ស្នងការនគរបាលខេត្តប៉ៃលិនចាប់បញ្ជូនជនសង្ស័យលួចមានស្ថានទំងន់ទោស ចំនួន៤នាក់បញ្ជូនទៅកាន់តុលាការ


ថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ស្នងការនគរបាលខេត្តប៉ៃលិន បានចាប់បញ្ជូនជនសង្ស័យលួចមានស្ថានទំងន់ទោស (លួចកាច់សោរម៉ូតូ) ចំនួន៤នាក់បញ្ជូនទៅកាន់តុលាការ។

ជនសង្ស័យទាំង៤នាក់នេះ រួមមាន៖ ទី១‌/  ឈ្មោះ ប៉ន វ៉ាន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិពោធិ  ឃុំពោធិ  ស្រុកកំពង់លេង ខេត្តកំពង់ឆ្នាំង។ ទី២/ ឈ្មោះ រី វុទ្ធី ហៅអាទូច ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបររត់តាក់ស៊ី រស់នៅភូមិត្រពាំងដង្ហិត  ឃុំដូនកឹង  ស្រុកកំចាយមារ ខេត្តព្រៃវែង។ ទី៣/ឈ្មោះ ឃឿង កូឡា ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូក្រោន រស់នៅបន្ទប់ជួលក្នុងភូមិផ្សាព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវជាគូស្នេហ៍ឈ្មោះ រី វុទ្ធី ។ ទី៤/ ឈ្មោះ លឿង ស្រីពេជ្រ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរមុគ្គលិក KTV ស្នាក់នៅបន្ទប់ជួលក្នុងភូមិផ្សាព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ក្នុងការចាប់ឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នេះ កំលាំងនគរបាលបានដកហូតម៉ូតូដែលជនសង្ស័យលួចបាន ចំនួន ៤គ្រឿងគឺ៖ ១/ honda dream 125 សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ បាត់ដំបង​1x-8528។ ២/ honda dream 125 សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ប៉ៃលិន​1c-9997។ ៣/ honda dream 125 សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ប៉ៃលិន​1c-1382។ ៤/ / honda dream 125 សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ប៉ៃលិន​1c-៧៧៤៩។

លោក វរៈសេនីយ៍ទោ ហ៊ីង យ៉ាន់ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានអោយដឹងថា៖ នៅវេលា១៥ : ៤០ នាទីថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០១៩  នៅចំណុចក្បែររមណីដ្ឋានបឹងប៉ៃតង ក្នុងភូមិអូឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មានករណីជនមិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាពកាច់សោលួចម៉ូតូ honda dream 125 សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ប៉ៃលិន​1c-៧៧៤៩ របស់ឈ្មោះព្រំ ប៉េកា ភេទស្រី អាយុ ៣២ឆ្នាំ រស់នៅភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ខណៈពេលទុកម៉ូតូលើចិញ្ចើមថ្នល់ រួចចុះទៅបាញ់ច្នាំស្មៅចំការ។ នៅវេលាម៉ោង១៣:៤០នាទី ថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០១៩ ដដែលក៏មានករណីកាច់សោលួចម៉ូតូមួយគ្រឿងទៀត ម៉ាក honda dream 125 សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ប៉ៃលិន​1c-១៣៨៣ របស់ឈ្មោះ អឿន ផានិត ភេទប្រុសអាយុ ៣៥ឆ្នាំ រស់នៅភូមិអូរអឹល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ខណៈចតម៉ូតូលើចិញ្ចើមមថ្នល់ នៅចំណុចមុខផែស្ងួតចាស់ រួចចុះច្រូតស្មៅគោនៅក្នុងចំការពោត។ លោក វរៈសេនីយ៍ទោ ហ៊ីង យ៉ាន់ បានបន្តថា៖ ដោយមានការសម្របសម្រួលនិតិវិធីពី លោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី អ៊ីវ គឹមស៊ាន ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានបញ្ជាអោយលោក វរៈសេនីយ៍ទោ ហ៊ីង យ៉ាន់ ដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវ កំណត់មុខសញ្ញា និងឈានដល់ចាប់ខ្លួនជនសង្ស័យទាំង៤នាក់ ដកហូតរថយន្ត១គ្រឿងម៉ាក ​Lexus rx300 ពាក់ស្លាកលេខ ភ្នំពេញ2aj-8177 មួគ្រឿង និងម៉ូតូចំនួន៤គ្រឿងផងដែរ៕ ដោយ៖ វួច ពឿន