ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ និង ឯកឧត្តម ផាន់ ចាន់ធុល ដឹកនាំកម្លាំងមានសមត្ថកិច្ច ចុះត្រួតពិនិត្យនៅតាមអាជីវកម្មកាស៊ីណូធំៗ ដែលស្ថិតនៅភូមិផ្សារ


ល្ងាចថ្ងៃសុក្រ ៤កើត ខែអាសាឍ ឆ្នាំកុល ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា  ឆ្នាំ ២០១៩ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំក្រុមការងារនៃក្រសួងមហាផ្ទៃ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមដំណើរដោយឯកឧត្តម  ផាន់  ចាន់ធុល  អភិបាលខេត្តប៉ៃលិន  និងជាប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងលោកឧត្តមសេនីយ៏ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន បានអញ្ចើញចុះត្រួតពិនិត្យនៅតាមអាជីវកម្មកាស៊ីណូ ដែលស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីត្រួតពិនិត្យមើលការគ្រប់គ្រងបុគ្គលិក និងអប់រំផ្សព្វផ្សាយ ស្តីពី យុទ្ធនាការទប់ស្កាត់ការប្រើប្រាស់ ជួញដូរគ្រឿងញៀនខុសច្បាប់ដំណាក់កាលទី៤ ដើម្បីទប់ស្កាត់មិនអោយមានការប្រើប្រាស់ និងចែកចាយគ្រឿងញៀននៅតាមស៊ីណូ និងអាជីវកម្មតូចធំ ទូទាំងប្រទេសជាដាច់ខាត ។

ឯកឧត្តម  ផាន់  ចាន់ធុល  អភិបាលខេត្តប៉ៃលិន  និងជាប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានមានប្រសាសន៍ថា៖ កន្លងមក ដោយមាន​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ ជា​មួយ​កង​កម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ បាន​ចុះ​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​ នៃ​គ្រឿងញៀន ដល់​ប្រជាពលរដ្ឋ​ សិស្សានុសិស្ស ម្ចាស់ក្រុមហ៊ុន កាស៊ីណូ  ម្ចាស់ទីតាំងសប្បាយដ្ឋាន  ទូទាំងខេត្ត ជាបន្តបន្ទាប់។ ​ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ជាមួយនឹងវិធានការអប់រំយ៉ាងផុលផុស  វិធានការរដ្ឋបាល និងវិធានការច្បាប់ក៏ត្រូវបានអនុវត្តទន្ទឹមគ្នា ដោយចុះត្រួតពិនិត្យតាមសណ្ឋាគារ ផ្ទះសំណាក់ ខារ៉ាអូខេ ក្លឹបឌីស្កូ ម៉ាស្សាកោសជប់ជាដើម ។ កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ក៏មានគោលការណ៍ត្រួតពិនិត្យរកសារធាតុញៀនផ្ទៃក្នុង ក្នុងចំណោមកងកម្លាំងប្រដាប់អាវុធ មន្តី្ររាជការ ព្រមទាំងទណ្ឌិត និងអនុរក្សពន្ធនាគារ ផងដែរ។ ឯកឧត្តមក៏បានស្នើសុំទៅអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននូវឧបករណ៍ស្ទង់ទឹកនោមបុរសនារីបន្ថែមទៀត ដើម្បីរកសារធាតុញៀន ។

