នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិម ព្រឹកថ្ងៃអាទិត្យ ១៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម សៅ សារ៉ាត់ អនុប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត, ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត, លោក- លោកស្រីសមាជិក សមាជិការ គណកម្មាធិការសាខា និង អនុគណកម្មាធិការសាខាកាកបាទក្រហមក្រុងប៉ៃលិន បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត រួមមាន៖ មី២កេះ, ត្រីខ២០កំប៉ុង, ទឹកសុទ្ធ២កេះ, អង្ករ៦០គក្រ, ថវិកា ១លានរៀល ទៅឧបត្ថម្ភដល់គ្រួសារលោក សែម រ៉ា អាយុ ៥១ឆ្នាំ រស់នៅភូមិអូរស្ងួត សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលរងរបួសបែកឆ្អឹងជើងឆ្វេង ដោយសារការជាន់គ្រាប់មីន ខណៈពេលចេញទៅបោសអាច់រណាអារឈើ នៅចន្លោះបង្គោលព្រំដែនឡាក់៦៧ និងឡាក់៦៨ ក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
ឯកឧត្តម សៅ សារ៉ាត់ បានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ, ជនរងគ្រោះ, ជនងាយរងគ្រោះ គ្រប់ប្រភេទដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ឯកឧត្តមបានបន្តទៀតថា ដោយឡែកសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលមានលោកជំទាវ បាន ស្រមុំ ជាប្រធាន ក្រោយពីទទួលបាន ដំណឹងដ៏រន្ធត់នេះហើយ មានសេចក្ដីអណិតអាសូរដល់គ្រួសាររងគ្រោះដែលបានជួបនូវឧបទ្ទវហេតុនេះ ហើយបានចាត់អោយក្រុមការងារសាខាកាកបាទក្រហមខេត្ត នាំយកនូវគ្រឿងឧបភោគ បរិភោគ និងថវិកា មករួមចំណែកសម្រាលទុក្ខលំបាករបស់បងប្អូន។ ឯកឧត្តមបានផ្តាំផ្ញើរដល់ជនរងគ្រោះ ត្រូវខិតខំព្យាបាលមុខរបួសឲ្យឆាប់ជាសៈស្បើយ ដោយត្រូវ ព្យាយាមពិសារថ្នាំឲ្យបានទៀងទាត់ ដែលគ្រូពេទ្យផ្តល់អោយ ហើយសូមកុំអស់សង្ឃឹម អោយតែនៅមានជីវិតរស់នៅ យើងអាចប្រកបរបររកស៊ីចិញ្ចឹមជីវិតបន្តទៀតបាន៕ ដោយ៖វួច ពឿន