បន្តាប់ពីបានបញ្ចប់កម្មវិធីមិទ្ទីងអបអរខួបទី១៥៦ នៃទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ក្រោមប្រធានបទ« ខ្ញុំ ស្រឡាញ់ កាកបាទក្រហមកម្ពុជា» និង អប់អរខួប១០០ឆ្នាំ នៃការបង្កើតសហព័ន្ធអន្តរជាតិ នៃសមាកមកាកបាទក្រហម អឌ្ឍចន្ទក្រហម (១៩១៩-២០១៩) នៅសាលប្រជុំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន នាព្រឹកថ្ងៃអាទិត្យ ១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ ប្រធានក្រុមកាងារថ្នាក់ជាតិចុះមុលដ្ឋានខេត្តប៉ៃលិន និងជាប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន, កាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនទទួលបានជំនួយមនុស្សធម៌ចំនួន$៣១១,៤៤២ សំរាប់បំរើអោយការងារមនុស្សធម៌ ជួយសង្រ្គោះដល់ប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋដែលរងគ្រោះផ្សេងៗនៅក្នុងខេត្តប៉ៃលិន សំរាប់ឆ្នាំ២០១៩នេះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន បានមានប្រសាសន៍សំដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ដែលមានលោកជំទាវ បានស្រីមុំ ជាប្រធាន, យុវជនកាកបាទក្រហមខេត្ត ,យុវជន សសយក និងអ្នកបាក់ព័ន្ធទាំងអស់ ដែលបានខិតខំអនុវត្តការងារមនុស្សធម៌របស់ខ្លួនអោយទទួលបាលលទ្ធផលល្អប្រសើ ជួយសង្រ្គោះដល់ប្រជាពលរដ្ឋដែលរងគ្រោះបានទាន់ពេលវេលា ក៏ដូចជាការជួយសង្រ្គោះដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ស្រ្តីមេម៉ាយ ចាស់ជរា កុមារកមព្រា ជាដើម ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍អ្វីនោះឡើយ។ ឯកឧត្តម ក៏បានមានប្រសាសន៍ថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ អ្នកឩកញ៉ា សប្បុរស់ជនទាំងអស់ដែលបានបរិច្ចាកនូវធនធានជួយដល់កាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនសំរាប់បំរើដល់វិស័យមនុស្សធម៌នៅក្នុងខេត្តប៉ៃលិន និងបានសំណូមពរដល់ឯកឧត្តម លោកជំទាវ អ្នកឩកញ៉ា សប្បុរស់ជនទាំងអស់បន្តជួយអោយបានផុលផុស ដល់កាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនសំរាប់បន្តការងារមនុស្សធម៌នៅក្នុងឆ្នាំ២០១៩បន្តទៀត។
សូមបញ្ជាក់ថា៖ តាមរបាយការណ៍របស់កាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនដែលអានដោយឯកឧត្តម សៅ សារ៉ាត់ អនុប្រធានកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានអោយដឹងថា នៅឆ្នាំ២០១៨ ជាឆ្នាំដែលគ្រោះមហន្តរាយដោយធម្មជាតិនៅខេត្តប៉ៃលិន មិនបានបង្ហាញរូបរាងធំដុំលេចធ្លោនោះទេ។ ប៉ុន្តែវាបានកើតឡើងជាទ្រង់ទ្រាយតូចៗបន្តបន្ទាប់។ ជាក់ស្តែងគ្រោះរាំងស្ងួតបន្តពីចុងឆ្នាំ២០១៧ចូល ដើមឆ្នាំ ២០១៨ នៅតែបណ្ដាលឱ្យប្រជាពលរដ្ឋខ្វះខាតទឹកទទួលទាន និងទឹកប្រើប្រាស់ ភ្លៀងផ្គររន្ទះ ខ្យល់កន្រ្តាក់កើតមាននៅតាមកន្លែង និងជំនន់ទឹកភ្លៀងកើតមាននៅចុងឆ្នាំ ២០១៨ បន្ដិចបន្តួចតែប៉ុណ្ណោះ។ ទោះតិចក្ដីក ច្រើនក្តី ក៏វាបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។ ទន្ទឹមនឹងនេះ គ្រោះមហន្តរាយដែលបង្កឡើងដោយមនុស្ស ជាគ្រោះអគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍។ល។ នៅតែកើតមានជាបន្តបន្ទាប់។ ជាក់ស្តែងក្នុងឆ្នាំ២០១៨ កន្លងផុតទៅ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ លោកជំទាវ បាន ស្រីមុំ បានជម្រុញគ្រប់សកម្មភាពការងារមនុស្សធម៌ ឱ្យអនុវត្តទៅដោយរលូន និងមានប្រសិទ្ធភាព បានឆ្លើយតបចំពោះភាពងាយរងគ្រោះ និងជនរងគ្រោះដោយបានផ្តល់ជាសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះឧបទ្ទេវហេតុផ្សេងៗ ដូចជាខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ បងប្អូនមានជីវភាពខ្វះខាត គ្រួសារជនពិកា និងគ្រួសារសពខ្វះខាត សរុបចំនួន ៥៩៨គ្រួសារ។ ទន្ទឹមនេះ សាខាបានផ្តល់អណ្តូងទឹកស្អាតចំនួន ១២កន្លែង សាងសង់ផ្ទះថ្មីជូនប្រជាពលរដ្ឋក្រីក្រខ្វះទីពឹងតាមមូលដ្ឋានបានចំនួន ០៨ខ្នង និងជួយជួសជុលផ្ទះដែលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ទ្រាក់បានមួយចំនួនទៀតផងដែរ។ គិតលើការចំណាយ លើការសង្គ្រោះ និងការឆ្លើយតបក្នុងរយៈពេលមួយឆ្នាំ២០១៨នេះ អស់ថវិកាចំនួន (៩៣.៦២៨.៧០០ រៀល)៕ ដោយ៖ វួច ពឿន