ឯកឧត្តមនាយឧត្តមសេនីយ៍  មាស  វិរិទ្ធ  អគ្គលេខាធិការ  នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអនុប្រធានអចិន្រ្តៃយ៍លេខាធិការដ្ឋានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ បានមានប្រសាសន៍ថា៖ ដោយនិន្នាការផលិត ការចរាចរ និងការជួញដូរគ្រឿងញៀនខុសច្បាប់ នៅក្នុងតំបន់ និងលើពិភពលោក នៅតែមានកំណើន និងជះឥទ្ធិពលដោយគ្រោះថ្នាក់​ដល់កម្ពុជា ជាពិសេសការលេចចេញនូវរូបភាព និងទ្រង់​ទ្រាយថ្មីៗ នៃការលួចនាំចូលសារធាតុញៀនមកកម្ពុជា ដូចជាកំណើនការនាំចូលតាមព្រលានយន្តហោះ និងតាមបញ្ញើប្រៃសណីយ៍ ដែលសកម្មភាពនេះទាមទារ ឲ្យមានវិធានការទប់ស្កាត់ បង្ការ និងបង្រ្កាបឲ្យកាន់តែសកម្ម និងក្តៅគគុកបន្ថែមទៀត ។ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញនូវផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤ រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។  ឯកឧត្តមបានបន្តថា៖ អគ្គស្នងការនគរបាលជាតិបានណែនាំដល់គ្រប់ស្នងការនគរបាលរាជធានី-ខេត្ត និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះបញ្ហាគ្រឿងញៀននៅតាមក្លឹប ផ្ទះសំណាក់ សណ្ឋាគារ និងក្លឹបកម្សាន្តនានា ដោយមិនលើកលែងនោះឡើយ។ គ្រប់ស្នងការនគរ​បាលរាជធានីខេត្តទាំងអស់ ត្រូវតែអនុវត្តន៍ឲ្យបានដាច់ខាត់ នូវប្រតិបត្តិការនេះ ដោយទទួលខុសត្រូវតាមដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យគោលនយោបាយការបង្រ្កាបគ្រឿងញៀនខុសច្បាប់អោយ ទទួលបានលទ្ធផលល្អ។ ក្នុងឱកាសនោះ ដែរ  ឯកឧត្តម  ក៏បានណែនាំ ដល់ម្ចាស់ក្លឹបកំសាន្ត  សប្បាយដ្ឋាន  និងកាស៊ីណូ  ទាំងអស់ត្រូវតែបង្កើនការយកចិត្តទុកដាក់  បង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដែលអាចក្លាយទៅជាទីផ្សារជួញដូរ គ្រឿងញៀន  និងបង្កើតឲ្យមានបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួន និងចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន គ្រប់ប្រភេទទៅតាមនីតិវិធីច្បាប់ ។ក្នុងករណីមានការសង្ស័យកើតមាននូវបទល្មើសគ្រឿងញៀនក្នុងទីតាំងអាជីវកម្មរបស់ខ្លួន ម្ចាស់ទីតាំងអាជីវកម្ម ត្រូវ សហការនិងផ្តល់ដល់សមត្ថកិច្ច  ដើម្បសមត្ថកិច្ចធ្វើការអន្តរាគមន៍ភ្លាម ៗ ។ ឯកឧត្តមបានលើកពាក្យស្លោកសម្រាប់សមត្ថកិច្ច សូមជៀសឲ្យបានដាច់ខាតនូវកុំ៤  គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ក្នុងករណីបទល្មើសគ្រឿងញៀនជាដាច់ខាតនោះឡើយ ហើយត្រូវអនុវត្តន៏តាមតួនាទីអោយបានល្អក្នុងនាមសមត្ថកិច្ចបម្រើប្រជាពល​រដ្ឋជាធំដើម្បីភូមិឃុំយើងមានសុវត្ថិភាព ។

សូមបញ្ជាក់ថាៈ  បច្ចុប្បន្នខេត្តប៉ៃលិន  មានកាស៊ីណូចំនួន ៩ កន្លែង សណ្ឋាគារ ៩ កន្លែង ផ្ទះសំណាក់១៩កន្លែង  ខារ៉ាអូខេ -ឌីស្កូ  ៧កន្លែង ហាងម៉ាស្សាកោសជប់ ១៦កន្លែង អាហារដ្ឋាន -ភោជនីយដ្ឋាន   ២៤ កន្លែង និង រមណីយដ្ឋាន ៤កន្លែង សរុបទូទាំងខេត្ត៨៨កន្លែង។ ចាប់តាំ​ង​ពី​ថ្ងៃទី​១ ខែមករា រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ ខេត្ត​ប៉ៃលិន បាន​បង្ក្រាប និង​ជួញដូរ​គ្រឿង​ញៀន​ខុសច្បាប់​ចំនួន​ ៥៨​ករណី ដោយ​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​១៣០​នាក់ ​និង​ចាប់យក​វត្ថុតាង​សារធាតុ​ញៀន​គ្រប់​ប្រភេទ​សរុប​ចំនួន​៩៥.៦៩​ក្រាម ព្រមទាំង​មធ្យោបាយ សម្ភារៈ មួយចំនួនទៀត​ផង​ដែ​រ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន