ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញប្រកាសសមាសភាពថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ខេត្តប៉ៃលិន


(28-09-2015) ប៉ៃលិន៖ រសៀល​ថ្ងៃទី​២៨​ ខែកញ្ញា​ ឆ្នាំ២០១៥​ នៅ​ខេត្តប៉ៃលិន​មាន​រៀបចំ​ប្រកាស​សមាសភាព​ថ្នាក់​ដឹកនាំ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​និង​ប្រគល់​ប្រាក់​មរណៈ​សង្គ្រោះ​ជូន​ដល់​សមាជិក​ ក្រោម​អធិ​បតីភាព​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ គន់​ គីម​ អគ្គ​បញ្ជា​ការរង​ នាយ​សេនា​ធិការ​ចំរុះ​នៃ​កង​យុទ្ធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​អគ្គលេខា​ធិការ​ សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ឯកឧត្តម​ ភួង​ ស៊ី​ ផាន​ អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​ការពារ​ជាតិ​ និង​ជា​អគ្គលេខា​ធិការង​សមាគម​អតីតយុទ្ធជន​កម្ពុជា​ ឯកឧត្តម​ កើត​សុធា​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តប៉ៃលិន​ និង​មាន​ការ​ចូលរួម​ពី​សំណាក់​ថ្នាក់​ដឹកនាំ​សមាគម​អតីត​យុទ្ធជន​ និវត្តន៏ជន​ និង​គ្រួសារ​អតីត​យុទ្ធជន​ ២២៣នាក់​។

​តាម​សេចក្តី​សម្រេច​របស់​គណៈ​កម្មា​ធិការ​សមាគម​អតីត​យុទ្ធជន​ ត្រូវ​បាន​ទទួល​ស្គាល់​ឯកឧត្តម​ កើត​សុធា​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តប៉ៃលិន​ជា​ប្រធាន​កិត្តិយស​សមាគម​អតីត​យុទ្ធជន​ លោក​ឧត្តម​សេនីយ៍ត្រី​ ព្រហ្ម​ប៉ាត​  មេបញ្ជា​ការ​តំបន់​ប្រតិបត្តិ​ការ​សឹករង​ខេត្តប៉ៃលិន​ជា​ប្រធាន​សមាគម​ លោកឧត្តម​សេនីយ៍ត្រី​ វ៉ាន់​ ណា​ឡុង​ មេ​បញ្ជា​ការកង​រាជ​អាវុធ​ហត្ថខេត្ត​ជា​អនុប្រធាន​ លោក​ឧត្តម​សេនីយ៍ត្រី​ ជា​ ចាន់​ឌិន​ ស្នង​ការ​នគរបាល​ខេត្តប៉ៃលិន​ជា​អនុប្រធាន​ លោក​ សាក់​ សាមឿន​ ប្រធាន​មន្ទីរ​សង្គមកិច្ច​និង​អតីត​យុទ្ធជន​ជា​អនុ​ប្រធាន​​ប្រចាំ​ការ​ និង​លោក​ ង៉ែត​ វុទ្ធី​ ជា​សមាជិក​គណៈ​កម្មា​ធិ​ការ​។

​បន្ទាប់​ពី​ លោក​ឧត្តម​សេនីយ៍ត្រី​ ព្រហ្ម​ប៉ាត​  ប្រធាន​សមាគម​បាន​ប្តេជ្ញា​ចិត្ត​រួច​មក​ ឯកឧត្តម​ កើត​សុធា​ ប្រធាន​កិត្តិយស​សមាគម​បាន​មាន​ប្រាសន៍​ថាៈ​ការ​រៀបចំ​ប្រកាស​សមាសភាព​ថ្នាក់​ដឹកនាំ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​និង​ប្រគល់​ប្រាក់​មរណៈ​សង្គ្រោះ​ជូន​ដល់​សមា​ ជិក​ អតីត​យុទ្ធជន​ពេលនេះ​គឺជា​ការ​យក​ចិត្តទុក​ដាក់​របស់​រាជរដ្ឋាភិ​បាល​កម្ពុជា​ចំពោះ​អតីតយុទ្ធ​ជន​អោយ​ពួក​គាត់​មាន​ជីវភាព​រស់​នៅ​សមរម្យ​។​ឯកឧត្តម​បន្តថាៈ​ខេត្តប៉ៃលិន​មាន​អតីត​យុទ្ធជន​សរុប​១៣៧២នាក់​ក្នុង​នោះ​គ្រួសារ​ពលី​១៧១​គ្រួសារ​ ជនមរណៈ​ចំនួន​៦២នាក់​ ជ​នពិការ​ចំនួន​៦៩៩នាក់​ និវត្តន៍​ជន​មាន​ចំនួន​៤២៣នាក់​ ជន​បាត់បង់​សម្បទា​មាន​ចំនួន​១៧នាក់​ និង​អ្នក​នៅ​ក្នុង​បន្ទុក​ចំនួន​២២៦០នាក់​។

​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ គន់​ គីម​ បាន​សម្តែង​នូវ​ការ​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​ថ្នាក់​ដឹកនាំ​ និង​មន្រ្តី​រាជការ​សមាគម​អតីត​យុទ្ធជន​ ដែល​កន្លង​មក​បាន​ខិតខំ​បំពេញ​ភារកិច្ច​អស់​ពីកម្លាំង​កាយចិត្ត​ ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ និង​ ទទួល​បាន​ស្នាដៃ​គួរ​ជាទី​មោទនៈ​។​ឯកឧត្តម​បន្តថាៈ​យោង​តាម​ខ្លឹម​សារ​នៃ​តាម​សេចក្តី​ណែនាំ​របស់​មហា​សន្និបាត​ សមាគម​អតីត​យុទ្ធជន​កម្ពុជា​ទូទាំង​ប្រទេស​លើកទី២​ ដែល​បាន​ដាក់​ចេញ​ទិស​ដៅ​ក្នុង​ការ​រៀបចំ​ លិខិត​បទ​ដ្ឋាន​គតិយុទ្ធ​ រចនា​សម្ព័ន្ធ​ និង​របៀប​របប​ការងារ​ឲ្យមាន​ប្រសិទ្ធភាព​។​ដូច្នេះ​ការ​កែ​សម្រួល​ថ្នាក់ដឹក​នាំ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្តប៉ៃលិន​គឺ​ផ្តើម​ចេញ​សេចក្តី​សម្រេច​របស់​មហា​សន្និបាត​សមាគម​អតីត​យុទ្ធជន​ សំដៅ​ធ្វើ​អោយ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​បំពេញ​ការងារ​ទទួល​ខុស​ត្រូវ​ និង​ឆ្លើយ​តប​ទាន់​ពេល​វេលា​ដល់​សមាជិក​សមាជិការ​ អោយ​បាន​សក្តិសម​ទៅ​និង​ពលីកម្ម​ធំធេង​ និង​មិន​អាច​កាត់​ថ្លៃ​បាន​របស់​អតីត​យុទ្ធជន​។

​ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍​ គន់​ គីម​ បាន​ផ្តាំ​ផ្ញើ​ដល់​មន្ត្រី​សមាគមន៏​គ្រប់​ថ្នាក់​ ត្រូវ​គោរព​ និង​អនុវត្តន៏​ឲ្យ​បាន​ត្រឹម​ត្រូវ​ តាម​លក្ខន្តិកៈ​របស់​សមាគម​ ទាំង​របៀប​របប​ធ្វើ​ការតាម​គោល​ការណ៍​ប្រជាធិប​តេយ្យ​ប្រមូល​ផ្តុំ​ សមូហ​ភាព​ជា​អ្នកដឹក​នាំ ​បុគ្គល​ទទួល​ខុស​ត្រូវ ​ហើយ​គណៈ​កម្មាធិការ​ គ្រប់ថ្នាក់​ត្រូវ​អនុវត្ត​ការ​ ប្រជុំ​ឲ្យបាន​ទៀង​ទាត់​តាម​ការ​កំណត់​។

​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ លោក​នាយ​ឧត្តមសេនីយ៍​ គន់​ គីម​ បាន​បើក​ប្រាក់​បេឡា​មរណៈ​សង្គ្រោះ​ដល់​គ្រួសារ​អតីត​យុទ្ធជន​ចំនួន​២៣​គ្រួសារ​ ដោយ​ក្នុង​មួយ​គ្រួសារ​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន​៤លានរៀល​ និ​ងបាន​ឧបត្ថម្ភ​បន្ថែម​ដល់​សមាជិក​ចូលរួម​២០០ពាន់​នាក់​ ដោយ​ក្នុងម្នាក់ៗ​ទទួល​បាន​អង្ករ​២០គីឡូក្រាម​ និង​ ថវិកា​ចំនួន​៤ម៉ឺនរៀល​។ ​សមាគមក៏​បាន​ទទួល​ថវិកា​ ពី​សប្បរសជន​នានា​បាន​ជាង​៤០លានរៀល​ផងដែរ​៕

cpp-29-09-2015-001 cpp-29-09-2015-002 cpp-29-09-2015-003 cpp-29-09-2015-004

[youtube id= “9fUnOtPYVk0”]