ថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ លោកស្រី ស្រ៊ី ចាន់អេង ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានទំនាក់ទំនងជាមួយអ្នកជំនាញវិទ្យុ មកពីរាជធានីភ្នំពេញ ដើម្បីតម្លើងម៉ាស៊ីនផ្សាយថ្មីវិទ្យុជាតិខេត្តប៉ៃលិន FM90.5 Mhz កំលាំង ២KW, ម៉ូដែល A07E2000, S/N 18101848 ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន តាមរយៈឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងព័ត៌មាន ដែលបានផ្តល់ដល់មន្ទីរកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ សម្រាប់ដំណើរការផ្សាយប្រចាំថ្ងៃរបស់ខ្លួន។ បេសកកម្មតម្លើងម៉ាស៊ីនផ្សាយនេះ បានចាប់ផ្តើមនៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ និងបានចប់រួចរាល់ រួចដាក់ដំណើរការផ្សាយវេលាម៉ោង៣ និង១៥នាទី។
លោកស្រី ស្រ៊ី ចាន់អេង ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិនបានមានប្រសាសន៍ថា ក្រោយពីបានតម្លើងដាក់អោយដំណើរការរួចរាល់មក ឃើញថាម៉ាស៊ីនថ្មីនេះ មានសម្លេងផ្សាយចេញខ្លាំង និងច្បាស់ល្អ។ លោកស្រី ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏ដូចជាឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងព័ត៌មាន ដែលបានយកចិត្តលើការផ្សព្វផ្សាយនៅក្នុងមូលដ្ឋានខេត្តប៉ៃលិន ដោយបានផ្តល់នូវម៉ាស៊ីនផ្សាយថ្មីនេះ មកជំនួសម៉ាស៊ីចាស់ដែលទ្រុឌទ្រោម កំពុងដំណើរការផ្សាយកន្លងមក៕ ដោយ៖ វួច ពឿន