វេទិការសន្ទនារវាងសម្ព័ន្ធសង្គមស៊ីវិលជាមួយអង្គការ សមាគម សហជីពនិងសហគមន៍ នៅខេត្តប៉ៃលិន ក្រោមប្រធានបទ ការពង្រឹងកិច្ចសហការរវាងអង្គការ សង្គមស៊ីវិល និង រាជរដ្ឋាភិបាល


នៅសាលាខេត្តប៉ៃលិនព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាភិបាលវេទិការ សម្ព័ន្ធសង្គមស៊ីវិល បានរៀបចំវេទិការសន្ទនាជាមួយអង្គការ សមាគម សហជីព និងសហគមន៍នៅខេត្តប៉ៃលិនក្រោមប្រធានបទ ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាលក្រោមអធិបតីភាព ឯកឧត្តម កឹម រ័ត្នវិសិដ្ឋ រដ្ឋលេខាធិការទីស្តីការ​គណៈ​រដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិការសម្ព័ន្ធសង្គមស៊ីវិល ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់លោកលោកស្រីប្រធាន អនុប្រធានមន្ទីរ អភិបាល ក្រុង/ស្រុក  ក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ ព្រមទាំងលោក លោកស្រី តំណាង អង្គការ សមាគម សហជីព និង សហគមន៍ ជាច្រើននាក់​ផងដែ​រ​។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តបានមានប្រសាសន៍ថា៖វេទិការសន្ទនារវាង សម្ព័ន្ធសង្គមស៊ីវិលជាមួយអង្គការ សមាគម សហជីព និងសហគមន៍ក្រោម​ប្រ​ធាន​បទ​ ការ​​ពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាល ពិតជាមានសារៈសំខាន់ណាស់ ក្នុងការរួមចំណែកការអភិវឌ្ឍន៍ខេត្តប៉ៃលិន អោយមានការរីកចំរើន ជាពិសេសកិច្ចការសហការ ដោះស្រាយបញ្ហាប្រឈមនានា ដែលជួបប្រទះនៅមូលដ្ឋាន រវាងស្ថាប័នរដ្ឋ និងសង្គមស៊ីវិល។ ដូច្នេះ រដ្ឋបាលខេត្តនិងជំរុញដល់អាជ្ញាធរដែនដីនៅថ្នាក់មូលដ្ឋានទាំងអស់ត្រូវយកចិត្តទុកចូលរួមសហការជាមួយអង្គការសង្គមស៊ីវិលនានាអោយមានភាពស្និតស្នាលកាន់តែល្អថែមទៀតក្នុងការបំពេញតំរូវការរបស់បងប្អូនប្រជាពលរដ្ឋ និង ការអភិវឌ្ឍន៏នៅតាមមូលដ្ឋានទៅតាមផែនការយុទ្ធសាស្រ្តដំណាក់កាលទី៤របស់រាជ           រដ្ឋាភិបាលកម្ពុជា អោយទទួលបានជោគជ័យ។ឯកឧត្តមក៏បានណែនាំដល់សង្គមស៊ីវិល អង្គការ សមាគម សហជីព និងសហគមន៍ ទាំងអស់ត្រូវខិតខំយកចិត្តទុកសាមគ្គីគ្នាអោយបានល្អ ដើម្បីចូលរួមការអភិវឌ្ឍន៏ និងថែរក្សាការពារសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម ការពារបរិស្ថានព្រៃឈើ និង អបរំដល់ប្រជាពលរដ្ឋប្រព្រឹត្តិតែអំពើល្អនិងត្រូវចេះថែរក្សាសុខភាពអោយមានអនាម័យ  និង អប់រំអោយយល់ដឹងពីការបង្កើនសេដ្ឋកិច្ចក្នុងគ្រួសារដូចជា៖ការចិញ្ចឹមសត្វ ដាំបន្លែ និងបច្ចេកទេសដាំដុះផ្សេងៗទៀតជាដើម ។

