កសិករខេត្តប៉ៃលិន ចំនួន ២៦០គ្រួសារដែលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិទទួលអំណោយពូជន៍ដំណាំ ជី និងថ្នាំកសិកម្មពីរាជរដ្ឋាភិបាលកម្ពុជា


ថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩  ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ក្នុងពិធីចែកពូជន៍ពោត ស្រូវ ជី និងថ្នាំកសិកម្ម ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តប៉ៃលិន ជូនប្រជាពលរដ្ឋ ចំនួន ២៦០គ្រួសារ ដែលខូចខាតដំណាំកសិកម្ម ដោយគ្រោះធម្មជាតិ នាដើមឆ្នាំ២០១៩នេះ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ដោយសារកត្តាអាកាសធាតុ មានការប្រែប្រួល បានបង្កអោយមានការប៉ះពាល់ដល់ដំណាំសិកម្មរបស់ប្រជាពលរដ្ឋយើង។ នៅដើមឆ្នាំ២០១៩នេះ  មានភ្លៀង​ធ្លាក់តិច  និងមានអាកាសធាតុក្រៅ ធ្វើអោយផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋទទួលរងការ​ខូចខាត​យ៉ាងច្រើន។ ដូច្នេះបងប្អូនប្រជាពលរដ្ឋ​យើងទាំងអស់​ត្រូវតែចេះសំរបខ្លួនទៅនឹងធម្មជាតិ ដោយ​ត្រូវដាំដំណាំណា​ដែលត្រូវការទឹកតិច  ឬប្រើប្រាស់​ពូជ​ន៍ដំណាំណាដែលធននឹងភាពរាំងស្ងួត ធន់នឹងភាពជាំទឹក និងសមស្របទៅ​នឹងស្ថាន​ភាព​ដីរបស់ខ្លួន​។ ឯកឧត្តម ត្តបានមានប្រសាសន៍បន្តថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹក​នាំរបស់សម្តច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បានចាត់ទុកវិស័យកសិកម្មជា​វិស័យអាទិភាពមួយ ទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិឱ្យបានរីកចំរើន ព្រោះថាប្រទេសយើងជាប្រទេសដែលមានសក្តានុពល​លើផ្នែកកសិកម្ម។ ឯកឧត្តមបានមានប្រសាសន៍បន្តថាៈ ការឧបត្ថម្ភពូជន៍ពោត និងពូជន៍ស្រូវដល់កសិកររងគ្រោះ​នាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ដល់កសិករក្នុង​ការបង្កបង្កើនផលរដូវកាលថ្មីឱ្យបានទាន់ពេលវេលា។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ​ក៍បាន​ណែនាំដល់ប្រជាកសិករ​យើងទាំង​អស់ ត្រូវចងក្រង​គ្នាជាសហគមន៍កសិកម្ម ដែលយើងអាចដាំដុះដំណាំទៅតាមតម្រូវការទីផ្សារ និងតាមកិច្ចសន្យា ព្រមទាំងមាន​លទ្ធភាព​ចចារតំលៃជាមួយក្រុមហ៊ុនធានាបាននូវតំលៃមួយសមរម្យដែល​ប្រជា​ពល​រដ្ឋ​យើងអាច​ទទួល​យកបាន ហើយ​យើងក៏​មាននិរន្តរភាពលើទីផ្សារលក់កសិផល​របស់​យើងផងដែរ។

សូមបញ្ជាក់ថា៖ បើតាមការបញ្ជាក់របស់លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន​បានឱ្យដឹងថា៖​ដើមឆ្នាំ២០១៩នេះ កសិករខេត្តប៉ៃលិនរងគ្រោះដោយគ្រោះធម្មជាតិ លើផលិតកម្មកសិកម្ម គឺដំណាំពោតក្រហម ខូចខាតចំនួន ៦,៣៦០ហិចតា ស្មើនឹង ៩០% នៃផលិតកម្មពោតក្រហមសរុបក្នុងខេត្ត  ដែលមានចំនួន ៧ ,០៦៧ហិចតា ។ ដំណាំដំឡូងមី ខូចខាតចំនួន ៤,២១១ហិចតា ស្មើនឹង ១០%។  ចំពោះការចែកជូន ពូជដំណាំ និងថ្នាំជីកសិកម្ម ដល់កសិករនាពេលនេះរួមមាន៖ ពូជពោតក្រហម ចំនួន ៣,៦០០គីឡូក្រាម ពូជស្រូវចំនួន ១,២០០គីឡូក្រាម ជីនិងថ្នាំកសិកម្ម ចំនួន ៦៦៥ដប និងថ្នាំកំចាត់ខ្យងចំនួន ១២០កញ្ចប់៕

វួច ពឿន