ប្រជាពលរដ្ឋ ក្នុងភូមិផ្សារព្រំ ខេត្តប៉ៃលិន រីករាយសាទរ ជាមួយសមិទ្ធិផលថ្មី


(07-10-2015) ប៉ៃលិន៖ ថ្ងៃទី០៧​ ខែ​តុលា​ ឆ្នាំ២០១៥​ ឯកឧត្តម​ កើត​ សុធា​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តប៉ៃលិន​ និង​លោក​ ជីបា​ តៃហ្សូ​ តំណាង​ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជា​ណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិ​បតី​ក្នុង​ពីធី​សម្ពោធ​ផ្លូវ​បេតុង​អាមេ​មួយ​ខ្សែ​ស្ថិតក្នុង​ភូមិ​ផ្សារព្រំ​ ឃុំស្ទឹងកាច់​ ស្រុក​សាលាក្រៅ​ ខេត្តប៉ៃលិន​ ពិធី​នេះ​ក៏មាន​ការ​ចូលរួម​ពី​មន្រ្តី​រាជការ​ អាជ្ញាធរ​ ប្រជា​ពលរដ្ឋ​ លោកយាយ​លោកតា​ និង​សិស្សា​និសិស្ស​សរុប​៤២០នាក់​។

​លោក​ ជីបា​ តៃហ្សូ​ តំណាង​ឯកឧត្តម​ កូរ៉ា​ ម៉ាម៉ារុជិ​ ឯកគ្គរាជ​ទូតជប៉ុន​ប្រចាំ​ព្រះរាជា​ណា​ចក្រកម្ពុជា​ ​បាន​មាន​ប្រសាសន៏​ថា​ ប្រទេសជប៉ុន​ ​និង​ព្រះរាជា​ណាចក្រ​កម្ពុជា​ បាន​បន្ត​កិច្ច​សហ​ប្រតិបត្តិ​ការ​ជា​មិត្តភាព​តាំង​ពី​ដើម​រហូត​មក​ ហើយ​កិច្ច​សហ​ប្រតិបត្តិការ​នេះ​បាន​វេញ​ចំណង​សាមគ្គី​ ជា​មិត្តភាព​យ៉ាង​ល្អ​ប្រសើរ​រវាង​ប្រជាជន​ និង​រាជ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​។ ​លោកបន្តថា​ នេះ​ជា​សមិទ្ធិផល​ថ្មី​មួយ​ទៀត​ក្រោម​កិច្ច​សហការ​ដ៏​ជិត​ស្និត​រវាង​ ស្ថាន​ទូត​ជប៉ុន​ប្រចាំ​ព្រះរាជា​ណាចក្រ​កម្ពុជា​ និង​អាជ្ញាធរ​ខេត្តប៉ៃលិន​ ដែល​បាន​នាំ​នូវ​ផល​ប្រយោជន៏​ដល់​ប្រជាជន​ក្នុង​សហគមន៏​ ក្នុង​ភូមិ​ផ្សារព្រំ​ នា​ខេត្តប៉ៃលិន​ នោះ​គឺ​ប្រជាពលរដ្ឋ​អាច​អាស្រ័យ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​បាន​ស្រួល​ ជា​ពិសេស​សិស្សា​នុសិស្ស​ក្នុង​សាលា​បឋម​សិក្សា​ផ្សារព្រំ​ និង​ព្រះសង្ឃ​ក្នុង​វត្ត​ ដែល​អាស្រ័យ​លើ​ផ្លូវ​នេះ​ដោល​ផ្ទាល់។​

