កម្លាំងចំរុះ ចុះឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់សារធាតុញៀនចំនួន ០៣នាក់ និងធ្វើការផាកពិន័យម៉ូតូចំនួន ១៩គ្រឿង


កាលពីវេលាម៉ោង ១៨ និង០០នាទី ល្ងាចថ្ងៃអាទិត្យ  ១៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ លោកឧត្ដមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្ដប៉ៃលិន បានបញ្ជាអោយលោកឧត្ដមសេនីយ៍ត្រី ស៊ិន សុភាលក្ម្សី ស្នងការរងផែនការងារអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ រួមជាមួយនឹងលោកស្នងការរងចំនួន០៤រូបទៀត  ដឹកនាំកម្លាំងក្រោមឱវាទ ចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ,សារធាតុញៀន, ច្បាប់ចរាចរណ៍ផ្លូវគោក, បទល្មើសព្រហ្មទណ្ឌ និងបទល្មើសសេដ្ឋកិច្ច នៅចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានកម្លាំងចំរុះចូលរួមចំនួន ៣៨នាក់ ។

ក្នុងកិច្ចសហប្រតិបត្តិការណ៍នេះកម្លាំងជំនាញធ្វើការត្រួតពិនិត្យសារធាតុញៀនបានចំនួន ៣២នាក់ ក្នុងនោះមានផ្ទុកសារធាតុញៀនចំនួន ០៣នាក់ ហើយបានដកហូតម៉ូតូ ០១គ្រឿង និងផាកពិន័យម៉ូតូគ្មានមួក, កញ្ចក់ ចំនួន ១៩គ្រឿង រួចបានធ្វើការអប់រំណែនាំដល់អ្នកបើកបរយាន្តល្មើសទាំងនោះឲ្យគោរពច្បាប់ចរាចរណ៍ផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់នូវគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយយថាហេតុ ។

ចំណែកជនសង្ស័យទាំង ០៣នាក់ រួមជាមួយនឹងម៉ូតូត្រូវបានការិយាល័យជំនាញយកមកធ្វើការអប់រំណែនាំ ដំឡើងមុខសញ្ញាធ្វើកិច្ចសន្យារៀងចាល និងឲ្យអាណាព្យាបាលមកធានាយកទៅវិញ ៕

ដោយ៖ វួច ពឿន

ប្រភព៖ ព្រិន្ទបាលទោ វ៉ន ដារ៉ា ការិយាល័យ ផ្សព្វផ្សាយ អប់រំ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន