មន្ទីរសុខាភិបាលខេត្តប៉ៃលិនផ្សព្វផ្សាយអប់រំស្តីពីការប្រើប្រាស់ថ្នាំរំលូតដោយសុវត្ថភាព ការឆ្លងមេរោគអេស៍ ជំងឺអេដស៍ និងការពន្យាកំណើត ជូនដល់ប្រជាពលរដ្ឋ និងបុគ្គលិកបំរើការងារនៅគ្រឹះស្ថាន កាស៊ីណូ


នៅមណ្ឌលសុខភាពផ្សាព្រំ ស្ថិតក្នុងភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរ​សុខាភិបាលខេត្តប៉ៃលិនបានផ្សព្វផ្សាយអប់រំស្តីពីការប្រើប្រាស់ថ្នាំរំលូតដោយសុវត្ថិភាព ការឆ្លងមេរោគអេស៍ ជំងឺអេដស៍ និងការពន្យាកំណើត ជូនដល់ប្រជាពលរដ្ឋ និងបុគ្គ​លិក​បំរើការងារនៅគ្រឹះ​ស្ថាន កាស៊ីណូ ដែលពិធីស្ថិតក្រោមវត្តមាន លោក​គ្រូពេទ្យ អាង នាង ​ប្រធាន​មន្ទីរ​សុ​​​​ខា​​​ភិបាល លោក សៀ សុខុម អភិបាលរងស្រុកសាលាក្រៅ និង​លោកស្រី​ ស ចិន្តា ស្នងការរង​នគ​បាល​ខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញពីសំណាក់លោកលោកស្រីកងកម្លាំងគ្រប់លំដាប់ថ្នាក់ ព្រមទាំងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ជាច្រើននាក់ផងដែរ។

បន្ទាប់ពីលោកគ្រូពេទ្យ សាខុន យុទ្ធី បានធ្វើបទបង្ហាញ​ពីស្ថានភាពអេដស៍​និងការ​ចំលងមេរោគអេដសន៍និងមេរោគស្វាយ រួចមកអ្នកគ្រូពេទ្យ គា ចាន់ថី និង អ្នកគ្រូពេ​ទ្យ​លាង ឡាដាត បានធ្វើបទ​បង្ហាញពីច្បាប់ស្តីពីការរំលូតកូន និងការពន្យាកំណើត ជូនដល់​បងប្អូន​ប្រជាពលរដ្ឋ និងបុគ្គលិកបំរើការងារនៅគ្រឹះស្ថាន កាស៊ីណូ អោយពួកគាត់បានយល់កាន់តែ​យល់ច្បាស់ ពីការថែររក្សាការពារសុខភាព។

លោក សៀ សុខុម អភិបាលរងស្រុកសាលាក្រៅបានមានប្រសាសន៍ថា៖ការផ្សព្វ​ផ្សាយអប់រំស្តីពីការប្រើប្រាស់ថ្នាំរំលូតដោយសុវត្ថភាព ការឆ្លងមេរោគអេស៍ ជំងឺអេដស៍ និងការពន្យាកំណើត នៅពេលនេះពិតជាមានសារៈសំខាន់ណាស់ចំពោះ បងប្អូនប្រជាពលរដ្ឋ និងបុគ្គលិកបំរើការងារនៅគ្រឹះស្ថាន កាស៊ីណូ ក្នុងការទប់ស្កាត់ ការពារ អោយ​បាន​ត្រឹមត្រូវ ច្បាស់លាស់ ស្របទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ដូច្នេះ បងប្អូនប្រជាពលរដ្ឋ និងបុគ្គលិកបំរើការងារនៅ​គ្រឹះស្ថានកាស៊ីណូ​ទាំងអស់ត្រូ​វ​ស្តាប់ កា​រវណែនាំ ពីគ្រូពេទ្យ និងលើកជាសំនួរ​អោយបានផុលផុស​ចំពោះបញ្ហា​ដែលកើត​មាន​កន្លងមក ដើម្បីដកពិសោធន៍ ក្នុងការថែរក្សាការពារសុខភាព និងប្រើប្រាស់ថ្នាំ ពេទ្យអោយបានត្រឹមត្រូវ ។ជាមួយគ្នានេះបើសិនមានបញ្ហា រំលូតកូន  សង្ស័យថាមាន​ផ្ទុកមេរោគអេដស៍ និងមិនយល់ពីការពន្យាកំណើត សូមបងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវទៅមណ្ឌលសុខភាពដែលនៅជិតខ្លួន ដើម្បីអោយគ្រូពេទ្យពន្យល់ណែនាំ អំពីការពន្យាកំណើតអោយបានត្រឹមត្រូវ។

