នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិនព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំត្រួតពិនិត្យអនុវត្តកម្មវិធីចំណូលចំណាយពាក់កណ្តាលឆ្នាំ២០១៩ របស់មន្ទីរជំនាញខេត្តប៉ៃលិន ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន និង លោក នុត សោភិរក្ស ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់លោក-លោកស្រីប្រធាន អនុប្រធានមន្ទីរ និងប្រធានការិយាល័យរដ្ឋបាលហិរញ្ញវត្ថុតាមបណ្តាមន្ទីរជំនាញជុំវិញខេត្តផងដែរ។
លោក នុត សោភិរក្ស ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានថ្លែងថា៖ កិច្ចប្រជុំនេះធ្វើឡើងសម្រាប់ត្រួតពិនិត្យការអនុវត្តថវិកា ពាក់កណ្តាលឆ្នាំ២០១៩ មានគោលបំណងសំ ខាន់ៗ ៣គ៖ ទី១). តាមដាន និង រាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង អំពីវឌ្ឍនភាពដែលអង្គភាពថវិកាចំណុះឱ្យមន្ទីរសម្រេចបានក្នុងឆមាសទី១ឆ្នាំ២០១៩។ទី ២). កំណត់បញ្ហាប្រឈម និងស្នើដាក់ចេញនូវវិធានការដោះស្រាយ ដើម្បីជំរុញការអនុវត្តបន្តក្នុងឆ្នាំ ឱ្យកាន់តែរលូននិងសម្រេចបានតាមគោលដៅដែលបានដាក់ចេញ។ ទី៣). បំពេញតាមលក្ខខណ្ឌតម្រូវនៃបទប្បញ្ញតិគតិយុត្តពាក់ព័ន្ធថវិកាកម្មវិធីជាធរមាន។ លោកបានបញ្ជាក់ថា៖ ការត្រួតពិនិត្យការអនុវត្តថវិកាសម្រាប់ឆមាសទី១ នៃឆ្នាំ២០១៩នេះ បានរៀបចំឡើងដោយពិនិត្យយ៉ាងម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយពីគ្រប់ទិដ្ឋភាព ពិសេសផ្តោតសំខាន់លើទិដ្ឋភាព២ គឺ៖ ទីមួយទិដ្ឋភាពហិរញ្ញវត្ថុ ដែលពិនិត្យលើចំណូលប្រមូលបានជាក់ស្តែងធៀបនឹងឥណទានច្បាប់ និង ចំណាយជាក់ស្តែងធៀបនឹងឥណទានច្បាប់/ឥណទានថ្មី ហើយទីពីរគឺទិដ្ឋភាពសមិទ្ធកម្ម តាមរយៈការតាមដានវឌ្ឍនភាពនៃការអនុវត្តការងារជំនាញ ដោយកំណត់ជាភាគរយធៀបនឹងគោលដៅសូចនាករកំណត់ក្នុងផែនការសកម្មភាពឆ្នាំ២០១៩ ។
បន្ទាប់ពីសមាជិនៃអង្គប្រជុំស្តាប់នូវបទបង្ហាញនិងរបាយការណ៏ រួចមក ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ កិច្ចប្រជុំនេះពិតជាមាន សារៈសំខាន់ណាស់ ដោយមានវិសាលភាពពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តចំណូល និង ចំណាយថវិការដ្ឋ និងសមិទ្ធកម្មនៃការអនុវត្តផែនការសកម្មភាពពាក់កណ្តាលឆ្នាំ២០១៩ នៃគ្រប់អង្គភាពថវិការបស់មន្ទីរហើយសូមអោយជំនាញពិនិត្យឡើងវិញលើរបាយការណ៍ការងារអោយបានរហ័សនិងច្បាស់លាស់លាស់ជាងមុនផងដែរ ។ ឯកឧត្តមបន្តថាៈការត្រួតពិនិត្យការ អនុវត្តថវិកាពាក់កណ្តាលឆ្នាំ២០១៩ នេះ បានបង្ហាញពីលទ្ធផលនៃការប្រមូលចំណូលជាក់ស្តែងបានអនុវត្តក្នុងកម្រិតល្អមួយគួរឱ្យកត់សម្គាល់ (លើសពាក់កណ្តាលនៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ)។ រីឯការអនុវត្តចំណាយ ក៏កាន់តែមានភាពល្អប្រសើរជាងមុន ដោយអង្គភាពថវិកាភាគច្រើនបានយកចិត្តទុកដាក់អនុវត្ត ទោះបីជាការទូទាត់ត្រូវបានកត់សម្គាល់ថា នៅមានបញ្ហាប្រឈមក៏ពិតមែន។ ជាមួយនេះ យើងក៏សង្កេតឃើញថា មានបញ្ហាប្រឈមមួយចំនួនដែលតម្រូវឱ្យមន្ទីរជំនាញបន្តយកចិត្តទុកដាក់ពិនិត្យ និងវាយតម្លៃឡើងវិញ អំពីប្រសិទ្ធភាពនៃសមិទ្ធកម្មដែលបាននិងកំពុងសម្រេចក្នុងគោលដៅរៀបចំ និងដាក់ចេញជាវិធានការកែទម្រង់លើប្រព័ន្ធដឹកនាំនិងគ្រប់គ្រងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអោយប្រសើឡើង។ ឯកឧត្តមបាន បញ្ជាក់ថា លទ្ធផលរបាយការណ៍ក៏បានបង្ហាញអំពីតម្រូវការបង្កើនសមត្ថភាពបន្ថែមដល់ក្រុមការងារថវិកានៃអង្គភាពថវិកា ដែលតម្រូវឱ្យបន្តការបណ្តុះបណ្តាល។ ជាមួយនេះការអនុវត្តថវិកាកម្មវិធីនិងអង្គភាពថវិកានេះ ពុំមែនត្រូវការតែជំនាញពាក់ព័ន្ធក្នុងកិច្ចការគ្រប់គ្រងហិរញ្ញវត្ថុ និងថវិកានេះទេ ប៉ុន្តែអង្គភាពអនុវត្ត ត្រូវយល់ដឹងឱ្យបានស៊ីជម្រៅ និង ទូលំទូលាយអំពីគោលនយោបាយ និងកម្មវិធីជាអាទិភាពរបស់ខ្លួន ទើបអាចឈានទៅរៀបចំបានគ្រប់ជ្រុងជ្រោយនៃការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ។