កាលពីវេលាម៉ោង ១៥ និង ៣០នាទីថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្បាលចំការរបស់ឈ្មោះ ប្រាក់ គា ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានករណីធ្វើអត្តឃាតមួយលើកដោយយកកាំភ្លើងបាញ់ខ្លួនឯង (ប្រភេទកាំភ្លើងឆ្នុក) បណ្តាលអោយចំក្បាលពោះត្រង់ចំណុចផ្ចិត ធ្លាយទៅផ្នែកខាងក្រោយខ្នង ដោយសារការឈ្លោះប្រកែកគ្នាក្នុងគ្រួសារ ។
ជនរងគ្រោះមានឈ្មោះ ចក់ តឿ ហៅផាត ភេទប្រុស អាយុ៣៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិ/សង្កាត់ខាងលើ។ បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យខេត្តបាត់ដំបង។
ករណីខាងលើនេះគឺកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ កោសល្យវិច្ច័យនៃប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរតាវ៉ៅ សហការណ៍ជាមួយកម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចុះទៅពិនិត្យមើលកន្លែងកើតហេតុ និងធ្វើការសន្និដ្ឋានជំហានដំបូងថា ករណីខាងលើនេះ គឺជាការធ្វើអត្តឃាត ដោយសារជនរងគ្រោះមានការឈ្លោះទាស់ទែងជាមួយក្រុមគ្រួសារ៕ ដោយ៖ វួច ពឿន