ព្រឹកថ្ងៃសុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានរៀបចំប្រារព្ធពិធីមិទ្ទីងរម្លឹកខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ផាន់ ចាន់ធុល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន និងដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម កើត សុធា សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ឯកឧត្តម លោកជំទាវ សមាជិក អចិន្រ្តៃយ៍គណបក្សខេត្ត ព្រមទាំងសមាជិក សមាជិការគណបក្ស យ៉ាងច្រើនកុះករផងដែរ។
ឯកឧត្តម ផាន់ ចាន់ធុល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនបានអាននូវសន្ទរកថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងក្នុងពិធីមិទ្ទិញរំលឹកខួបលើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដើម្បីអោយអង្គពិធីទាំងមូលបានយល់ជ្រាប។ ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍លើកឡើងថា៖ គណបក្សប្រជាជនកម្ពុជាមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តខ្មែរ។ ក្នុងរយៈពេល ៦៨ឆ្នាំមកនេះ កម្ពុជាបានឆ្លងកាត់ដំណាក់កាលជាប្រវត្តិសាស្ត្រយ៉ាងច្រើន ទាំងដំណាក់កាលប្រកបដោយមោទនភាពផង ទាំងដំណាក់កាលប្រកបដោយភាពបត់បែន លំបាកស្មុគស្មាញ និងគ្រោះថ្នាក់ជាទីបំផុតផង។ ប៉ុន្តែទោះបីស្ថិតក្នុងកាលៈទេសៈណាក្ដី ក៏គណបក្សប្រជាជនកម្ពុជានៅតែរក្សាខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្ដមគតិរបស់ខ្លួន គឺឈរជាមួយប្រជាជនគ្រប់កាលៈទេសៈ ប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីប្រទេសកម្ពុជាមូយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ ឯកឧត្តមបានបន្តថា៖ ពេលប្រទេសជាតិធ្លាក់ទៅក្នុងគ្រោះមហន្តរាយ ដែលរបបប្រល័យពូជសាសន៍ ប៉ុល ពតបានបង្កឡើង គណបក្សប្រជាជនកម្ពុជាគឺជាកម្លាំងនយោបាយតែមួយគត់ដែលបានក្រោកឈរតស៊ូ ដឹកនាំប្រជាជន ធ្វើការប្រយុទ្ធផ្ដួលរំលំរបបដ៏យង់ឃ្នងនេះ ឱ្យ ដួលរលំនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ សង្គ្រោះប្រជាជាតិឱ្យរស់ឡើងវិញបានទាន់ពេល វេលា។ ក្នុងរយៈពេល ៤០ឆ្នាំមកនេះ ក្នុងតួនាទីជាគណបក្សដឹកនាំប្រទេស គណបក្សប្រជា ជនកម្ពុជា បានសម្រេចស្នាដៃធំៗ ជាប្រវត្តិសាស្ដ្រជូនជាតិជាច្រើនដែលបានបម្រើជាប្រយោ ជន៍ជាតិមាតុភូមិ និងធ្វើឱ្យប្រជាតិមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តមបានណែនាំដល់សមាជិកសមាជិកាគណបក្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តរួមគ្នាជាធ្លុងមួយ ក្នុងមហាគ្រួសារតែមួយ និងក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដើម្បីបន្តថែរក្សា និងពង្រីករាល់សមិទ្ធផល នៃសង្គមជាតិ ជាពិសេសថែរក្សានូវសន្តិភាពដែលជាសមិទ្ធផលដ៏ធំធេងបំផុតមិនអាចកាត់ថ្លៃបាន ឱ្យស្ថិតស្ថេរគង់វង្សជារៀងរហូត ៕ ដោយ៖ វួច ពឿន