ប្រជាពលរដ្ឋចំនួន១៦គ្រួសារ នៅក្នុងភូមិអូរប្រឹស ទទួលបានជំនួយមនុស្សធម៌ពីកាកបាទក្រហម


ថ្ងៃចន្ទ ១០រោច ខែខេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងឯកឧត្តម ហុក សុផល អភិបាលរងខេត្ត ក្នុង​នាម​លោកជំទាវ បាន ស្រី​មុំ ប្រធាន​គណកម្មាធិការ​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន រួមនឹង លោក- លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត សមាជិក សមាជិការគណកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត អនុគណៈកម្មការ​សាខា​កាកបាទក្រហម​ក្រុងប៉ៃលិន យុវជន​កាកបាទក្រហម យុវជន ស​.​ស​.​យ​.​ក និង​អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និង​នាំ​យកអំណោយមនុស្សធម៌របស់សាខា​កាកបាទក្រហម​ខេត្ត ទៅ​ឧបត្ថម្ភ​ជូន​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ ចំនួន១៦គ្រួសារ នៅ​ភូមិអូរប្រើស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ​ខេត្ត​ប៉ៃលិន ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ក្នុងមានលោកជំទាវបាន ស្រីមុំ ប្រធាន​គណកម្មាធិការ​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន បានមានប្រសាសន៍សំដែងការសោកស្តាយ អាណិតអាសូរដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដែលបច្ចុប្បន្នកំពុងប្រឈមនឹងការលំបាកខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។ ឯកឧត្តមបានមានប្រសាសន៍ថា លោកជំទាវបាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន និងជាប្រធាន​គណកម្មាធិការ​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន តែងមានការនឹករលឹក គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ហើយតែងតែជួយសង្រ្គោះដល់ប្រជាពលរដ្ឋជានិច្ច នៅទីណាមានប្រជាពលរដ្ឋរងគ្រោះ ជួបភាពអត់ឃ្លាន តែងមានវត្តមានលោកជំទាវមកជួយជានិច្ច ដែលនេះជាទម្លាប់ ជាទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់លោកជំទាវតាំងពីដើមរៀងមក។ ឯកឧត្តមក៏បានមានប្រសាសន៍ពាំនាំការផ្តាំផ្ញើរពីសំណាក់លោកជំទាវ បាន ស្រីមុំ សូមអោយប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នថែទាំសុខភាពអោយបានល្អ ព្រោះពេលនេះអាកាសធាតុក្តៅខ្លាំង ងាយប្រឈមនឹងជម្ងឺផ្សេងៗ ពិសេសត្រូវប្រុងប្រយ័ត្នបញ្ហាគ្រោះធម្មជាតិ មានខ្យល់កន្រ្តាក់ រន្ទះបាញ់ជាដើម ដោយត្រូវធ្វើផ្ទះសំបែងអោយបានមាំទាំ និងជៀសវាងការដើរហាលភ្លៀងជាដើម។

​        សូមបញ្ជាក់ថា​ អំណោយដែលសាខាកាកបាទក្រហមកម្ពុជាសាខាខេត្តប៉ៃលិន ចែកជូនប្រជាពលរដ្ឋរងគ្រោះទាំង ១៦គ្រួសារ នាឱកាសនោះ មានក្នុង១គ្រួសារៗទទួលបាន អង្ក ៣០គីឡូក្រាម មុង១ ត្រីខ ១០កំប៉ុង មី ៣០កញ្ចប់ សារុង១ អាវ១ មុងធំ ១ និងថវិកាចំនួន ៧ម៉ឺនរៀលផងដែរ៕ វួច ពឿន