ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិន ធ្វើវេទិការសាធារណៈ នៅក្នុងស្រុកសាលាក្រៅ


នៅព្រឹកថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិន បានបើកវេទិការសាធារណៈ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលវេទិការនេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តប៉ៃលិន។ អញ្ជើញចូលរួមនាឱកាសនោះមាន ឯកឧត្តម លោកជំទាវសមាជិក សមាជិការ ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិន ឯកឧត្តម លោកជំទាវជាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងលោក-លោកស្រីប្រធាន អនុប្រធានមន្ទីរជំនាញជុំវិញខេត្ត លោកអភិបាល  អភិបាលរងស្រុក កងកំលាំងប្រដាប់អាវុធ លោកមេឃុំ មេភូមិ និងបងប្អូនប្រជាពលរដ្ឋមកពីភូមិ ឃុំនានាក្នុងស្រុកសាលាក្រៅ ជាច្រើននាក់។

វេទិការសាធារណៈនេះ បានប្រព្រឹត្តទៅពេញមួយព្រឹក ដោយបានផ្តលឱកាសអោយបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន បានលើកឡើងពីបញ្ហាប្រឈមនានានិង សំនូម  ដើម្បីអោយក្រុមការងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិន និងមន្ទីរ អង្គភាពជំនាញនានាដែលពាក់ព័ន្ធធ្វើការបំភ្លឺ និងរួមគ្នាដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋត្រឡប់វិញ។

បញ្ហាប្រឈម និងកង្វល់នានាដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងនាពេលនោះ រួមមាន ដូចជា៖១/ បញ្ហាដីធ្លីនៅភូមិដូង ចំនួន១គ្រួសារ ដោយគាត់បានដាក់ប្លង់ដីខ្ចីលុយគេ ហើយមិនមានលទ្ធភាពសងវិញ ធ្វើអោយម្ចាស់បំណុលយកដីរបស់គាត់ ។ ២/បញ្ហាបាត់ក្បាលដីនៅភូមិ​ស្លា ឃុំស្ទឹងកាច់។ ៣/បញ្ហាផ្លូវភូមិកកោះចំនួន៥ គីឡូម៉ែត្រពិបាកធ្វើដំណើរ។ ៤/ បញ្ហាប្រជាពលរដ្ឋចំនួន ២០គ្រួសារ អត់មានដី​ប្រកបមុខរបរចិញ្ចឹមជីវិត និងធ្វើគេហដ្ឋាន។ ៥/បញ្ហាទំនាស់ដីធ្លីនៅភូមិបាយសី ដោយបានប្តឹងទៅតុលាការមិន​ទាន់​ដោះបានស្រាយ ។ ៦/បញ្ហាប្រជា​ពលរដ្ឋដាក់ប្លង់ខ្ចីលុយពីធានាគារ ធ្វើអោយមានការពិបាកនៅពេលមានក្រុមការងារចុះវាស់វែងដីជា​ប្រព័ន្ធ​។ ៧/បញ្ហាការយឺតយ៉ាវក្នុងការផ្តល់ប្លង់ដីកម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋ។ ៨/បញ្ហាប្រជាពលរដ្ឋមិនយល់ច្បាស់​ពីការចុះបញ្ជីដីជាប្រព័ន្ធ និង​និតិវិធីនៃការចែកដីដែលបានចុះក្នុងបញ្ជីជាប្រព័ន្ធដល់កូនចៅ ។៩/បញ្ហាភ្លើងឡើងថ្លៃ និងបញ្ហាតម្លៃកសិផល។

ឆ្លើ​យតបទៅនឹងបញ្ហាទាំងអស់នេះ ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន ក្នុងនាមរដ្ឋបាលខេត្តទាំងមូល បានប្តេជ្ញាខិតខំយកចិត្តទុកដាក់ដោះស្រាយ និង​ជំរុញ​ដល់​រដ្ឋបាលស្រុក ព្រមទាំងស្ថាប័នមន្ទីរ ស្ថាប័នជំនាញ​ដែល​ជាប់​ពាក់ព័ន្ធទាំងអស់​ធ្វើការដោះ​ស្រាយ ​អោយបានជាបន្តបន្ទាប់​ ស្របតាម​គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងន័យលើកកម្ពស់ជីវភាព​ និងអភិវឌ្ឍន៍នៅ​តាមមូលដ្ឋានអោយមានការរីកចំរើន។

ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិនបានមានប្រ​សាសន៍​ថា៖ ការធ្វើវេទិការនៅពេលនេះដើម្បី ផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋលើកឡើងបញ្ហា សំណើរ សំនូមពរផ្សេងៗ​ដែលពួកគាត់ជួបប្រទះ មកពិភាក្សាគ្នាដោះស្រាយ ក្នុងក្របខ័ណ្ឌរដ្ឋបាលខេត្ត ស្រុក និងមន្រ្តីជំនាញជាមួយប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍គណនេយ្យភាព តម្លា​ភាព និងសមធម៌។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ វេទិការសាធារណៈនេះក៏ជាការឆ្លុះបញ្ចាំងអោយឃើញពីការអនុវត្តការងាររបស់មន្រ្តីជំនាញដែលបំរើប្រជាពលរដ្ឋនៅមូលដ្ឋាន និងត្រូវផ្លាស់ប្តូរឥរិយាបទដែលមិនល្អចេញ ដូច​ប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តី​នៃព្រះ​រាជា​ណាចក្រកម្ពុជាគឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាល និងវះកាត់។ ឯកឧត្តម ក៏បានមានប្រសាសន៍បន្តទៀតថា៖ បច្ចុប្បន្ននេះប្រទេសជាតិរបស់យើងកំពុងស្ថិតក្នុងសន្តិភាព និងការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។ ដូច្នេះយើងទាំងអស់គ្នាត្រូវខិតខំរួមសាមគ្គីគ្នាថែរក្សា នូវសុខសន្តិភាព នេះឱ្យបាន គង់វង្ស។ ទន្ទឹមនឹងនោះ ​ថ្នាក់ដឹកនាំ​គ្រប់​លំ​ដាប់ថ្នាក់ ជាពិសេសរដ្ឋបាលស្រុក ត្រូវបង្កើនការផ្តល់សេវាសាធារណៈ រួមមានការ​ធ្វើអត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រកំណើត សៀវភៅគ្រួសារ សំបុត្រ​មរណភាព ការធ្វើអាជីវកម្ម ធ្វើប្លង់ដីធ្លី ធ្វើលិខិតសាងសង់ ជាដើម ជូនដល់​ប្រជា​ពលរដ្ឋ​អោយបានទាន់ពេលវេលា មានតម្លាភាព ត្រឹមត្រូវ ច្បាស់លាស់៕ ពិនិត្យ កែសម្រួល៖ វួច ពឿន