នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តប៉ៃលិន មានរៀបចំពិធីប្រកាសចូលកាន់មុខដំណែងក្រុមប្រឹក្សាខេត្តប៉ៃលិន អណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ អ៊ី ឈាន រដ្ឋលេខាធិកាក្រសួងកាពាជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន។ អញ្ជើញចូលរួមនាឱកាសនោះមាន លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ឯកឧត្តម ស៊ួ សុខខេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ឯកឧត្តម កើត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម ផាន់ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន លោកមេបញ្ជាការកងកំលាំងប្រដាប់អាវុធទាំង៣ស្ថាប័ន លោកអភិបាលក្រុង ស្រុក លោក-លោកស្រីប្រធាន អនុប្រធានមន្ទីរ និងមន្រ្តីរាជការជាច្រើនរូបទៀត។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានរាយការណ៍ជូនអង្គពិធីជ្រាបអំពីសភាពការណ៍ទូទៅ, ការអភិវឌ្ឍលើគ្រប់វិស័យ និងសមិទ្ធផលនានាជាច្រើន ដែលរដ្ឋបាលខេត្តសម្រេចបាន ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២, រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់, ដោយមានការចូលរួមយ៉ាងសកម្មពីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីរាជការ ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូបនៅក្នុងខេត្ត, ដោយធានាបានយ៉ាងល្អប្រសើរនូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ ឯកឧត្តម បានបន្តថា កិច្ចដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត និងក្រុង-ស្រុក ក៏បានប្រព្រឹត្តទៅដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌។ ចំពោះលទ្ធផលនៃការបោះឆ្នោត គឺ ក្រុមប្រឹក្សាខេត្តប៉ៃលិនមានចំនួន ១៥ រូប ក្នុងនោះមានគណបក្សប្រជាជនកម្ពុជាទាំង ១៥រូប។ ក្រុមប្រឹក្សាក្រុង-ស្រុក មានចំនួន ៣០រូប ក្នុងនោះមានគណបក្សប្រជាជនកម្ពុជាមានទាំង ៣០រូប។
ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិនអាណត្តទី៣ និងក្នុងនាមសមាជិក សមាជិការក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៣ដែលទើបជាប់ឆ្នោត បានប្តេជ្ញាចិត្តក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវខ្ពស់ និងខិតខំពង្រឹងរដ្ឋបាលខេត្តឱ្យមានម្ចាស់ការក្នុងការគ្រប់គ្រង និងចាត់ចែងមុខងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព, តម្លាភាព និងគណនេយ្យភាព, ដោយប្រតិបត្តិតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។
ឯកឧត្តមនាយឧត្តមសេនីយ អ៊ី ឈាន រដ្ឋលេខាធិកាក្រសួងកាពាជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិនបានអបអរសាទរចំពោះសមាជិក-សមាជិកាក្រុម ប្រឹក្សាខេត្តប៉ៃលិន ដែលត្រូវបានតំណាងប្រជាពលរដ្ឋ, គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់, ផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិនសំរាប់ អាណត្តិទី ៣ ដើម្បីបន្តដឹកនាំខេត្តឱ្យមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ ឯកឧត្តមបានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំការបោះឆ្នោតដើម្បីបង្កើតក្រុមប្រឹក្សានៃរដ្ឋបាលគ្រប់ថ្នាក់ នៅថ្នាក់ក្រោមជាតិ ដែលមានអត្ថន័យជ្រាលជ្រៅមកលើប្រព័ន្ធនយោបាយ និងរដ្ឋបាលនៅកម្ពុជា ពីព្រោះការបោះឆ្នោតនេះបានពង្រឹង និងពង្រីកដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឱ្យចាក់គ្រឹះរហូតដល់មូលដ្ឋាន, នាំមកនូវការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅកម្ពុជា តាមបែបផែននៃវិមជ្ឈការ និងវិសហមជ្ឈការសំដៅលើការផ្ទេរមុខងារ, អំណាច, ធនធាន និងសិទ្ធិស្វ័យសម្រេចសមស្របពីថ្នាក់ជាតិមករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ និងលើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមនាយឧត្តមសេនីយ អ៊ី ឈាន ក៏បានក្រើនរំលឹកឱ្យក្រុមប្រឹក្សាខេត្តប៉ៃលិនអាណត្តិទី៣ ព្រមទាំងគណៈអភិបាលខេត្ត ត្រូវបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ចំពោះប្រទេសជាតិ និងប្រជាជនក្នុងខេត្តទាំងមូល ស្របតាមគោលការណ៍ និងនីតិវិធីដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានបានកំណត់, និងត្រូវយកចិត្តទុក ដាក់លើកិច្ចការអាទិភាពមួយចំនួនដូចជា ការរៀបចំផែនការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំសម្រាប់ខេត្ត, ការបន្តចូលរួមអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា, ការផ្តល់សេវាសាធារណៈ និងការដោះស្រាយ បញ្ហាប្រឈមនៅមូលដ្ឋាន, និងការធានាសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អ ប្រសើរជូនប្រជាពលរដ្ឋ៕ ដោយ៖ វួច ពឿន