នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១៩ ក្រុមប្រឹក្សាខេត្តប៉ៃលិនបានបើកកិច្ចប្រជុំសាមញ្ញលើកទី០១ អាណត្តិទី៣របស់ខ្លួន ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម សៅ សារ៉ាត់ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និង មានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាល ក្រុង/ស្រុក ប្រធាន អនុប្រធានមន្ទីរ កងកំលាំងគ្រប់លំដាប់ថ្នាក់ ក្រុមប្រឹក្សា ឃុំ/សង្កាត់ ផងដែរ។
កិច្ចប្រជុំមានរបៀបវារៈដូចជា៖១/ផ្សព្វផ្សាយអំពីសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃលេខ០១៥សណន ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត និងគំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា។ទី២/ការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាសម្រាប់រយៈពេល១២ខែឆ្នាំទី០១ ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២ ។ទី៣/សេចក្តីរាយការណ៍អំពីលទ្ធផលការងារនៃរដ្ឋបាលខេត្តនៅក្នុងអាណត្តិទី០២ និងទិសដៅការងាររយៈពេល០៣ខែដែលត្រូវអនុវត្តបន្ត។ទី៤/បញ្ហាផ្សេងៗ។
បន្ទាប់ពីលោក អ៊ុន ប៉ុនលី នាយករដ្ឋបាលខេត្តប៉ៃលិនបានអាន សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃលេខ០១៥សណន ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត និងគំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា រួចមក ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏ថា៖រដ្ឋបាលខេត្តតែងតែយកចិត្តទុកដាក់ជំរុញដល់មន្ទីរជំនាញ និង អង្គភាពដែលជាប់ពាក់ព័ន្ធទាំងអស់ប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមនានាអោយបានជាបន្តបន្ទាប់ ក្នុងន័យបំរើសេវាជូនប្រជាពលរដ្ឋអោយបានល្អប្រសើឡើង។ជាពិសេសបន្តខិតខំអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែទម្រង់ស៊ីជម្រៅរដ្ឋបាលថ្នាក់ជាតិ និងក្រោមជាតិ អោយមានគុណភាព និងតម្លាភាព សំដៅបង្កើនប្រសិទ្ធភាពនិងសមត្ថភាពថ្នាក់ដឹកនាំ និងមន្រ្តីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ផ្តល់សេវានានា រាល់សំណូមពរពីប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។ឯកឧត្តមបានសំណូមពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ត្រូវសហការសាមគ្គីគ្នាអោយបានល្អ ខិតខំគាំទ្រ ការអនុវត្តការងារ អោយបានម៉ត់ច្មត់ ជាពិសេសមន្ទីរជំនាញត្រូវសហការជាមួយរដ្ឋបាលខេត្ត ក្នុងការដោះស្រាយតាមសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ។
ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិនមានប្រសាសន៍ថាៈកិច្ចប្រជុំក្រុមប្រឹក្សាខេត្តអាណត្តិទី៣ជាលើកដំបូងដើម្បីផ្សព្វផ្សាយអំពីសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃលេខ០១៥សណន ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត និងគំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា និងការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាសម្រាប់រយៈពេល១២ខែឆ្នាំផងដែរ។ឯកឧត្តមបន្តថា កន្លងមកនេះរដ្ឋបាលខេត្តប៉ៃលិនបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារ និងដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងទៅទទួលបានលទ្ធផលល្អ ជាពិសេសបាន ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គមបានល្អ និងការអភិវឌ្ឍន៍ខេត្តប៉ៃលិនរីកចំរើនជាបន្តបន្ទាប់។ ឯកឧត្តមក៏បានស្នើរ ដល់រដ្ឋបាលខេត្តនិងមន្ទីរស្ថាប័នជុំវិញខេត្តទាំងអស់ត្រូវបន្តខិតខំធ្វើការដោះស្រាយបញ្ហា រាល់ទុកកង្វល់និងសំនូមពរពី បងប្អូនប្រជាពលរដ្ឋអោយបានល្អ តាមសេចក្តីត្រូវការ និងការអភិវឌ្ឍន៏នៅតាមមូលដ្ឋានអោយមានការរីកចំរើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ ឯកឧត្តមក៍បានជំរុញដល់មន្ទីរជំនាញគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវខិតខំបន្តបំពេញការងារជំនាញរបស់ខ្លួនអោយបានល្អថែមទៀត នឹងត្រូវប្រតិបត្តិ អនុវត្ត តាមការណែនាំរបស់ថ្នាក់ដឹកនាំ នឹងត្រូវធ្វើរបាយការណ៍ជូនដល់ក្រុមប្រឹក្សាអោយបានលឿន នឹងត្រឹមត្រូវច្បាស់លាស់ ។ ទន្ទឹមនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចទាំងបីប្រភេទត្រូវពង្រឹងកិច្ចសហការការពារសន្តិសុខសណ្តាប់សាធារណៈ ទប់ស្កាត់ការជួញដូ ប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសង អំពើហឹង្សាក្នុងគ្រួសារកុំអោយកើតមាននៅក្នុងមូលដ្ឋានប្រជាពលរដ្ឋរស់នៅ ដើម្បីផ្តល់ឱកាសពួកគាត់ប្រកបរបររកស៊ីចិញ្ចឹមជីវិត និងរស់នៅមានសេចក្តីសុខគ្រប់ពេលវាលា៕