នាព្រឹកថ្ងៃ ព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន មានបើកកិច្ចប្រជុំត្រួតពិនិត្យការងារ ការអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ មានសុវត្តិភាព ប្រចាំឆមាសទី១ ឆ្នាំ២០១៩ និងការងារបញ្ចូលកំណត់ត្រាបទល្មើសព្រហ្មទណ្ឌ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន។
លោកវរសេនីយ៍ទោ ឡាំ សំរិទ្ធ នាយការិយាល័យសរុបផែនការ បានអានរបាយការណ៍សមិទ្ធផលការងារអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ មានសុវត្តិភាពប្រចាំឆ្នាំ២០១៩ ។ ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ទោ ឡាំ សំរិទ្ធក៏មានសំណូមពរបន្ថែម សូមឲ្យនាយការិយាល័យព្រហ្មទណ្ឌ ពន្លឿនការធ្វើរបាយការណ៍បង្ក្រាបបទល្មើសនានា អោយបានឆាប់រហ័ស ដើម្បីបញ្ចូលទៅក្នុងរបាយការណ៍ឆមាសទី២ ឆ្នាំ២០១៩។
បន្ទាប់ពីលោកវរសេនីយ៍ត្រី លេង សារ៉ន នាយការិយាល័យសរុបផែនការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានធ្វើបទបង្ហាញអំពីការបញ្ចូល កំណត់ត្រាបទល្មើសព្រហ្មទណ្ឌ និងរបៀបគណនាអំពីចំណាត់ថ្នាក់តាមបណ្តា ឃុំ-សង្កាត់ រួចមក លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន បានមានប្រសាសន៍ណែនាំដល់កងកម្លាំងទាំងអស់ ជាពិសេសកងកំលាំងនៃការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ព្រមទាំងអធិការក្រុង-ស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ/សង្កត់ទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការធ្វើរបាយការណ៍បង្ការ និងបង្ក្រាបបទល្មើសផ្សេងៗ ដើម្បីបូកសរុបលទ្ធផលយកមកប្រលងប្រណាំងចំណាត់ថ្នាក់ ភូមិ-ឃុំ មានសុវត្តិភាព។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ក៏មានការប្រគល់នូវសៀវភៅគ្រួសារ ប័ណ្ណស្នាក់នៅ និងអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់ការិយាល័យជំនាញ និងអធិការ ក្រុង-ស្រុក ធ្វើការចែកបន្តជូនទៅប្រជាពលរដ្ឋនៅតាមមូលដ្ឋានយកទៅប្រើប្រាស់៕
ដោយ៖ វួច ពឿន
ប្រភព៖ ព្រិន្ទបាលទោ វ៉ន ដារ៉ា ការិយាល័យផ្សព្វផ្សាយ អប់រំ