​ឯកឧត្តម​ កើត​ សុធា​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តប៉ៃលិន​ សំដែង​នូវ​ក្តី​សប្បាយ​រីករាយ​ជាមួយ​ប្រជា​ពលរដ្ឋ​ លោកយាយ​ លោកតា​ សិស្សា​នុសិស្ស​ និង​ព្រះសង្ឃ​ដែល​ទទួល​បាន​នូវ​ចំណង​ដៃ​ថ្មី​គឺ​ផ្លូវ​លំ​ធ្វើពី​បេតុង​អាមេ​ ដែល​មាន​លក្ខណៈ​រឹង​មាំ​ល្អ​ និង​បាន​បង្ករ​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​។​ ឯកឧត្តម​ក៏​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រជាជន​ ក៏​ដូច​ជា​រាជរដ្ឋា​ភិបាល​ជប៉ុន​ តាម​រយះ​លោក​ជីបា​ តៃហ្សូ​ ដែល​តែង​តែ​ផ្តល់​នូវ​កិច្ច​សហប្រតិ​បត្តិការ​ល្អ​ជា​មួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ជា​ពិសេស​ជា​មួយ​អាជ្ញាធរ​ខេត្តប៉ៃលិន​ និង​ជំនាញ​គ្រប់​ផ្នែក​របស់​ខេត្តប៉ៃលិន​ ដែល​បាន​នាំ​មក​នូវ​សមិទ្ធិ​ផល​នេះ​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៏​បាន​ប្រើប្រាស់​ និង​ជា​គុណ​ប្រយោជន៏​សាធារណៈ​។ ​ជា​មួយ​គ្នា​នេះ​ឯកឧត្តម​ក៏​បាន​សំណូមពរ​ដល់​រាជរដ្ឋា​ភិបាល​ និង​ប្រជាជន​ជប៉ុន​ បន្ត​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​គាំទ្រ​ដល់​គម្រោង​នានា​ជា​ច្រើន​ទៀត​ក្នុង​ខេត្តប៉ៃលិន​ ដែល​ជា​តម្រូវ​ការ​ចាំ​បាច់​របស់​ប្រជា​ពលរដ្ឋ​ក្នុងខេត្ត​ ដូចជា​បញ្ហាទឹក​ និង​ប្រព័ន្ធ​ស្រោចស្រប​ ការកសាង​ផ្លូវ​ ស្ពាន​ លូ​។​ល​។ ​ឯកឧត្តម​បាន​សំណូម​ពរ​ដល់​ប្រជា​ពលរដ្ឋ​ដែល​អាស្រ័យ​ផល​លើ​ផ្លូវ​សាធារណៈ​នេះ​ ជួយ​ថែរ​ទាំ​ឲ្យ​បាន​ល្អ​ដើម្បី​ធានា​ការ​ប្រើប្រាស់​បាន​យូរ​អង្វែង​។

​បើ​តាម​របាយ​ការណ៍​របស់​លោក​ ឌិន​ គឹម​ ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្តប៉ៃលិន​ បាន​ឲ្យ​ដឹង​ថា​ ផ្លូវ​លំ​ធ្វើ​ពី​បេតុង​អាមេ​នេះ​ ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​មន្ទីរ​សាធារណៈការ​ខេត្ត​ ក្រោម​ហិរញ្ញប្ប​ទាន​របស់​ប្រជាជន​ និង​រដ្ឋាភិ​បាលជប៉ុន​ ក្រោម​គម្រោង​ កូ​សា​ណូ​ណិ​របស់​ស្ថាន​ទូត​ជប៉ុន​ ប្រចាំ​ព្រះរាជា​ណាចក្រ​កម្ពុជា​។ ​ផ្លូវ​បេតុង​នេះ​ មាន​ប្រវែង​៥០០ម​ និង​ទទឹង​៤ម ​​បាន​ចំណាយ​ថវិកា​អស់​ចំនួន​ ៩៣.៩៥៧$​  ដោយ​តភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ៥៧​ ត្រង់​ចំណុច​ផ្សារព្រំ​ និង​ភ្ជាប់​ពី​ផ្លូវ​ធំ​ចូល​ទៅ​កាន់​សាលា​រៀន​បឋម​សិក្សា​ផ្សារព្រំ​ និង​វត្ត​សារវណ្ណ​។ ​ក្នុង​គម្រោង​ផ្លូវ​នេះ​ត្រូវ​បាន​ស្ថាបនា​ចាប់​តាំង​ពី​ថ្ងៃ​ទី២៤​ ខែ​មេសា​ឆ្នាំ​២០១៤​ និង​ស្ថាបនា​រួចរាល់​ជា​ស្ថាពរ​នៅ​ក្នុង​ខែតុលា​ ឆ្នាំ​២០១៥​នេះ​ ហើយ​ផ្លូវ​បេតុង​អាមេ​នេះ​បាន​ផ្តល់​ផល​ប្រយោជន៏​ដោយ​ផ្ទាល់​លើ​ប្រជាជន​ចំនួន​២៥០គ្រួសារ​ និង​ប្រជាជន​ក្នុង​ភូមិ​ទាំង​មូល​ប្រមាណ​ជាង​៨០០គ្រួសារ​ ដោយ​សារ​ផ្លួវ​នេះ​ជា​ផ្លូវ​ចូល​ទៅ​កាន់​ទី​អារាម​ និង​សាលារៀន​ ហើយ​បញ្ហា​ការ​កែ​លម្អ​ប្រព័ន្ធ​លូ​ គឺ​ជា​វិស័យ​មួយ​អាទិភាព​មួយ​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​របស់​​ជប៉ុន​សម្រាប់​កម្ពុជា​ហើយ​ជាក់​ស្តែង​គម្រោង​កែ​លម្អ​ប្រព័ន្ធ​លូ​ជា​ច្រើន​ត្រូវ​បាន​អនុវត្ត​ទាំង​ទី​ក្រុង​ និង​តំបន់​ជន​បទ​។

cpp-07-10-2015-001 cpp-07-10-2015-002 cpp-07-10-2015-003 cpp-07-10-2015-004

[youtube id= “puZF-kUKYXo”]