អង្គការក្តីករុណា ពិភាក្សាអន្តរជំនាន់ស្តីពីអំពើហឹង្សាផ្លូវភេទ និងយេនឌ័រក្នុងសម័យខ្មែរក្រហម ជាមួយលោកគ្រូអ្នកគ្រូសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន


នៅវត្តអូរច្រា ស្ថិតក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិននាព្រឹកថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០១៩ អង្គការក្តីករុណាពិភាក្សាអន្តរជំនាន់ស្តីពីអំពើហឹង្សាផ្លូវភេទ និងយេនឌ័រក្នុងសម័យខ្មែរក្រហម  និងផ្សព្វផ្សាយសាលក្រមអង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាកម្ពុជា ក្នុងសំណុំរឿង ០០២/០២  ជាមួយលោកគ្រូអ្នកគ្រូសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ក្រោមអវត្តមានលោក ប៊ុន វុឌ្ឍី នាយកប្រតិបត្តិអង្គការក្តីករុណា  លោក អ៊ុន ប៊ុនលី នាយករដ្ឋបាលខេត្ត លោក មួង សុផាត អនុប្រធាន​ការិយាល័យ​សិក្សា​សង្គម នៃនាយក​ដ្ឋាន​អភិវឌ្ឍន៍​​​កម្មវិធីសិក្សា នៃក្រសួងអប់រំយុវជននិងកីឡា ព្រមទាំងមាន​ការអញ្ជើញចូលរួម​ពី​សំណាក់​លោក លោកស្រីប្រធានមន្ទីរ លោកមេប៉ុស្តិ៍ ចៅសង្កាត់ មេភូមិ លោកគ្រូ អ្ន​កគ្រូសិស្សា​នុសិស្ស ជាច្រើននាក់ផងដែរ។

បន្ទាប់ពីលោក សុខ គឿន បានរាយការណ៍សង្ខេបពីសកម្មភាពការងាររបស់អង្គការក្តីករុណា រយៈពេល៣ឆ្នាំ ២០១៧-២0១៩ រួចមក លោក មួង សុផាត អនុប្រធាន​ការិ​យា                      ​ល័យសិក្សាសង្គម នៃ នាយកដ្ឋានអភិវឌ្ឍន៍​កម្មវិធីសិក្សានៃ​ក្រសួងអប់រំយុវជន និង កីឡា បានធ្វើបទបង្ហាញស្តីពីការលើកកម្ពស់ ការអប់រំប្រវត្តិសាស្រ្ត​ខ្មែរក្រហមនៅក្នុង​កម្មវិធីរបស់​រដ្ឋជូនដល់សិស្សានុសិស្សអោយបានយល់កាន់ច្បាស់ ដើម្បីយកចំនេះដឹងក្នុងការត្រៀមប្រឡងនាពេលខាងមុខអោយទទួលបានជោគជ័យ។

លោក ប៊ុន វុឌ្ឍី នាយកប្រតិបត្តិអង្គការក្តីករុណា បានអោយដឹងថា៖ អង្គការក្តីករុ​ណា​​គឺ​ជាអង្គការក្រៅរដ្ឋាភិបាល ក្នុងស្រុកមួយដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងអនុវត្តន៍ការងាររបស់ខ្លួនតាំងពីឆ្នាំ២០០៥ នៅតាមបណ្តាខេត្តសរុបចំនួន២១ខេត្ត ដោយផ្តោតលើការងារកសាងសន្តិភាព ពិភាក្សាអន្តរជំនាន់ស្តីពីអំពើហឹង្សាផ្លូវភេទ និងយេនឌ័រក្នុងសម័យខ្មែរក្រហម  និង ផ្សព្វផ្សាយសាលក្រមអង្គជំនុំជម្រះសាលាដំបូង នៃ អង្គជំនុំជម្រះ​វិសាមញ្ញក្នុងតុលាកម្ពុជា ក្នុងសំណុំរឿង ០០២/០២ ដោយផ្អែកលើចំនុចសំខាន់ៗគឺ ភាពសម្រុះជាតិសាសន៍ សមភាព ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំក្នុងអំឡុងសម័យខ្មែរក្រហម ការរំលោភសិទ្ធិ និង សេចក្តីថ្លៃថ្នូរ ដើម្បីជាកិច្ចសន្ទនាក្នុងការចូលរួមស្តាប់មតិយោបល់ សំនួរ របស់សិស្សានុសិស្ស និង ណែនាំចំនេះ​ដឹងពីប្រវត្តិសាស្រ្តនេះ ក្នុងការបង្កើតនូវ​ចំនេះដឹង​ដល់សិស្សានុសិស្សនិង​បងប្អូនប្រជាពល​រដ្ឋជំនាន់​ក្រោយ​អោយយល់​កាន់​ច្បាស់​និងពន្យល់អំពីរឿងរ៉ាវពិតដែលបានកើតឡើងកាលពីសម័យខ្មែរក្រហម តាមរយះការចែករំលែកបទពិសោធន៍ផ្ទាល់ពីអ្នករស់រានមានជីវិត និង ផ្តល់ការគាំទ្រដល់ពួកគាត់ ក៏ដូចជាចូលរួមទប់ស្កាត់កុំអោយមានអំពើហិង្សាក្នុងឧក្រិដ្ឋកម្មកើតឡើងសារជាថ្មី ។​ដូច្នេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជាពិសេសសិស្សានុសិស្សនិងយុវជនត្រូវចូលរួមសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្តដ៏ជូរចត់មួយនេះ សម្រាប់ជាចំណេះដឹង ក្នុងការចូលរួមទប់ស្កាត់កុំអោយមានរបបនេះកើតឡើងសារជាថ្មី ជាមួយគ្នាត្រូវចូលរួមចំណែកគាំទ្រ ដល់ជនរងគ្រោះនិងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលពួកគាត់ភាគច្រើនត្រូវទទួលរងនូវការរំលោភបំពាន ការបង្ខំអោយធ្វើការលើសកម្លាំង ការធ្វើទារុណកម្មនានា ការលុបបំបាត់សាសនា ការបាត់បងសាច់ញាតិជាទីស្រលាញ់ជាដើម ដើម្បីអោយពួកគាត់មានអារម្មណ៍ធូស្បើយ និងប្រសើរឡើង។