ដែលបានចែករំលែក ជួយដល់ប្រជាពលរដ្ឋយើង តែអ្វីដែលសំខាន់នោះគឺប្រជាពលរដ្ឋយើងទាំងអស់ត្រូវប្រឹងប្រែងដោយខ្លួនឯង ត្រូវខិតខំធ្វើការងារ បង្កបង្កើនផលដំណាំគ្រប់ប្រភេទសំរាប់លើកស្ទួយដល់ជីវភាពក្រុមគ្រួសារអោយរីកចំរើនឡើង៕
[youtube id= “nofU7xQgYlY”]