(27-10-2015) ប៉ៃលិន៖ រសៀលថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៥ លោកជំទាវ ជា លាភ អភិបាលរងខេត្ត តំណាងឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន រួមដំណើរដោយ លោក ស្រី សោ មុន្នីរ័ត្ន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោកស្រី សាន់ សាវឿន ស្នងការរងនគរបាលខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុកសាលាក្រៅ លោក អភិបាលស្រុកសាលាក្រៅ និង ព្រះគ្រូចៅអធិការវត្តអូរអិល បាននាំយក ថវិកាចំនួន ៥០ម៉ឺនរៀល អង្ករ ៥០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ ៧យួរ ទៅឧបត្ថម្ភជូនដល់ក្រុមគ្រួសារសព យុវតី ម៉ែន សាន់រ៉ា អាយុ ១៨ឆ្នាំ នៅភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដែលបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥កន្លងទៅ នៅដងផ្លូវជាតិលេខ៥៩ នៅចំនុចមុខវិទ្យាល័យហ៊ុនសែនសាលាក្រៅ ក្នុងភូមិថ្នល់ទទឹង ឃុំអូរអណ្តូង ស្រុកសាលាក្រៅខេត្តប៉ៃលិន។
លោកជំទាវ ជាលាភ អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ពាំនាំការផ្តាំផ្ញើរ និងចូលរួមរំលែកមរណទុក្ខពីសំណាក់ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន ចំពោះក្រុមគ្រួសារសព ដែលបានបាត់បង់កូនស្រីជាទីស្រឡាញ់ ដោយគ្មានថ្ងៃវិលត្រលប់វិញឡើយ។ លោកជំទាវបានមានប្រសាសន៍ថា ការបាត់បង់កូនជាទីស្រឡាញ់របស់ខ្លួនគឺជាទុក្ខព្រួយដ៏ធំធេងណាស់សំរាប់ឪពុកម្តាយគ្រប់រូប តែមនុស្សយើងវិលកើត វិលស្លាប់មិនទៀងទាត់អាស្រ័យលើនិស្ស័យកម្មរបស់ខ្លួន ។ ដូច្នេះសូមអោយប្អូនប្រុស ប្អូនស្រីជាឪពុកម្តាយនៃសព ត្រូវកាត់ចិត្ត និងធ្វើបុណ្យឧទ្ទិសកុសលជូនដល់សព ទៅតាមប្រពៃណី ខ្មែរយើង។ លោកជំទាវបានបន្តថា ថ្ងៃនេះដោយមានការចង្អុល បង្ហាញពីឯកឧត្តម កើត សុធា អភិបាល នៃគណអភិបាលខេត្តប៉ៃលិន ក្រុមការងារថ្នាក់ខេត្ត បាននាំយកថវិកាចំនួន៥០ម៉ឺនរៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត មកផ្តល់ជូនដល់ក្រុមគ្រួសារសព ដើម្បីចូលរួមរំលែកទុក្ខ និងជួយឧបត្ថម្ភដល់កម្មវិធីបុណ្យសព របស់យុវតី ម៉ែន សាន់រ៉ា ដែលជំនួយទាំងនេះមួយចំនួនបានពីការជួយឧបត្ថម្ភរបស់ឯកឧត្តម កើត សុធា អភិបាល នៃគណអភិបាលខេត្តប៉ៃលិន និងមួយចំណែកទៀតបានពីការជួយឧបត្ថម្ភ ពីព្រះគ្រូចៅអធីការវត្តអូររអិល និងសប្បុរស់ជនមួយចំនួនទៀតផងដែរ។
[youtube id= “5y8jiP5Ah14”]