នាព្រឹកថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០១៩ គណៈប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃ រដ្ឋសភា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងលោក-លោកស្រីប្រធានមន្ទីរជំនាញទាំង៦ ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ គណៈប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា ដែលរួមមាន៖ មន្ទីរសាធាណៈការ និងដឹកជញ្ជូន, មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍, មន្ទីរឧស្សាហកម្ម និងសិប្បកម្ម, មន្ទីររ៉ែ និង ថាមពល, មន្ទីរពាណិជ្ជកម្ម, និងមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់។
មានប្រសាសន៍ស្វាគមន៍បើកកិច្ចប្រជុំ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានលើកឡើងថា៖ ខេត្តប៉ៃលិនគឺជាខេត្តមួយស្ថិតពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា មានចំងាយ ៣៧១គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ មានផ្ទៃដីសរុបមានចំនួន១០៦២គីឡូម៉ែត្រការ៉េ, ក្នុងនោះមានដីស្រែ ចំនួន ៨១គីឡូម៉ែត្រការ៉េ ,ដីចំការ ៣៧៥ម៉ែត្រការ៉េ, ដីលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ១០៥គីឡូម៉ែត្រការ៉េ។ រដ្ឋបាលខេត្តចែកចេញជាក្រុងមួយ ស្រុកមួយ និងមាន ៨ឃុំ/សង្កាត់ ព្រមទាំងមានមនុស្សសរុប ៦៩0៩៦នាក់ ស្រី៣៤៤៦៨ នាក់។ ប្រជាពលរដ្ឋចំណាក់ស្រុកទៅរកកាងារធ្វើនៅក្រៅប្រទេសចំនួន ៦៣៣៥នាក់ , ស្រី២៨០៨ នាក់។ ឯកឧត្តមបានបន្តថា៖ ខេត្តប៉ៃលិនមានសក្តានុពលលើវិស័យកសិកម្ម សិប្បកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អជាមួយខេត្តចាន់បូរី ប្រទេសថៃ ដែលជាខេត្តជាប់ព្រំប្រទល់ជាមួយខេត្តប៉ៃលិន ក្នុងកិច្ចការងារទំនាក់ទំនងព្រំដែន ពាណិជ្ជកម្ម ទេសចរណ៍ និងការងារចេញ-ចូល ឆ្លងកាត់ព្រំដែនរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ ទន្ទឹមនេះខេត្តប៉ៃលិន ត្រូវបានក្រុមហ៊ុនបរទេសមួយចំនួន កំពុងមានការចាប់អារម្មណ៍ និងសិក្សា មកវិនិយោគ កសាងរោងចក្រប្រមូលទិញកសិផលពីបងប្អូនប្រជាពលរដ្ឋ មាន៖ ពោត, ដំឡូងមី, ស្វាយកែវរមៀត, មៀនប៉ៃលិន ក៏ដូចជា ការវិនិយោគលើផ្នែករម្មណីយ៍ដ្ឋានទេសចរណ៍បែបធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកស្នាក់នៅ លេងកំសាន្តនៅខេត្តប៉ៃលិន។
លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានមានប្រសាសន៍ថា៖ កិច្ចប្រជុំនៅពេលនេះ គឺដើម្បីស្វែងយល់ពីប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់នានា ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ ក្នុងខេត្តប៉ៃលិន និងស្តាប់ពីបញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្ត និង មន្ទីរជំនាញចំនួន៦ ដើម្បីធ្វើកំណត់ត្រា យកទៅជូនថ្នាក់លើពិនិត្យ និងដោះស្រាយ ជាពិសេសណែនាំពីច្បាប់នានាបន្ថែមទៀត ដើម្បីជាគំនិត និងជំនាញ សំដៅការអនុវត្តការងារនៅក្នុងស្ថាប័នអង្គភាពរបស់ខ្លួនអោយទទួលបានជោគជ័យ។ លោកជំទាវក៍បានជំរុញដល់រដ្ឋបាលខេត្ត និងមន្ទីរជំនាញដែលជាប់ពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងលើការងារស្នូលរបស់ខ្លួនអោយមានគុណភាព ប្រសិទ្ធភាព និងត្រូវបំរើសេវាកម្មជូនប្រជាពលរដ្ឋអៅយបានល្អប្រសើ ដូចជា ការធ្វើប្លង់កាន់កាប់ដីធ្លី , ការធ្វើច្បាប់សាងសងអាគារ, ការផ្តល់ប្រព័ន្ធទឹកស្អាត, ប្រព័ន្ធអគ្គីសនី, និងច្បាប់ធ្វើអាជីវកម្មផ្សេងៗ ជាដើម។ ទន្ទឹមនឹងនេះត្រូវបន្តខិតខំយកចិត្តទុកដាក់លើបញ្ហាកសិផលរបស់បងប្អូនប្រជាកសិករ ដែលជួបបញ្ហា គឺត្រូវជំរុញដល់ក្រុមហ៊ុននានាក្នុងខេត្ត បន្តទិញកសិផលបងប្អូនក្នុងតម្លៃសមរម្យផងដែរ។
កិច្ចប្រជុំបានប្រព្រឹត្តទៅរយៈពេលពេញមួយព្រឹក ដោយមានលោក-លោកស្រីមន្ទីរជំនាញទាំង៦បានធ្វើរបាយការសង្ខេបពីសកម្មភាពនៃការអនុវត្តការងារជំនាញប្រចាំថ្ងៃរបស់ខ្លួន មានទាំងបញ្ហាលំបាក បញ្ហាងាយស្រួល និងលទ្ធផលសម្រេចបាន ដើម្បីអង្គប្រជុំបានជ្រាប ព្រមទាំងមានការសាកសួរនូវព័ត៌មានបន្ថែមទៀត ពីសំណាក់គណប្រតិភូគណៈប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា៕ ពិនិត្យ កែសម្រួល៖ វួច ពឿន