អភិបាលខេត្តប៉ៃលិន បានដឹកនាំប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាគ្សាការងារ ជាមួយរដ្ឋបាលខេត្តចាន់បុរី


ប៉ៃលិន៖ នៅសាលាខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ប្រតិភូខេត្តប៉ៃលិន ដែលដឹកនាំដោយ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាព និងស្ថាប័នជំនាញពាក់ព័ន្ធជុំវិញខេត្ត បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាគ្សាការងារ ជាមួយរដ្ឋបាលខេត្តចាន់បុរី ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តនៅជាប់ព្រំដែននៃប្រទេសទាំង២ ​(ប៉ៃលិន+ចាន់បុរី) ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានថ្លែងអំណរ​គុណចំពោះ រដ្ឋបាលខេត្តចាន់បុរី ដែលបានទទួល​ស្វាគមន៍ យ៉ាងកក់ក្រៅ ចំពោះគណៈប្រតិភូខេត្តប៉ៃលិន មក​ជួបសម្តែងការគួរសម និងពិភាក្សា​ការងារ ពីកិច្ចសហប្រតិបត្តិការ នៅតាមព្រំដែនរវាងប្រទេស​ទាំង២ ​ក្នុងការរឹត​ចំណងសាមគ្គីភាព មិត្តភាពដ៏ល្អជាមួយគ្នា ក្នុងការពង្រឹងកិច្ច​សហប្រតិបត្តិការលើគ្រប់​វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងពលករ នៅតាមបណ្តោយព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា-ថៃ​ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បាន​សំនូមពរ ដល់ភាគីថៃ បន្តសហប្រតិបត្តិការនូវបញ្ហាមួយចំនួនដូចជា៖ ពន្លឿនការកសាងស្ពានឆ្លងព្រំដែន បញ្ហាពលករខ្មែរឆ្លងដែនខុសច្បាប់ ព្រមទាំងបទល្មើសឆ្លងដែននានា និងការនាំចេញកសិផល និងការធ្វើពាណិជកម្មឆ្លងដែនរវាងខេត្តចាន់បុរី-ប៉ៃលិន ជាពិសេសជួយសម្រួលដល់ការនាំចេញ​ស្វាយ​កែវល្មៀត និងផ្លែមៀនប៉ៃលិនទៅកាន់ប្រទេសថៃ។

ជាការឆ្លើយតបឯកឧត្តម វីធូរ៉ាត់ ស្រ៊ីណាម អភិបាលខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ បានសន្យាខិតខំសហប្រតិបត្តិការ និងដោះស្រាយនូវរាល់សំណូមពរ របស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខេត្ត ចំណែកបញ្ហា១ចំនួនទៀត ឯកឧត្តមបាន​សន្យា​ថានឹងនាំយកនូវរាល់សំនូមពរ ទាំងអស់នេះ ធ្វើការពិភាគ្សាជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងថ្នាក់ដឹកនាំ ព្រមទាំងរាជរដ្ឋាភិបាលថៃ ដើម្បី​រកលទ្ធភាព និងដំណោះស្រាយ ក្នុង​ការ​​បង្កើន​​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឱ្យបានកាន់តែល្អប្រសើឡើង។ ក្នុងឱកាសនោះឯកឧត្តម វីធូរ៉ាត់ ស្រ៊ីណាម ក៍បានមានប្រសាសន៍កោតសសើរដល់រដ្ឋបាលខេត្តប៉ៃលិន ដែល​កន្លង​មកបានខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តជាប់ព្រំដែននៃប្រទេសទាំង២ ដើម្បីរក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍​របស់​ប្រជាជន និង​​ប្រទេសទាំង២ ដោយ​ស្មើភាព និងស្មោះត្រង់។

សូមបញ្ជាក់ថា៖ កសិផលរបស់ប្រជាកសិករនៅខេត្តប៉ៃលិន ដូចជា៖ ដំឡូង ពោត ស្វាយកែវល្មៀត និងផ្លែមៀនប៉ៃលិន ជាដើម គឺពឹងផ្អែកទៅលើទីផ្សារប្រទេសថៃ ហើយតែងតែមានបញ្ហាចំពោះតម្លៃនៅពេល​ប្រមូលផលម្តងៗ ដែលបញ្ហានេះ គឺជាកង្វល់របស់អាជ្ញាធរខេត្ត។