នៅវេលាម៉ោង១៩ និង ៣០នាទី អង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិអូពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ចំណុចក្បែរផ្លូវបំបែកភូមិចំការកាហ្វេ មានករណីផ្ទុះជីសានដាក់តាង៉ែន បញ្ជាអោយចេញផ្លែ មួយករណី បណ្តាលអោយមានមនុស្សចំនួន ៤នាក់បានរងរបួសធ្ងន់-ស្រាល ក្នុងនោះមាន៖១/ឈ្មោះ ធីម រឹម ភេទប្រុស អាយុ ៤១ឆ្នាំ ជាម្ចាស់ផ្ទះ នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មុខរបរលក់ដូរ របួសធ្ងន់។ ២/ឈ្មោះ អ៊ុត សុវណ្ណ ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មុខរបរជាងកាត់កញ្ចក់ រងរបួសធ្ងន់។ ៣/ឈ្មោះ ធី ម រតនា ភេទប្រុស អាយុ ៨ឆ្នាំ មុខរបរជាសិស្ស រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន រងរបួសស្រាល។ ៤/ឈ្មោះ ខាត់ សាឡែន ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន របួសស្រាល។
លោកវរសេនីយ៍ទោ យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិនបានអោយដឹងថា៖ មូលហេតុដែលបណ្តាលអោយមានការផ្ទុះជីសានដាក់តាង៉ែននេះ គឺដោយសាជនរងគ្រោះដែលជាម្ចាស់ផ្ទះឈ្មោះ ធីម រឹម បានយកជីអ័កម៉ូន(សាន) លាយជាមួយទឹក រួចយកទៅច្រកចូលក្នុងប៊ីដុង ចំណុះ៥លីត្រ ចំនួនពីរប៊ីដុង រួកក្រឡុកបញ្ចូលគ្នា ក៏បណ្តាលអោយមានការផ្ទុះតែម្តង បណ្តាលអោយម្ចាស់ផ្ទះរងរបួសធ្ងន់ និងអ្នកនៅក្បែរៗនោះ រួមមាន៖ ជាងកញ្ចក់ ដែលកំពុងដាក់កញ្ចក់ក្នុងផ្ទះក្បែរនោះ និងក្មេងប្រុស ស្រីពីរនាក់ទៀត បានរងរបួសធ្ងន់ និងស្រាលបន្ថែមទៀត។
បច្ចុប្បន្នជនរងគ្រោះ ដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ត នៅមន្ទីរពេទ្យខេត្តបាត់ដំបង ចំណែកជនរងគ្រោះ ដែលរបួសស្រាល គឺសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនផងដែរ ។
សូមបញ្ជាក់ថា៖ ក្នុងហេតុការផ្ទុះជីសានដាក់តាង៉ែននេះ គេក៏សង្កាតឃើញមានវត្តមាន ឯកឧត្តម ចេន ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន និង លោកវរសេនីយ៍ទោ យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិ ដឹងនាំមន្ត្រីក្រោមឪវាទ ព្រមទាំងមានមន្ត្រីស៊ីម៉ាក់ ចុះមកត្រូតពិនិត្យជាក់ស្តែង នៅនិងកន្លែងផងដែរ៕ ដោយ៖ វួច ពឿន