ឯកឧត្តម ហុក សុផល ស្នើដល់ប្រជាពលរដ្ឋត្រូវត្រៀមឯកសារពាក់ព័ន្ធ និងព្រំប្រទល់ដីឱ្យបានច្បាស់លាស់សម្រាប់ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ


មានប្រសាសន៍ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិបឌិនៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិននាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន  បានស្នើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវត្រៀមឯកសារពាក់ព័ន្ធ និងព្រំប្រទល់ដីឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលដល់មន្ត្រីជំនាញក្នុងការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ ព្រោះថាបងប្អូនប្រជាពលរដ្ឋនឹងមាន ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីដោយស្របច្បាប់ សម្រាប់ដាក់បញ្ចាំខ្ចីប្រាក់ពីធនាគារសម្រាប់ប្រកបមុខរបរផ្សេងៗ, សម្រាប់ចែកបន្តដល់កូនចៅ ពិសេសមិនមានអ្នកណាអាចរំលោភបំពានបានឡើយ។ ឯកឧត្តមក៏​បានផ្តាំផ្ញើរ​ដល់បងប្អូន​ប្រ​ជា​ពល​រដ្ឋដែលបានចូលរួម ត្រូវបន្តជួយផ្សព្វផ្សាយបន្តអ្នកដទៃទៀត ដែលមិនបានមកចូលរួមអោយបានយល់ដឹងអំពីនីតិវិធី​នៃការចុះបញ្ជីដីធ្លីមាន​លក្ខណៈ​ជាប្រព័ន្ឋ និងសំនូមពរ​ដល់​អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ឋ រួមទាំងប្រជាពលរដ្ឋ​អ្នក​កាន់​​​កាប់ដីនៅក្នុង​តំបន់​វិនិច្ឆ័យនេះ សូមជួយផ្តល់ភាពងាយស្រួល និង​ចូលរួមសហការអោយ​បាន​ល្អជា​មួយ​​​ក្រុមការ​ងារ​ចុះបញ្ជីដីធ្លី ដើម្បីអោយ​ការអនុវត្ត​នីតិវិធីនៃការ​ចុះបញ្ជីដីធ្លីមាន​លក្ខណៈ​ជាប្រព័ន្ឋប្រព្រឹត្តទៅ​ដោយរលូន និង​ជោគជ័យ។

សូមបញ្ជាក់ថា៖ បើតាមលោក សូ សុខុន ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បានឲ្យដឹងថា៖ នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធមាន ៥ដំណាក់កាល៖ ទី១-ត្រៀមរៀបចំ គឺការកំណត់តំបន់វិនិច្ឆ័យ ការបង្កើតគណកម្មការរដ្ឋបាល ការជូនដំណឹងកិច្ចប្រជុំផ្សព្វផ្សាយ និងដំណើរការផ្សព្វផ្សាយពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ ទី២-ប្រតិបតិ្តការបច្ចេកទេស គឺការចុះកំណត់ព្រំ វាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។ ទី៣-បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ (ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី) រយៈពេល១៥ថ្ងៃ ដើម្បីទុកលទ្ធភាពឲ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធ ធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង។ ទី៤-សម្រេចលើឯកសារវិនិច្ឆ័យ របាយការណ៍ពីលទ្ធផលនៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរបស់គណកម្មការរដ្ឋបាលជូនអភិបាលខេត្ត ដើម្បីពិនិត្យ និងសម្រេចលើការផ្តល់សិទ្ធិចំពោះក្បាលដីណាដែលមិនមានទំនាស់ ឬមានការពាក់ព័ន្ធនឹងដីរបស់រដ្ឋ និងទី៥-ចុះបញ្ជីចេញប័ណ្ណ និងចែកប័ណ្ណ ជូនម្ចាស់ដី។ លោកបានបន្តថា នៅក្នុងភូមិបឌិននៀវ មានក្បាលដីចំនួន ៥២៥ក្បាលដី និងភូមិអូរតាពុកលើមានចំនួន ៤៥០ក្បាលដី៕ ពិនិត្យ កែសម្រូល៖ វួច ពឿន