មន្ទីរសុខាភិបាលខេត្តប៉ៃលិនបើកវេទិកាសុខភាពសាធារណៈសហគមន៍ និងការអប់រំផ្សព្វផ្សាយស្តីពីការការពារជម្ងឺគ្រុនឈាមដល់ប្រជាពលរដ្ឋ ក្នុងឃុំស្ទឹងត្រង់


ព្រឹកថ្ងៃច័ន្ទ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ មន្ទីរសុខាភិបាលខេត្តប៉ៃលិន ដឹកនាំដោយ លោកគ្រូពេទ្យ អាង នាង ប្រធានមន្ទីរសុខាភិបាលខេត្ត សហការជាមួយ រដ្ឋបាលស្រុកសាលាក្រៅ  ដឹកនាំដោយ​លោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ បានបើកវេទិកាសុខភាព​សាធារណៈ​សហគមន៍ និងការអប់រំផ្សព្វផ្សាយស្តីពីការការពារជម្ងឺគ្រុនឈាម ក្រោមប្រធានបទ ( យើង​រួម​គ្នាលើកកំពស់សុខមាលភាព មាតា កុមារ និងទារក និងទប់ស្កាត់ជម្ងឺរាតត្បាត​ក្នុងសហគមន៍ ​ជាពិសេសជម្ងឺគ្រុនឈាម ដល់ប្រជាពលរដ្ឋក្នុង ភូមិចំនួន៧ ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលរួមមាន៖  ភូមិផ្ទះស្បូវ, ភូមិភ្នំព្រាល, ភូមិអូរចិត្រប្រាំ, ភូមិអូរដូនតាលើ, ភូមិព្រៃសន្ទះ, ភូមិកូនដំរី , និងភូមិអូរទឹកភ្លាវ ។​

ក្រោយពីបានបញ្ចប់វេទិកាសុខភាព​សាធារណៈ​សហគមន៍ និងការអប់រំផ្សព្វផ្សាយ​ស្តីពីការការពារជម្ងឺគ្រុន​ឈាម ដល់ប្រជាពលរដ្ឋរួចមក  លោកគ្រូពេទ្យ អាង នាង ប្រធានមន្ទីរសុខាភិបាលខេត្ត និង​លោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ ក៏បានដឹកនាំមន្រ្តីក្រោមឱវាទ បន្តចុះចែកថ្នាំ អាល់ប៊ែត ដើម្បីដាក់តាមពាងទឹក អាងទឹក ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានភូមិទាំង៧ ផងដែរ៕ ដោយ៖ វួច ពឿន