(23-10-2015) ប៉ៃលិន៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ មន្ទីរសាធារណៈការ និងដឹកជញ្ជូន និងមន្ត្រីជំនាញពាក់ព័ន្ធ រួមជាមួយអាជ្ញាធរស្រុកសាលាក្រៅ បានចុះធ្វើការស្តា និងសំអាតឡើងវិញលូបង្ហូរទឹកតាមបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិន បន្ទាប់ពីលូបានកកស្ទះដោយសារសំរាម និងដីធ្វើអោយចរន្តនៃការបង្ហូរទឹកត្រូវបានកកស្ទះ និងហូរនៅលើគម្របលូ។
លោក ឌិន គឹម ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានឲ្យដឹងថាការស្តារលូដែលមានការកកស្ទះគឺមានប្រវែងជាង៣០០ម ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុចភូមិសំបុកចាប ។ លោកបន្តថាបញ្ហាដែលនាំឲ្យមានការកកស្ទះលូគឺបណ្តាលមកពីក្រុមហ៊ុនទឹកស្អាតបានដាក់រាយបំពង់ទុយោទឹកស្អាតនៅក្នុងលូបង្ហូរទឹក រួមជាមួយប្រជាពលរដ្ឋដែលរស់នៅតំបន់នោះមិនបានយកចិត្តទុកដាក់ក្នុងការថែរក្សាប្រមូលសម្រាមទុកដាក់ឲ្យបានត្រឹមត្រូវធ្វើសម្រាមរាយប៉ាយចូលក្នុងលូ ព្រមទាំងដោយសារភ្លៀងបានហូរនាំដីពីផ្នែកខាងលើយ៉ាងច្រើនផងដែរ។ មន្ទីរសារធារណៈការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានប្រើប្រាស់គ្រឿងចក្រដោយបានធ្វើការបើកគម្របលូ ហើយប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅជាប់លូបង្ហូរទឹកបានចូលរួមចំណែកធ្វើការសំអាតនៅតាមមុខលំនៅដ្ឋានរបស់ខ្លួន និងការយកចិត្តទុកដាក់អាជ្ញាធរស្រុកសាលាក្រៅ។
ប្រជាពលរដ្ឋដែលរស់នៅចំណុចដែលរងផលប៉ះពាល់ដោយផ្ទាល់បានសម្តែងក្តីរីករាយចំពោះសកម្មភាពនៃការស្តារប្រព័ន្ធលូររបស់មន្រ្តីជំនាញ និងអាជ្ញាធរ បន្ទាប់ពីគាត់បានរស់នៅជាមួយនិងក្លិនស្អុយរយះពេលជាច្រើនខែ (ឃ្លី)
គួរបញ្ជាក់ថាទឹកដែលមានក្លិនស្អុយបានធ្វើឲ្យបរិស្ថាននៅទីនោះមានភាពអាប់អួរ ធ្វើឲ្យខូចសោភ័ណ្ឌភាពនៅតំបន់ព្រំដែនដែលជាតំបន់មានទេចរណ៍សម្រាប់ភ្ញៀវទេសចរណ៌ជាតិ និងអន្តរជាតិ ដូច្នេះវិធានការនេះបានឆ្លើយតបទៅនិងសំណូមពរប្រជាពលរដ្ឋផង និងបានធ្វើឲ្យបរិស្ថាននៅតំបន់ព្រំដែនមានភាពល្អប្រសើរឡើងវិញ ស្របតាមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តដែលកំពុងយកចិត្តទុកដាក់ក្នុងការប្រកួតប្រជែងទីក្រុងស្អាត។ ជាមួយគ្នានេះឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ សូមចូលរួមចំណែកដោយផ្ទាល់ក្នុងការសំអាតអនាម័យ និងគ្រប់គ្រងកាកសំណល់របស់ខ្លួនដែលបានប្រើប្រាស់ឲ្យបានត្រឹមត្រូវ ដើម្បីលើកស្ទួយសោភ័ណ្ឌភាព និងបរិស្ថានខេត្តរបស់យើង។
[youtube id= “ve-B2nqxqnI”]