លោកគ្រូពេទ្យ អាង នាង ប្រធានមន្ទីរសុខាភិបាល​ខេត្តប៉ៃលិន​បាន​មាន​ប្រ​សាសន៍​ថា៖ ការផ្សព្វផ្សាយអប់រំស្តីពីការប្រើប្រាស់ថ្នាំរំលូតដោយសុវត្ថភាព ការឆ្លងមេរោគអេស៍ ជំងឺអេដស៍ និងការពន្យាកំណើត នៅពេលនេះ ដើម្បីបណ្តុះបណ្តាល និងបង្កើនចំណេះដឹង ដល់បងប្អូនប្រជាពលរដ្ឋនិង បុគ្គលិកបំរើការងារនៅគ្រឹះស្ថានកាស៊ីណូ ក្នុងការចូលរួមចំណែកលើកកម្ពស់សុខមាលភាពឲ្យមានប្រសិទ្ធិភាព ជាពិសេសចូលរួមទប់ស្កាត់ស្រ្តីមានផ្ទៃពោះកុំអោយមានគ្រោះថ្នាក់ដោយរលូតកូន និងការកាត់បន្ថយគ្រោះថ្នាក់ដល់មាតា ។ លោកបានបន្តថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចំណេះដឹងដែលបានស្តាប់  ទៅអនុវត្តន៍ និងណែនាំបន្តឲ្យយល់ដឹងពីសារៈសំខាន់នៃការថែរក្សាស្រ្តីមានផ្ទៃពោះ និងការប្រើប្រាស់ឱសថឲ្យបានត្រឹមត្រូវ ស្រមតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខមាលភាពមាតាទារក។  លោកលើកឡើង​ថា៖​ដើម្បីចូលរួមណែនាំអំពីការប្រើប្រាស់ថ្នាំរំលូតដោយសុវត្ថិភាព ការឆ្លងមេរោគអេស៍ ជំងឺអេដស៍ និងការពន្យាកំណើតជូនដល់បងប្អូនប្រជាពលរដ្ឋ​អោយបានគ្រប់ៗគ្នា ​លោកគ្រូអ្នកគ្រូពេទ្យ​ទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់បន្តផ្សព្វផ្សាយច្បាប់ និងនិតិវិធី ក្នុងការ ទប់ស្កាត់ ការសង្រ្គោះស្ត្រីកុំឲ្យរំលូតកូន និងការប្រើប្រាស់ថ្នាំរំលូតដោយសុវត្ថភាព ការកាត់បន្ថយអត្រាគ្រោះថ្នាក់លើមាតា និងការទប់ស្កាត់ជំងឺអេដសន៍ក្នុងន័យលើកកម្ពស់ និងបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈឲ្យបានត្រឹមត្រូវ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។

សូមបញ្ជាក់ថា៖ក្រសួងសុខាភិបាលបានសង្កេតឃើញថាស្រ្តីភា​គច្រើននៅកម្ពុជា​ជួប​ប្រទះបញ្ហាផ្នែកសុខភាពបន្តពូជនៅឆ្នាំ២០១៤ បាន​បង្ហាញលទ្ធផល​អត្រា​ស្លាប់​របស់​ម្តាយជុំវិញកំណើតថយចុះគួរអោយកត់សំគាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។នៅឆ្នាំ២០០៥អត្រាស្លាប់ម្តាយ៤៧២ បានថយចុះដល់២០៦នៅឆ្នាំ២០១០ និងបន្តថយចុះ​ដល់​១៧០​នៅឆ្នាំ២០១៥លើទារក១សែនកំណើតរស់៕