ឯកឧត្តមអភិបាលខេត្តអញ្ជើញត្រួតពិនិត្យការជួសជុលផ្លូវនៅក្នុងក្រុងប៉ៃលិន


ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន រួមដំណើរដោយលោកប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការមួយចំនួនទៀត បាន​អញ្ជើញ​ចុះត្រួតពិនិត្យការជួសជុលថែទាំផ្លូវចាក់កៅស៊ូមួយខ្សែប្រវែង ៨៥០ម៉ែត្រ ស្ថិតនៅភូមិអូរតាប្រាំង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលរងការខូចខាត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានថ្លែង អំណរគុណ និងកោតសរសើរដល់មន្ទីរ​សាធារណៈការ និងដឹកជញ្ជូនខេត្ត ដែលបានយកចិត្តទុកដាក់ថែទាំង​ ជួសជុល​ផ្លូវជា​ប្រចាំដើម្បសម្រួលការធ្វើដំណើរបស់ប្រជាពលរដ្ឋ ក៏ដូចជាកែលំអរ​សោភ័ណ្ឌ​ភាព​ផ្លូវក្នុងក្រុង​អោយបានល្អប្រសើផងដែរ។ ឯកឧត្តមអភិបាលខេត្តក៏បានសំណូមពរដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវសូមចូលរួមសហការជាមួយមន្ត្រីជំនាញក្នុងការរៀបចំប្រព័ន្ធលូរំដោះទឹកអមសងខាងផ្លូវ និងយកចិត្តទុកដាក់ថែរក្សាផ្លូវ ដើម្បីមាននិរន្តរភាពប្រើប្រាស់បានយូរអង្វែង។    ជាមួយគ្នានេះផងដែរអភិបាលខេត្តក៏បានជំរុញដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្រូវពន្លឿនការជួសជុលផ្លូវមួយខ្សែនេះអោយបាន​លឿនផង​ដែរ។
សូមបញ្ជាក់ថា៖ បច្ចុប្បន្នមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំ ជួសជុលផ្លូវថ្នល់ទូទាំងខេត្តជាប្រចាំ ដោយចុះត្រួតពិនិត្យ និងជួសជុលឡើងវិញនូវ ចំណែកផ្លូវដែលខូច ផ្លូវមានជង្ហុក សំបុកមាន់ ជាដើម ដើម្បីសំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ទន្ទឹមនោះដែរ មន្ទីរសាធារណៈការក៏បានអនុវត្ត ការគូសសញ្ញាចរាចរណ៏ និងដាក់ស្លាកចរាចរណ៏បន្ថែមលើដងផ្លូវ កាប់ព្រៃឈើអមសងខាងផ្លូវអោយមានភាពទូលាយផងដែរ៕ វួច ពឿន