ឯកឧត្តម កឹម រ័ត្នវិសិដ្ឋ រដ្ឋលេខាធិការទីស្តីការ​គណៈ​រដ្ឋមន្រ្តីនិងជាប្រធានក្រុមប្រឹក្សាភិបាលវេទិការសម្ព័ន្ធសង្គមស៊ីវិល បានមានប្រសាសន៍ថាៈក្រុមប្រឹក្សាភិបាលវេទិការសម្ព័ន្ធសង្គមស៊ីវិល មានតួនាទីកៀរគរធនធានមនុស្សនៅក្នុងអង្គការសង្គមស៊ីវិលចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច តាមរយះសម្របសម្រួលនិងសុខដុមនីយកម្ម រវាងប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និង រាជរដ្ឋាភិបាល។ឯកឧត្តមបន្តថា៖ការធ្វើវេទិការនៅពេលនេះដើម្បីពិភាក្សាផ្សព្វផ្សាយ សម្របសម្រួលរវាង ថ្នាក់រដ្ឋបាលខេត្តនិងអង្គការសង្គមស៊ីវិល សមាគម សហជីព និងសហគមន៍ ដែលបានជួបប្រទះបញ្ហាប្រឈមកន្លងមក ធ្វើការសហការបំពេញការងារ ដោះស្រាយបញ្ហាប្រឈមនានា ទៅតាមគោលការច្បាប់របស់រាជរដ្ឋាភិបាល ក្នុងន័យចូលរួមលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ អោយបានកាន់តែល្អប្រសើរ និងការអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋានអោយមានការរីចំ រើននាថ្ងៃ អនាគត់ និងជាពិសេសទប់ស្កាត់ជនអគតិដែលបំផុសព័ត៌មាន មិនពិតដែលញុះ​ញង់ដល់ប្រជាពលអោយរដ្ឋប្រឆាំងរាជរដ្ឋាភិបាលដែលធ្វើអោយប្រទេសជាតិគ្មានស្ថេរ​ភាព និងធ្វើអោយប៉ះពាល់សណ្តាប់ធ្នាប់សន្តិសុខសង្គម ។ដូច្នេះអង្គការ សមាគម សហជីព និងសហគមន៍ ត្រូវចូលរួមសហការគាំទ្រការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល សំដៅថែរក្សាការពារសន្តិភាពអោយបានគង់វង្សជានិរន្តរ។ឯកឧត្តមបន្តទៀតថា៖ដើម្បីកិច្ចសហការសម្របសម្រួលរវាងវេទិការសម្ព័ន្ធសង្គមស៊ីវិលជាមួយអង្គការ សមាគម សហជីព និងសហគមន៍ អោយមានប្រសិទ្ធិភាពត្រូវចូលរួមសហការទាំងអស់គ្នា ក្នុងការដោះស្រាយ សំនូមពរ និងការអភិវឌ្ឍន៍ សេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុង ន័យកែប្រែស្ថានភាព ជីវភាពបច្ចុប្បន្នរបស់បងប្អូនប្រជាពលរដ្ឋ នាថ្ងៃអនាគត់អោយមានជីវភាពកាន់តែល្អប្រសើរឡើងថែមទៀត។ ទន្ទឹមនឹងនេះឯកឧត្តមស្នើរដល់រដ្ឋបាលខេត្តត្រូវមានទំនាក់ទំនងគ្នាអោយបានល្អជាមួយសង្គមស៊ីវិល អង្គការ សមាគម សហជីព និងសហគមន៍ ដើម្បីរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលអោយមានប្រសិទ្ធិភាព។

សូមបញ្ជាក់ថាៈនៅខេត្តប៉ៃលិនមានអង្គការសង្គមស៊ីវិលកំពុងធ្វើប្រតិបត្តិការរួមមានៈ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន១៧ កន្លែង អង្គការសមាគមចំនួន១៦ កន្លែង សហគមន៍១៧ កន្លែង សហជីបចំនួន០៣កន្លែង សហគ្រាស គ្រឹះស្ថានចំនួន៧កន្លែង៕