កាលពីវេលាម៉ោង ១១:២៥នាទី ថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ មានករណីចោរលួចម៉ូតូមួយកើតឡើង នៅចំណុចសណ្ឋាគារ ១២ជាន់ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ម្ចាស់ម៉ូតូឈ្មោះ មិន រ៉ា ភេទ ប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិ ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បានបាត់ម៉ូតូមួយគ្រឿងម៉ាក Honda Click ពណ៌ស សេរីឆ្នាំ ២០១៩ លេខតួ ៨០៤៥៧៤០ លេខម៉ាស៊ីន ៨០៤៥៧៤០គ្មានស្លាកលេខ ។
មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូទៅធ្វើការ ហើយបានចាក់សោរកម៉ូតូទុកនៅមុខកន្លែងធ្វើការ រួចចូលទៅធ្វើការជាធម្មតា លុះពេលចេញមកវិញស្រាប់តែបាត់ម៉ូតូមិនឃើញ ។
ក្រោយពីបានទទួលទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះខាងលើ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានចុះស៊ើបអង្កេត និងកំណត់មុខសញ្ញា ឃើញថា ជនសង្ស័យ ក្រោយពីបានធ្វើសកម្មភាពរួច បានយកម៉ូតូជនរងគ្រោះ ទៅខាងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ភ្លាមៗ នោះលោកអធិការ ស្រុកសាលាក្រៅ បាន រាយការណ៍សុំគោលការពីស្នងការ និងបានរាយការជូនលោក តូច សុភក្ដី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីសុំការអនុញ្ញាតិពន្លាតដែនសមត្ថកិច្ចមកដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការឃាត់ខ្លួនជនសង្ស័យ។ លុះដល់មកវេលាម៉ោង ១០:៣០នាទី ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៩ កម្លាំង ជំនាញ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖
០១-ឈ្មោះ ទូច ផាត ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ០២-ឈ្មោះ ហៀប ឆវ័ន ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពានទី២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានដកហូត ម៉ូតូម៉ាក Zommer X ពាក់ស្លាកលេខ បន្ទាយមានជ័យ 1Q-7799 (ជាមធ្យោបាយរបស់ជនសង្ស័យ ក្នុងការប្រព្រឹត្តបទល្មើស) រីឯម៉ូតូជនរងគ្រោះ ម៉ាក HONDA click កម្លាំងជំនាញកំពុងធ្វើការស៊ើបអង្កេតបន្ត ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។
ដោយ៖ វួច ពឿន
ប្រភព៖ ព្រិន្ទបាលទោ វ៉ន ដារ៉ា ការិយាល័យ ផ្សព្វផ្សាយ អប់រំ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន