តាមរបាយការរបស់មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តប៉ៃលិន បានអោយដឹងថា គិតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ដំណាំពោតក្រហមរបស់ប្រជាពលរដ្ឋខេត្តប៉ៃលិន ដែលបានដាំលើផ្ទៃដីសរុបចំនួន ៧០៦៧ ហិចតា ទទួលរងការខូចខាតរហូតដល់៦៣៦០ ហិចតា ដែលស្មើនឹង៩០% នៃផ្ទៃដីដាំសរុប។ ដោយឡែកដំណាំដំឡូងមី នៅក្នុងឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋខេត្តប៉ៃលិនបានដាំលើផ្ទៃដីសរុបចំនួន ៤២១១០ហិចតា ហើយបានទទួលរងការខូចខាតអស់ចំនួន ១២៦៣៣ហិចតា ស្មើនឹង៣០% នៃផ្ទៃដីដាំសរុប។
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តប៉ៃលិនបានមានប្រសាសន៍ថា កត្តាដែលនាំអោយមានការខូចខាតច្រើន លើដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ ពិសេសពោតក្រហម និងដំឡូងមីនេះ គឺដោយសារភាពរាំងស្ងួតបានអូសបន្លាយរយះពេលយូ និងទទួលរងការបំផ្លាញពីសត្វល្អិតចង្រៃ ពិសេសគឺ សត្វដង្កូវហ្វូង ស៊ីរូងដើម។ លោកបានបន្តថា ទាក់ទងនឹងបញ្ហានេះដែរ មន្រ្តីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តប៉ៃលិនបានចុះសិក្សាស្រាជ្រាវ និងបានជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់។ ជាក់ស្តែងនៅថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តប៉ៃលិន បានចុះមកពិនិត្យជាក់ស្តែងលើករណីសត្វដង្កូវហ្វូងស៊ីរូងដើមពោតរបស់ប្រជាពលរដ្ឋនៅក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងផ្តល់ជូននូវថ្នាំសំលាប់សត្វល្អិតដង្កូវស៊ីរូងដើមនេះ ដល់ប្រជាពលរដ្ឋចំនួន ២៨គ្រួសារផងដែរ។ លោក សាយ សុផាត បានមានប្រសាសន៍ថា (ឃ្លីប)
សូ្បញ្ជាក់ផងដែរថា សត្វដង្កូវហ្វូងស៊ូរូងដើមពោតនេះ គឺជាប្រភេទសត្វល្អិតថ្មី ដែលទើបឆ្លងចូលពីប្រទេសជិតខាង ដែលទាំងអ្នកជំនាញ និងប្រជាពលរដ្ឋទើបបានជួបប្រទះ និងរកវិធានការទប់ស្កាត់ និងកំចាត់ចេញ ដើម្បីកុំអោយយាយីផលដំណាំរបស់ប្រជាពលរដ្ឋ៕ ដោយ៖ វួច ពឿន